អានតួអត្ថបទ
កម្ពុជា-នយោបាយ

​អតីត​សកម្មជន CNRP១២នាក់ ត្រូវ​តុលាការ​ខេត្ត​បាត់​ដំបង​កោះ​ហៅ​ពី​បទ​ប្រឆាំង​សាល​ដីកា​តុលាការ​កំពូល​

អតីតចៅសង្កាត់អូចាររបស់គណបក្សប្រឆាំង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត
អតីតចៅសង្កាត់អូចាររបស់គណបក្សប្រឆាំង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត @FB
ដោយ៖ អេង គីមហុង
១៤ នាទី

យ៉ាង​ហោច​ណាស់​ថ្នាក់​ដឹកនាំ​និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១២​នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​បាត់ដំបង​កោះ​ហៅ​ឲ្យ​ទៅ​បំភ្លឺ ពី​បទ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​ចុះ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ជា​សាល​ដីកា ដែល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាម​មន្ដ្រី​នៃ​គណបក្ស​នេះ​ចំនួន​១១៨​រូប មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​។ 

ផ្សាយពាណិជ្ជកម្ម

តាម​គម្រោង ថ្នាក់​ដឹក​នាំ​និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ខេត្ត​បាត់​ដំបង សរុប​ចំនួន​១២​នាក់ នឹង​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ខុសៗ​គ្នា ចាប់​ពី​ថ្ងៃទី ០៩ ដល់​ថ្ងៃទី ១៦ ឧសភា​ខាង​មុខ​នេះ ពី​បទ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។

អតីត​ចៅ​សង្កាត់​អូចា​ររបស់​គណបក្ស​ប្រឆាំង ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះថា កញ្ញា​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃទី០៩ខែឧសភា តាម​កាល​កំណត់​របស់​តុលាការ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ រ៉ូហ្សិត​ចាត់​ទុក​ដីកា​កោះ​នេះ ថា​ជា​ដីកា​បំភ័យ​មក​លើ​អតីត​ថ្នាក់​ដឹក​នាំ​និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១២នាក់​រួម​នឹង​កញ្ញា​ផង​ដែរ​។

អតីត​ចៅ​សង្កា​ត់អូចា​ររូបនេះ​សង្កត់​ធ្ងន់​ថា ចាប់​តាំង​ពី​តុលាការ​កំពូល បាន​ប្រកាស​សាល​ដីការំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និង​ហា​មមន្ត្រី​បក្ស​នេះ​១១៨​រូប មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ​មក នាង​មិន​ដែល​ធ្វើ​សកម្មភាព​អ្វី​ទាក់​ទង​រឿង​នយោ​បាយ​ឡើយ។ សកម្មភាព​នយោបាយ​ដែល​រ៉ូហ្សិត​សំដៅ​ដល់​នោះ​គឺ​ផ្ដោត​លើ​ការ​ជួប​ជុំ​ឬ​ការ​ថ្លែង​សារ​នយោបាយ​ជា​ដើម​។

ទន្ទឹម​នឹង​នេះ​អតីត​ចៅ​សង្កាត់ និង​ថ្នាក់​ដឹក​នាំ​និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត​បាន​ចាត់​ទុក​ដីកា​កោះ​នេះ ថា​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ និង​រំលោភ​សិទ្ធិ​មនុស្ស​។

លោក គឹម សន្តិភាព អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​ការពារ​ដីកា​កោះ​របស់​តុលាការ​ខេត្ត​បាត់ដំបង​ថា ជា​វិធាន​ការ​អនុវត្ត​ច្បាប់​លើ​ជន​សង្ស័យ​ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​។ ហើយ​ជន​សង្ស័យ​ទាំង​នោះ​គួរ​ចូល​ទៅ​បំភ្លឺ​ការពារ​ខ្លួន​តាម​ច្បាប់ ដោយ​កុំ​ប្រញាប់​វាយ​តម្លៃ​ថា​ជា​ដីកាបំភ័យ​។

ចំណែក​លោក អេង ឆៃអ៊ាង អនុ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ដីកា​កោះហៅ​អតីត​ចៅ​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា ការ​ស្វាគមន៍​ប្រេសិត​ពិសេស​របស់ អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​ស្រី រ៉ូណា​ស្មីត ដែល​កំពុង​បំពេញ​បេសកកម្ម​សិទ្ធិ​មនុ​ស្ស​នៅ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ