កម្ពុជា-អប់រំ

សៀវភៅ​ជាង​៣០​ម៉ឺន​ក្បាល​លក់​ចេញ នៅ​ក្នុង​ពិព័រណ៍​សៀវភៅ​កម្ពុជា​រយៈ​ពេល​បី​ថ្ងៃ

រូបថតៈទិដ្ឋភាពថ្ងៃចុងក្រោយនៃពិព័រណ៍សៀវភៅ
រូបថតៈទិដ្ឋភាពថ្ងៃចុងក្រោយនៃពិព័រណ៍សៀវភៅ @Cambodia book Fair

ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​០៨ ឆ្នាំ២០១៩នេះ បាន​បិទ​បញ្ចប់ហើយ នៅ​ល្ងាច​ថ្ងៃ​អា​ទិត្យ​នេះ បន្ទាប់​ពី​បើក​ឲ្យ​មហាជន​ខ្មែរ​ទូទៅ​បាន​ចូល​ទស្សនា​និង​ជាវ​សៀវភៅ​ក្នុង​រយៈ​ពេល​បីថ្ងៃមក​នេះ។ ក្នុង​រយៈ​ពេល​បី​ថ្ងៃ​មក​នេះ សៀវភៅ​យ៉ាង​ហោច​ណាស់​ជាង​៣០​ម៉ឺន​ក្បាល ត្រូវបានលក់​ចេញ ខណៈ​ចំនួន​អ្នក​ចូល​រួម​ទស្សនា​បាន​កើន​ឡើង​ដល់​១៧​ម៉ឺន​នាក់។

ផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​ការ​គណនា​ត្រួសៗ ចំនួន​អ្នកចូល​រួម​ទស្សនា​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​០៨​ក្នុង​រយៈ​ពេល​បី​ថ្ងៃ ដែល​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​បរិវេណ​បណ្ណាល័យ​ជាតិ​ក្នុង​ក្រុង​ភ្នំពេញ​មាន​ចំនួន​ជាង១៧​ម៉ឺន​នាក់។ ចំនួន​នេះ បាន​កើន​ឡើង​ជាង​៤ម៉ឺន​នាក់ បើ​ធៀប​នឹង​ពិព័រណ៍​សៀវភៅ​កម្ពុជាកាល​ពី​ឆ្នាំមុ​ន ដែល​មាន​ចំនួន​ជាង​១៣​ម៉ឺន​នាក់។ នេះ​បើ​តាម​ការ​គណនា​ត្រួសៗ​របស់​លោក ហុក សុទ្ធិ នាយក​អង្គការស៊ីប៉ា និង​ជា​តំណាង​គណៈកម្មការ​រៀបចំ​ពិព័រណ៍​សៀវភៅ​កម្ពុជា។

សូម​បញ្ជាក់ថា ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​០៨ បាន​បិទ​បញ្ចប់​ហើយ នៅ​ល្ងាច​ថ្ងៃ អាទិត្យ ទី១៥ ធ្នូនេះ បន្ទាប់​ពី​បើក​អស់​រយៈ​ពេល​បី​ថ្ងៃ ចាប់​តាំង​ពី​ថ្ងៃ​ទី ១៣ ធ្ន​មក។ លោក ហុក សុទ្ធិ នាយក​អង្គការ​ស៊ីប៉ា និង​ជា​ប្រធាន​សមាគម​បណ្ណារក្ស​និង​ឯកសារ​វិទូ​កម្ពុជា និង​ជា​អនុប្រធានសមាគម​អ្នក​បោះ​ពុម្ព​ផ្សាយ​កម្ពុជា​ផង​នោះ បាន​គូស​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​សៀវភៅជាង​៣០​ម៉ឺនក្បាល ត្រូវ​បាន​លក់​ចេញ នៅ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​មក​នេះ។ ហើយ​ថា តាម​រយៈពិព័រណ៍​សៀវភៅ​កម្ពុជា​រយៈ​ពេល​បី​ថ្ងៃ​មក​នេះ បាន​ធ្វើ​ឲ្យ​ចរន្ត​ប្រាក់​ជាង​១​លាន​ដុល្លា​រហូ​ចេញពី​ហោ​ប៉ៅ​របស់​អ្នក​អាន ចូល​ទៅ​កាន់​ហោប៉ៅ​របស់​អ្នក​និពន្ធ និង​អ្នក​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុងប្រទេស​កម្ពុជា ដែល​បាន​ដាក់​ស្តង់​លក់​សៀវភៅ​ចំនួន​១៤០​ស្តង់។ ចំនួន​ស្តង់​នេះ ក៏​បាន​កើនឡើង​ផង​ដែរ បើ​ធៀប​នឹង​ឆ្នាំ​មុន​ដែល​មាន​ត្រឹម​តែ​១១៥​ស្តង់។ ការ​កើន​ឡើង​ទាំង​ចំនួន​ស្តង់ និង​កំណើន​នៃ​អ្នក​ចូល​រួម បាន​ត្រូវ​ឲ្យ​គណៈកម្មកា​រៀបចំ​ពិព័រណ៍​សៀវភៅ​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ ពិចារណា​ក្នុង​ការ​ស្វែង​រក​ទី​តាំង​ថ្មី។

ជាមួយ​នឹង​កំណើន​នៃ​អ្នក​ចូល​រួម​ទស្សនា​ពិព័រណ៍​សៀវភៅ​កម្ពុជា​រយៈ​ពេល​បី​ថ្ងៃ​មក​នេះ ត្រូវបាន​លោក ហុក សុទ្ធិ ចាត់ទុកថា គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បញ្ជាក់​ថា យុវជន​កម្ពុជា​បានចាប់​អារម្មណ៍​ការ​អាន​សៀវភៅ​ច្រើន​ជាង​មុន បើ​ទោះ​បី​ជា​មិន​ទាំង​អស់​ក្តី។

គួរ​ជំរាប​ជូន​ថា ក្រៅ​ពីពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​០៨​នេះ ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា​លើកទី០២ ដែល​រៀប​ចំឡើង​នៅ​ឯមូលដ្ឋាន​ទ័ព​អាកាស​កម្ពុជា​ពោធិ៍ចិនតុង ក៏​ទទួល​បានការ​ចូល​រួម​ទស្សនា​ច្រើន​កុះករ​ផងដែរ។ ពិព័រណ៍នេះ មាន​ការ​តាំង​បង្ហាញ​យន្តហោះ​ ឧទ្ធម្ភាគចក្រ យន្តហោះ​ឯកជននិងយន្តហោះ​​យោធា​ជាច្រើន​គ្រឿង​។ ពិព័រណ៍​យន្តហោះនិង​បច្ចេកវិទ្យា​នេះ សហការ​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និងកីឡា បញ្ជាការដ្ឋាន​កងទ័ព​អាកាសយានដ្ឋាន​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង និង​ក្រុមហ៊ុនឯកជន​ទាំង​ក្នុងនិង​ក្រៅប្រទេសផងដែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI