កម្ពុជា

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​អាច​ប្រឈម​នឹង​បទល្មើស​ជាក់​ស្ដែង បើ​មិន​ចូល​ទៅ​បំភ្លឺ​តាម​ដីកា​កោះ

លោក ឡុង រី និង​លោក​ស្រី មួរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ដំណើរ​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ថ្ងៃ​ទី​១៩ មេសា ២០១៧
លោក ឡុង រី និង​លោក​ស្រី មួរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ដំណើរ​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ថ្ងៃ​ទី​១៩ មេសា ២០១៧

លោក ឡុង រី និង​លោក​ស្រី មួរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ប្រឈម​នឹង​បទ​ល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្ដែង ប្រសិន​បើ​មិន​ចូល​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​។ តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​កោះ​ហៅ​អ្នក​ទាំង​ពីរ​ទៅ​សាកសួរ​ក្នុង​នាម​ជា​សាក្សី ពី​ករណី​នាយក​រង​វិទ្យុ​អាស៊ី​សេរី​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​លោក គឹម សន្តិភាព អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​។

ផ្សាយពាណិជ្ជកម្ម

ការ​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ អាច​ប្រឈម​មុខ​នឹង​បទ​ចោទ បដិសេធ​ក្នុង​ការ​ចូល​ខ្លួន តាម​មាត្រា​៥៣៨ នៃក្រម​ព្រហ្មទណ្ឌ ដែល​តុលាការ​ចាត់​ទុក​ថា ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្ដែង​។ នេះ​បើ​តាមអ្វី​ដែល​​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ពុធ​នេះ​។  ការ​គូស​បញ្ជាក់​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ឡុង រី និង​លោកស្រី មួរ សុខហួរ ត្រូវ​សម្រេច​ចិត្ត ថា​តើ​ត្រូវ​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ នៅ​ថ្ងៃ​ទី​២៧ និង ២៨​មេសា ដែរ​ឬ​ទេ​?

 

សូម​ជម្រាប​ថា តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២១​មេសា​កន្លង​ទៅ បាន​ចេញ​ដីកា​កោះ​ហៅ​លោក ឡុង រី និង​លោក​ស្រី មួរ សុខហួរ ទៅ​សាកសួរ​ក្នុង​នាម​ជា​សាក្សី ពី​​ករណី​នាយក​រង​វិទ្យុ​អាស៊ី​សេរីដែល​តុលាការ​អះអាង​ថា​បាន​​បន្លំ​ចូល​ពន្ធនាគារ។

នៅ​ថ្ងៃ​ពុធ​នេះ វិទ្យុ​បារាំង​អន្ដរជាតិ RFI មិន​អាច​ទាក់ទង​លោក ឡុង រី ដើម្បីសុំ​ការ​បំភ្លឺ​បាន​ទេ។ ប៉ុន្តែ​លោក​ស្រី មួរ សុខហួរ បាន​បញ្ជាក់​ប្រាប់ RFI ពី​ខេត្ត​បាត់ដំបង​ថា តំណាង​រាស្ត្រ​បក្ស​ប្រឆាំង គ្មាន​បំណង​គេច​វេស​ពី​ការ​កោះ​ហៅ​របស់​​តុលាការ​ទេ ប៉ុន្តែនីតិវិធី​នៃ​ការ​ចូល​បំភ្លឺ​នោះ​យ៉ាង​ណា អនុ​ប្រធាន​គណបក្ស​ប្រឆាំង លោក​ស្រី មួរ សុខហួរ ថា ខ្លួន​កំពុង​តែ​ពិភាក្សា​ជាមួយ​មេធាវី​បន្ថែម​ទៀត​។

គួរ​រំលឹក​ជូន​ថា កាល​ពី​ថ្ងៃ​ទី​១៩​មេសាកន្លង​ទៅ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោកស្រី មួរ សុខហួរ និង​លោក ឡុង រី បាន​អញ្ជើញ​ទៅ​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ​​ដែល​ជា​​​សកម្មជន​របស់ខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស​។ នាយក​រង​វិទ្យុ​អាស៊ី​សេរី លោក ជុន ច័ន្ទបុត្រ ក៏បាន​ចូល​ទៅ​ពន្ធនាគារ​ជាមួយ​​តំណាង​រាស្ត្រ​ទាំងពីរ​រូប​ដែរ​ ដោយ​ប្រើ​ប្រាស់​ឈ្មោះពិត​របស់​លោក គឺ ហួត វុទ្ធី ប៉ុន្តែ​​បាន​ដាក់​តួនាទី​ថា​ជា​ជំនួយ​ការ​របស់​អ្នក​​តំណាងរាស្ត្រ​ទៅ​វិញ​។

ជា​ការ​កត់​សម្គាល់ នៅក្នុងការ​កោះ​ហៅ​តំណាង​រាស្ត្រ​ទៅ​បំភ្លឺ​នេះ លោក ឈាង វុន អ្នក​នាំ​ពាក្យគណបក្ស​ប្រជាជន​កម្ពុជា​នៅ​រដ្ឋសភា បានជំរុញ​ឲ្យ​អ្នក​តំណាង​រាស្ត្រ​ទៅ​បំភ្លឺ​ទៅ​តាម​ការ​កោះ​ហៅរបស់​តុលាការ ដើម្បី​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ និង​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ជាន់​ដាន​ចាស់​ដូច​ករណី​លោក កឹម សុខា​។ លោក កឹម សុខា ដែល​មិន​បាន​ចូល​ទៅ​បំភ្លឺ​តាម​ដីកា​កោះកាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ហើយ​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​៥​ខែ និង​ពិន័យ​ជា​ប្រាក់​៨​សែន​រៀល​​ ប៉ុន្តែ​ក្រោយ​មក​បាន​ទទួល​ព្រះ​រាជទាន​ទោស​ពីព្រះ​មហាក្សត្រ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI