ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត៖ភ្ញៀវទេសចរចូលរួមជាង១,៦លាននាក់និងរកចំណូលបាន៩៥លានដុល្លារ
ចុះផ្សាយនៅថ្ងៃ៖
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលធ្វើឡើងក្នុងខេត្តសៀមរាបបានបិទបញ្ចប់ហើយកាលពីយប់មិញនេះ។ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកនេះថា គិតចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ មេសានៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ មានភ្ញៀវទេសចរចំនួនជាង១លាន៦សែន៣ម៉ឺននាក់បានចូលរួម គឺបានកើនឡើង២២,៧៣%បើប្រៀបធៀបកាលពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំមុន។
នៅក្នុងចំណោមភ្ញៀវទេសចរទាំងជាង១លាន៦សែននាក់នេះ មានភ្ញៀវទេសចរជាតិចំនួន១លាន៦សែននាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន៣ម៉ឺន១ពាន់៨រយនាក់។ ភ្ញៀវទេសចរជាតិបើប្រៀបធៀបកាលពីឆ្នាំទៅ គឺបានកើនឡើង២៣,០៧ភាគរយ ឯភ្ញៀវទេសចរអន្តរជាតិវិញ បានកើនឡើង៧,៨០ភាគរយ។
ដោយឡែកទាក់ទងនឹងចំណូលពីភ្ញៀវទេសចរទាំងអស់នេះវិញ លោករដ្ឋមន្ត្រីថោង ខុន បានបង្ហាញថា ខេត្តសៀមរាបរកចំណូលប្រមាណ៩៥លានដុល្លារអាមេរិកនៅក្នុងរយៈពេល៤ថ្ងៃនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើទឹកដីអង្គរនេះ។ បើតាមលោកថោង ខុន ក្នុងរយៈពេល៤ថ្ងៃនេះ ភ្ញៀវទេសចរជាតិបានចំណាយជាមធ្យមចំនួន៥០ដុល្លារក្នុងម្នាក់ ខណៈភ្ញៀវទេសចរអន្តរជាតិចំណាយដល់ទៅ៥០០ដុល្លារជាមធ្យមក្នុងម្នាក់។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅឆ្នាំ២០១៧នេះ បានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ មេសា។ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរភាគច្រើនបានទៅដល់ខេត្តសៀមរាបតាំងពីថ្ងៃទី១៣ មេសា គឺមុនមួយថ្ងៃនៃព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ។ សម្រាប់ឆ្នាំនេះ ការចំណាយលើការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមិនត្រូវបានក្រុមអ្នករៀបចំបង្ហាញឲ្យដឹងតួលេខនោះទេ។ នេះបើតាមលោកអ៊ឹង វីរៈ ដែលជាអ្នកនាំពាក្យនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានបញ្ជាក់ថា ដោយសារតែថវិកានៃការរៀបចំបានមកពីការគៀងគរពីសំណាក់សប្បុរជន និងការឧបត្ថម្ភនានាដែលជាហេតុនាំឲ្យពិបាកក្នុងគណនារកតួលេខពិតប្រាកដ។
យ៉ាងណាក៏ដោយសម្រាប់លោករដ្ឋមន្ត្រីទេសចរកម្ពុជាថោង ខុន ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលទើបតែបញ្ចប់ទៅនេះ បានរៀបចំឡើងល្អជាងឆ្នាំមុនៗ ដោយសារតែបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ហាអនាម័យ គឺសុទ្ធតែប្រព្រឹត្តិទៅដោយដំណើរការល្អ ដែលលោកចាត់ទុកថា គឺជាជោគជ័យ។ ក៏ប៉ុន្តែនៅយប់បិទបញ្ចប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនោះ យុវតីម្នាក់អាយុ១៨ឆ្នាំបានស្លាប់បាត់បង់ជីវិតដោយសារតែចរន្តអគ្គិសនីឆក់ នៅពេលកំពុងលេងកម្សាន្តនៅPubStreet ក្នុងខេត្តសៀមរាប។ បើតាមអាជ្ញាធរខេត្តសៀមរាប មូលហេតុនៃការឆក់នេះ គឺដោយសារតែភ្ញៀវទេសចរនាំគ្នាលេងបាញ់ទឹកនៅទីនោះ ហើយប៉ះនឹងភ្លើងអគ្គិសនីដែលគេរៀបចំលម្អព្រោងព្រាតទើបបណ្តាលឲ្យឆក់ស្លាប់ដូច្នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ