កម្ពជា

ប្រធាន​​ការ​បោះឆ្នោត​​ខេត្ត​​ត្បូង​ឃ្មុំ​​ទាត់​ចោល​​រឿង​​ថា ​បាន​ប្រគល់​​សិទ្ធិ​​ឲ្យ​​បក្ស​​ប្រជាជន​​ប្រចាំ​ខេត្ត​​ជ្រើស​រើស​​មន្ត្រី​​គ.ជ.ប​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប)
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប)

លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្ត​ត្បូង​ឃុំ បាន​ចេញមុខ​ទាត់ចោល​នូវ​ការលើកឡើង​របស់​គណ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​នៅ​ខេត្ត​ត្បូងឃ្មុំ​ដែលថា គណៈកម្មាធិការ​រៀបចំ​បោះឆ្នោត​ខេត្ត​នេះ​បានប្រគល់​សិទ្ធិ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ជ្រើសរើស​មន្ត្រី​សម្រាប់​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០១។ នេះ​បើតាម​លិខិត​បំភ្លឺ​របស់​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្ត​ត្បូង​ឃ្មុំ​កាលពី​ថ្ងៃ​ម្សិលមិញ និង​ដល់ដៃ​សារព័ត៌មាន​នៅថ្ងៃនេះ។

ផ្សាយពាណិជ្ជកម្ម

ការបំភ្លឺ​របស់​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្ត​ត្បូង​ឃុំ​នេះ ជា​ឆ្លើយតប​ទៅនឹង​លិខិត​របស់​គណៈអចិន្ត្រៃយ៍​គ​ណៈ​ក​ម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ​ដែល​បាន​តម្រូវ​ឲ្យ​ប្រធាន​គណបក្ស​ក្រុង ស្រុក​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ជ្រើសរើស និង​បញ្ជូន​បញ្ជី​ឈ្មោះ​បេក្ខជន​សម្រាប់​បម្រើការ​ចុះឈ្មោះ​បោះឆ្នោត​មកកាន់​មន្ទីរ​គណបក្ស​ខេត្ត ហើយ​ថែមទាំង​ឲ្យ​ប្រធាន​គណបក្ស​មកជួប​ពិភាក្សា​សម្របសម្រួល​ដោយផ្ទាល់​ថែមទៀត​ជាមួយនឹង​គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត។

លោក​ឯម ដេ​ត ប្រធាន​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំខេត្ត​ត្បូងឃ្មុំ បានបញ្ជាក់​នៅក្នុង​លិខិត​នោះ​ថា ការអនុញ្ញាតិ​ឲ្យ​ជ្រើសរើស​នេះ គឺ​បន្ទាប់ពី​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​នៅ​ខេត្ត​ត្បូងឃ្មុំ និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ថ្នាក់​ខេត្ត​កាលពី​ថ្ងៃទី១៣ ខែកក្កដា បាន​ឯកភាព​ប្រគល់ជូន​គណៈអចិន្ត្រៃយ៍​គ​ណ​បក្ស​ក្រុង ស្រុក ជា​អ្នកពិនិត្យ​ជ្រើសរើស​បេក្ខជន​ចំនួន២រូប​ក្នុង​មួយ​ឃុំ​សង្កាត់ សម្រាប់​ធ្វើជា​ប្រធាន​ក្រុម​ចុះឈ្មោះ​បោះឆ្នោត និង​ការីកុំព្យូទ័រ។

ជុំវិញ​បញ្ហា​នេះ លោក​សុខ ឈិន ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្ត​ត្បូង​ឃុំ​បាន​ចេញមុខ​បដិសេធ​ទាំងស្រុង ដោយ​គូសបញ្ជាក់ថា លោក​ឯម ដេ​ត បាន​សរសេរ​បំផ្លើស​ហួស​ពី​ការពិត។ តាមរយៈ​លិខិត​បំភ្លឺ​មួយ​ជូន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប) លោក​សុខ ឈិន បាន​លើកឡើងថា កាលពី​ថ្ងៃទី១៣ កក្កដា លោក​បាន​ជួប​ជាមួយ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​គ្រាន់តែ​បានស្នើ​សុំ​ឲ្យ​គាត់​ជួយ​ផ្សព្វផ្សាយ​ស្តីពី​ការជ្រើសរើស​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​របស់​គ.ជ.ប តែប៉ុណ្ណោះ។ បន្ថែម​លើ​នេះ លោក​ក៏បាន​អះអាង​ដែរ​ថា ពុំបាន​ដឹង ពុំ​បានឮ​ទាល់តែសោះ​អំពី​ការ​ថា មានការ​ពិភាក្សាគ្នា​ណាមួយ​ជុំវិញ​រឿងនេះ។ ដូច្នេះហើយ លោក​សុខ ឈិន​ថា លោក​ហួសចិត្ត​ជាខ្លាំង​បន្ទាប់ពី​ឃើញ​លិខិត​នេះ។

សូមបញ្ជាក់ថា គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាស​ជ្រើសរើស​មន្ត្រី​ចុះឈ្មោះ​ឆ្នោត​ជាប់កិច្ចសន្យា​រយៈពេល​ខ្លី​តាម​ខេត្ត​ក្រុង​នានា​ជាច្រើន​នាក់ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ចុះឈ្មោះ​ការបោះឆ្នោត​ឆ្នាំ២០១។ បើតាម​មន្ត្រី​គ.ជ.ប ការជ្រើសរើស​នេះ គឺមាន​ភាព​តឹងតែង​ម៉ឹងម៉ាត់ យុត្តិធម៌​និង​ច្រើន​នីតិវិធី​ផងដែរ ដែល​គ្មាន​អ្នកណា​ហ៊ាន​បំពាន​នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI