កម្ពុជា

ACU ​ឃាត់ខ្លួន​​លោក​​អាំង មាលតី ​ពាក់ព័ន្ធ​​រឿង​​ពុក​រលួយ​​ក្នុង​​សំណុំរឿង​​គ្រឿង​​ញៀន​

អង្គភាព​ប្រឆាំង​អំពើពុករលួយ
អង្គភាព​ប្រឆាំង​អំពើពុករលួយ

អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឃាត់ខ្លួន​លោក​អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ថ្ងៃ​សុក្រ​ម្សិលមិញ ពាក់ព័ន្ធ​អំពើពុករលួយ​មួយ​ក្នុង​សំណុំរឿង​គ្រឿងញៀន។ លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​ថា លោក​អាំង មាលតី នឹងត្រូវ​បញ្ជូនទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​នៅ​រសៀល​ថ្ងៃអាទិត្យ​ស្អែក​នេះ។

ផ្សាយពាណិជ្ជកម្ម

អតីត​ប្រធាន​តុលាការក្រុង​ភ្នំពេញ​លោក​អាំង មាលតី ដែល​ត្រូវបាន​ដក​ចេញពី​តំណែង​កាលពីដើមឆ្នាំ២០១៥នេះ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន ហើយ​នៅពេលនេះ កំពុង​ត្រូវបាន​បន្ត​សាកសួរ​ទាក់ទង​នឹង​អំពើពុករលួយ​មួយ​នៅក្នុង​សំណុំរឿង​គ្រឿងញៀន។

លោក​ឱម យ៉ិ​ន​ទៀត ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់ថា លោក​អាំង មាលតី ត្រូវបាន​រកឃើញថា បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការទទួលយក​រថយន្ត Audi មួយគ្រឿង​ពី​ឈ្មោះ ថាវ ថា​វី។ បើតាម​លោក​ឱម យ៉ិនទៀង ករណីនេះ​បានកើត​ឡើង​កាលពី​អំឡុង​ចុងឆ្នាំ២០១៤ និង ដើមឆ្នាំ២០១៥ ដោយ​លោក​អាំង មាលតី ដែល​កាលណោះ ជា​ប្រធាន​តុលាការក្រុង​ភ្នំពេញ បាន​កេង​យក​រថយន្ត​Audi មួយគ្រឿង​របស់លោក​ថា​វ ថា​វី ដែល​ត្រូវបាន​តុលាការ​ផ្ទ​ន្តា​ទោស​ដាក់ពន្ធនាគារ​ពីរ​ឆ្នាំ តែ​អនុវត្ត​ទោស​តែ៨ខែ​ប៉ុណ្ណោះ ពាក់ព័ន្ធ​រឿង​គ្រឿងញៀន។

​យ៉ាងណាក៏ដោយ អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនទាន់​បានសម្រេច​ចោទប្រកាន់​លោក​អាំង មាលតី​ក្នុង​បទ​ចោទ​ពុករលួយ​ប្រភេទ​ណាមួយ​នៅឡើយ​ទេ ដោយ​រង់ចាំ​ឲ្យ​ក្រុមអ្នកច្បាប់​បញ្ចប់​នីតិវិធី​សាកសួរ​ជាមុនសិន។ ទោះជា​បែបនេះ​ក្តី លោក​ឱម យ៉ិ​ន​ទៀត បាន​គូសបញ្ជាក់ថា លោក​អាំង មាលតី នឹងត្រូវ​បញ្ចូនទៅ​កាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​ឲ្យ​លើសពី​ម៉ោង១២ ថ្ងៃអាទិត្យ​ស្អែក​នេះ​នោះទេ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់។

សូមបញ្ជាក់ថា លោក​អាំង មាលតី ត្រូវបាន​ដកចេញ​ពី​ដំណែង​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០១៥ ។ ការដកតំណែង​នេះ បានធ្វើ​ឡើងភ្លាមៗ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រតិកម្មខ្លាំងៗលើ​តុលាកា​និង​ស្នើ​ឱ្យធ្វើ​អធិការកិច្ច ក្រោយពី​មានការ​សម្រេច​ដោះលែង​ឪពុកម្តាយ​របស់លោក​ឧក​ញ៉ា ថោង សារ៉ាត់​ឱ្យនៅ​ក្រៅ​ឃុំ​កាលពីដើម​ខែកុម្ភៈ។ 

លោក​ឱម យ៉ិ​ន​ទៀត បាន​សង្កត់ធ្ងន់ថា ការឃាត់ខ្លួន​លោក​អាំង មាលតី​នៅពេលនេះ គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ឪពុកម្តាយ​លោក​របស់​ឧក​ញ្ញា​ថោង សារ៉ាត់​នោះឡើយ ពោល គឺជា​រឿង​ពីរ​ផ្សេង​ពីគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI