គណៈកម្មាធិការគ្រប់គ្រងឆ្នេរសមុទ្រនឹងស្នើរដ្ឋាភិបាលកាត់ចំណែកកំពង់ផែឲ្យក្រុមហ៊ុនឧកញ៉ាគិត ម៉េង ដំណើរការអភិវឌ្ឈកោះរ៉ុង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅព្រឹកថ្ងៃសុក្រនេះបានរៀបចំកិច្ចពិភាក្សាមួយជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់លោកឧកញ៉ាគិត ម៉េង ដើម្បីរកដំណោះលើការសាងសង់កំពង់ផែលើកដាក់សម្ភារៈនៅឆ្នេរអូរត្រេះសម្រាប់បម្រើការអភិវឌ្ឍនៅលើកោះរ៉ុង។ គណៈកម្មាធិការនេះបានសម្រេចថា នឹងស្នើទៅរដ្ឋាភិបាលដើម្បីសុំកាត់ចំណែកណាមួយនៃកំពង់ផែអន្តរជាតិក្រុងព្រះសីហនុសម្រាប់បម្រើដល់ការអភិវឌ្ឈកោះរ៉ុងជំនួសការសាងសង់នៅលើឆ្នេរអូត្រេះ។
បន្ទាប់ពីបានជួបប្រជុំគ្នាជាមួយលោកឧកញ៉ាគិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង អាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀតនោះ គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាដែលដឹកនាំកិច្ចប្រជុំដោយលោកអ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងដែនដី និង លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសសចរណ៍ បានឯកភាពថា នឹងស្វែងរកទីតាំងសមស្រប ដើម្បីដើម្បីសាងសង់ផែនៅតំបន់ឆ្នេរសមុទ្រក្រុងព្រះសីហនុដើម្បីបម្រើការអភិវឌ្ឍកោះរ៉ុង។
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និង ជាអ្នកនាំពាក្យកិច្ចប្រជុំនេះ បានបញ្ជាក់ថា ទីតាំងសមស្របដែលគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាឯកភាពគ្នានោះ គឺនឹងស្នើសុំទៅកាន់រដ្ឋាភិបាល ដើម្បីកាត់ចំណែកណាមួយនៃកំពង់ផែអន្តរជាតិក្រុងព្រះសីហនុសម្រាប់បម្រើដល់ការអភិវឌ្ឈកោះរ៉ុង។
សូមរំលឹកជូនថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប(Royal Group)របស់លោកឧកញ៉ា គិត ម៉េង បានសាង់សង់កំពង់ផែមួយនៅលើក្បាលដី៤០ម៉ែត្រ ជម្រៅ១៥ម៉ែត្រ នៅតាមបណ្តោយឆ្នេរខ្សាច់អូរត្រេះ ដើម្បីលើកដាក់សម្ភារៈសម្រាប់បម្រើការសាងសង់នានានៅលើកោះរ៉ុង និង សម្រាប់ដឹកភៀវទេសចរទៅកម្សាន្តល់កោះនេះផងដែរ។ ក៏ប៉ុន្តែកាលពីថ្ងៃទី២០ មករា កន្លងទៅ រដ្ឋាភិបាលកម្ពុជាសម្រេចឲ្យក្រុមហ៊ុននេះរុះរើចេញវិញ ដោយសារមិនមានការអនុញ្ញាតឲ្យសាងសង់។ បន្ថែមលើនេះ រដ្ឋាភិបាល ក៏បានសម្រេចឲ្យក្រុមហ៊ុននេះ ត្រូវសិក្សារកទីតាំងថ្មីដែលមានលក្ខណៈសមស្របមិនប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរខ្សាច់កម្សាន្តសម្រាប់ទេសចរណ៍ និងត្រូវមានការអនុញ្ញាតពីគណៈកម្មាធិការជាតិគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជាទើបអាចដំណើរការសាងសង់បាន។
ឆ្លងតាមកិច្ចប្រជុំនៅព្រឹកមិញនេះ និងបើតាមអ្នកនាំពាក្យកិច្ចប្រជុំ គឺថាក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប(Royal Group)យល់ព្រមនឹងកែសម្រួលទៅតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលកម្ពុជា ដែលសម្រេចឲ្យក្រុមហ៊ុនរុះរើសំណង់របស់ខ្លួននោះ។ ក្រុមហ៊ុន ក៏បានគាំទ្រចំពោះការថែរក្សាតំបន់ឆ្នេរសុមទ្រកម្ពុជាប្រកបដោយស្ថិរភាពផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ