កម្ពុជា-នយោបាយ

សង្គ្រោះ​ជាតិ ​ចោទ​រដ្ឋាភិបាល​ថា ​រំលោភ​រដ្ឋ​ធម្មនុញ្ញ​

អាជ្ញាធរ ដាក់របាំងបិទផ្លូវជាតិលេខ ២
អាជ្ញាធរ ដាក់របាំងបិទផ្លូវជាតិលេខ ២ @RFI/ Sun Mesa

គណបក្ស​​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា​នេះ នៅ​តែ​បន្ត​ដាក់​ញត្តិ​នៅ​តាម​បណ្តា​ស្ថាន​ទូត​ធំៗ​ ដែល​ជា​ប្រទេសហត្ថលេខី​នៃ​សន្ធិ​សញ្ញា​ទី​ក្រុង​ប៉ារីស បើ​ទោះ​បី​ជា​អាជ្ញាធរ​ពង្រាយ​កម្លាំង​ជា​ច្រើន​នាក់ និង​ជា​ច្រើន​ដំណាក់​ ដើម្បី​រារាំង​ការ​ដង្ហែ​ក្បួន។ ទន្ទឹម​នឹង​នេះ គណបក្ស​សង្គ្រោះ​ជាតិចោទ​រដ្ឋាភិបាល​ថា​រំលោភ​រដ្ឋធម្មនុញ្ញ​។ ​ប៉ុន្តែ​រដ្ឋាភិបាល​បាន​បដិសេធ ហើយ​ថា​សង្គ្រោះ​ជាតិ​គ្មាន​សមត្ថភាព​គ្រប់​គ្រង​ស្ថាន​ការណ៍។

ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្គ្រោះជាតិ​ហៅ​ការ​រារាំង​របស់​រដ្ឋាភិបាល​ដែល​ដាក់​កម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​ដំណាក់កាល​មិន​ឱ្យ​ដង្ហែ​ញត្តិ​នោះ​ថា ជា​ការរំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​ធានា​សិទ្ធិ​ក្នុង​ការជួប​ជុំ។ ប៉ុន្តែ​រដ្ឋាភិបាល​វិញ​បាន​ចោទ​គណបក្ស​ប្រឆាំង​ថា មិន​ស្គាល់​ច្បាប់ និង​មិន​មាន​សមត្ថភាព​ក្នុង​ការ​ការពារ​សន្តិសុខ​។

តាំង​ពី​ព្រឹក​ព្រលឹម​មក កំណាត់​ផ្លូវ​ជាតិ​លេខ​២ ម្តុំ​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ដាក់​របាំង​ដែក ​ចំនួន៣​ដំណាក់កាល​ និង​មាន​ការ​យាម​កាម​យ៉ាង​តឹង​រឹង​ពី​កម្លាំង​អាជ្ញាធរ​ដែល​ប្រដាប់​ដោយ​កាំភ្លើង​ និង​ដំបង​ឆក់។ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ដំណើរ​ចេញ​ចូល​ផ្លូវ​ជាតិ​លេខ​២  បាន​ទេ​គិត​ចាប់​តាំង​ពី​ម៉ោង​ប្រមាណ​៦​ព្រឹក​រហូត​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​នេះ។ ការ​ដាក់​របាំង​ដែក​រារាំងនេះ​ គឺ​ដើម្បីមិន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​កម្លាំង​គាំទ្រ​របស់​ខ្លួន​ដង្ហែញត្តិ​ទៅ​កាន់​ស្ថាន​ទូត​នៃប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​។

បើ​ទោះ​បី​ជា​មាន​ការ​រារាំង គណបក្ស​ប្រឆាំង​ដែល​ធ្វើ​ដំណើរ​ដាច់​ដោយ​ឡែក​ពី​គ្នា​នោះ​ បានដាក់​ញត្តិ​របស់​ខ្លួន​គ្រប់​ចំនួន​ទាំង​១៣​ស្ថាន​ទូត​ដែល​រួម​មាន មហា​អំណាច​ទាំង​ប្រាំ ប្រទេសធំៗ​ និង​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ដែល​រួម​មាន អាមេរិក បារាំង ចិន អាល្លឺម៉ង់​ជា​ដើម។

ញត្តិ​របស់​គណបក្ស​ប្រឆាំង​នេះ គឺ​ស្នើ​ឱ្យ​ប្រទេស​ហត្ថលេខី​ទាំង​អស់​ដែល​ជា​អ្នក​បង្កើត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជួយ​សម្រួល​ស្ថានការណ៍​នយោបាយ​ឱ្យ​មាន​ភាព​ប្រក្រតី​ឡើង​វិញព្រោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​បែរ​ខ្នង​ដាក់​គ្នា។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង តាំង​ពី​ប្រធាន​គណបក្ស​រហូត​ដល់ សមាជិក និងសកម្មជន កំពុង​តែ​ប្រឈម​នឹង​ប្រព័ន្ធ​តុលាការ​ជា​ដើម។ ក្នុង​ញត្តិ​ដែល​ផ្ញើ​ទៅ​កាន់​ប្រកាន់​ប្រទេស​ទាំង​នោះ សង្គ្រោះ​ជាតិ បាន​ថ្កោល​ទោស​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ប្រើប្រាស់​អំណាច​ផ្តាច់​ការ​ បំពាន ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គណបក្ស​សង្គ្រោះជាតិ​ក៏​បាន​អំពាវនាវ​ឱ្យ​អាស៊ាន យក​បញ្ហា​នយោបាយ នៅ​កម្ពុជា​ដាក់​ចូល​ក្នុង​តុ​ចរចា​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ថ្ងៃ​ស្អែក​ទី​៦ កញ្ញា នៅ​រដ្ឋធានី វៀងចន្ទន៍​ប្រទេស​ឡាវ​ផង​ដែរ។ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​លើក​ឡើង​ថា លិខិត​សុំ​អន្តរាគមន៍​របស់​គណបក្ស​សង្គ្រោះជាតិ​គឺ​មិន​មាន​ប្រយោជន៍​នោះ​ទេ ព្រោះ​តែ​អាស៊ាន និង​សហគមន៍អន្តរជាតិ មិន​ធ្វើ​ការ​ជាមួយ​គណបក្ស​នយោបាយ​នោះ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ​បន្ទាប់​ពី​ដាក់​របាំង​រារាំង​ផ្លូវ​អស់​រយៈពេល​ប្រមាណ​៦ ម៉ោង​មក អាជ្ញាធរ​បានដក​របាំង​ដែក​ចេញ​ពី​ផ្លូវ​ជាតិ​វិញ​ហើយ​។ ​លោក ​អំ សំអាត ប្រធាន​ផ្នែកស៊ើប​អង្កេត​របស់​អង្គកាលីកាដូ បាន​លើក​ឡើង​ថា​អាជ្ញាធរ​ហាក់​ដូច​ជា​បារម្ភ​ខ្លាំង​ជ្រុល​ពេក និង​ជា​ការ​បំភិត​បំភ័យ​ប្រជាពលរដ្ឋ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ដាក់​របាំង​នេះ បាន​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ខឹង​សម្បារ។មន្ត្រី​អង្គការ​រូប​នេះ បាន​មើល​ឃើញ​ថា រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​គោរព​ច្បាប់​រដ្ឋធម្មនុញ្ញ​ស្តី​ពី​ការ​ជួបជុំ និង​ធ្វើ​បាតុកម្ម​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI