ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កំណែទម្រង់​​របស់​​គណ​បក្ស​​ប្រជាជន​​ទាមទារ​​ឆន្ទៈ​​និង​​ការ​លះបង់​!​

សំឡេង ០៤:៥១
គណបក្សប្រជាជន ធ្វើ​មហាសន្និបាត​​វិសាមញ្ញ​​តំណាង​​ទូទាំង​ប្រទេស​រយៈពេល​ពីរ​​ថ្ងៃកន្លះ​​ ដោយ​​ផ្តោត​​សំខាន់​​លើ​​ការ​កែ​ទម្រង់​​ស៊ីជម្រៅ​
គណបក្សប្រជាជន ធ្វើ​មហាសន្និបាត​​វិសាមញ្ញ​​តំណាង​​ទូទាំង​ប្រទេស​រយៈពេល​ពីរ​​ថ្ងៃកន្លះ​​ ដោយ​​ផ្តោត​​សំខាន់​​លើ​​ការ​កែ​ទម្រង់​​ស៊ីជម្រៅ​ RFI/ Siv Chana

ក្នុង​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់ខ្លួន​ដែល​ទើបតែ​បញ្ចប់​កាលពី​ថ្ងៃទី០១កុម្ភៈ គណបក្ស​ប្រជាជន​កម្ពុជា​បានទទួល​ស្គាល់​ជា​សាធារណៈ​ថា​ត្រូវធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ក្នុង​ការដឹកនាំ​របស់ខ្លួន។ កំណែទម្រង់​ស៊ីជម្រៅ​ត្រូវបាន​គណបក្សកាន់អំណាច ៣៦ ឆ្នាំ​មកហើយ​នេះ​ចាត់ទុកជា​អាយុជីវិត​របស់​គណបក្ស​ក៏ដូចជា​របស់​ប្រទេសជាតិ​ទាំងមូល។ ប៉ុន្តែ នយោបាយ​កំណែទម្រង់​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​ត្រូវគេ​មើលឃើញថា​ពោរពេញ​ដោយ​ឧបសគ្គ​ដែល​ទាមទារ​ឲ្យ​មាន​ឆន្ទៈ​ដ៏​មោះមុត​ពី​មេដឹកនាំ​ថ្នាក់លើ និង​ការលះបង់​ខ្ពស់បំផុត​ពី​មន្ត្រី​ថ្នាក់ក្រោម។

ផ្សាយពាណិជ្ជកម្ម

ការស្រុតចុះ​ប្រជាប្រិយភាព​យ៉ាងគំហុក​របស់​គណបក្ស​កាន់អំណាច​កាលពី​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ ២០១៣ ជា​សញ្ញា​អាសន្ន​ដែល​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​មើលឃើញថា កំណែទម្រង់​ស៊ីជម្រៅ​គឺជា​អាយុជីវិត​នៃ​គណបក្ស​របស់ខ្លួន និង ជា​អាយុជីវិត​របស់​ជាតិ​ទាំងមូល។

ការមើលឃើញ​ចំណុចខ្សោយ​និង​ដាក់ចេញ​នូវ​កំណែទម្រង់​ដើម្បី​កែលម្អ​ស្ថានការណ៍​ជា​រឿង​គួរ​ឲ្យ​សាទរ​មួយ។ ប៉ុន្តែ តើ​កំណែទម្រង់​ទាំងនោះ​អាច​សម្រេច​លទ្ធផល​បានដែរ​ឬទេ? គឺជា​សំណួរ​ដែល​រឹតតែ​សំខាន់​មួយទៀត។ សំខាន់​ពីព្រោះថា កំណែទម្រង់​ជាច្រើន​ដែល​បាន​ដាក់ចេញ​រួចហើយ​មានដំណើរ​ទៅមុខ​យ៉ាង​យឺតយ៉ាវ​ឬក៏​មិនអាច​សម្រេច​គោលដៅ​បាន​ដោយសារ​មាន​ឧបសគ្គ​ជាច្រើន​ដែលជា​ហ្វ្រាំង​ទប់​កំណែទម្រង់​ទាំងនោះ​មិន​ឲ្យ​ធ្វើដំណើរ​លឿន​ទៅមុខ​ឬក៏​ធ្វើ​ឲ្យ​បរាជ័យ​តែម្តង។

ឧបសគ្គ​ចម្បង​សម្រាប់​នយោបាយ​កំណែទម្រង់​របស់​រដ្ឋាភិបាល​បក្ស​កាន់អំណាច​មានដូចជា៖ ទី១៖ ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន។ នៅក្នុង​រដ្ឋបាល​សាធារណៈ​ជាទូទៅ ប្រព័ន្ធគ្រប់គ្រង​ដែល​ពេញនិយម​និងស្រដៀងៗគ្នា​គឺ មន្ត្រី​តូច​រកលុយ​ជូន​មន្ត្រី​ធំ ហើយ​ជា​ថ្នូរ​មកវិញ មន្ត្រី​ធំ​ការពារ​មន្ត្រី​តូច។ ប្រព័ន្ធ​នេះ​បានធ្វើ​ឲ្យ​មន្ត្រី​ដែលមាន​តួនាទី​គ្រប់​លំដាប់ថ្នាក់​គិតតែ​ពី​ផ្គាប់ចិត្ត​ថ្នាក់លើ​របស់ខ្លួន​តាមរ​យៈ​ការផ្តល់​លាភសក្ការៈ​ទៅ​មេ​កើយ​ដើម្បី​ការពារ​អំណាច និង​តួនាទី​របស់ខ្លួន​ជាជាង​យក​តួនាទី​ទៅ​បម្រើ​ពលរដ្ឋ​ម្ចាស់ឆ្នោត។

ទី២៖ ការឃុបឃិត​បិទបាំង​ភ្នែក​ថ្នាក់លើ​តែម្តង។ វិធី​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់តែ​មនុស្ស​ពីរ​បីនាក់​ឬមួយ​ក្រុម​តូច​ដែល​ធ្វើ​ការពាក់ព័ន្ធគ្នា។ ឧទាហរណ៍ ពេលដែល​រដ្ឋាភិបាល​អ​នុ​ម័ត​ថវិកា​ដើម្បី​ដំណើរការ​គម្រោង​មួយ ថវិកា​នោះបាន​ធ្លុះធ្លាយ​មួយចំណែក​ដោយសារតែ​ការឃុបឃិត​គ្នា​រវាង​អ្នក​ប្រគល់​និង​អ្នកទទួល។ ឬ​ម្យ៉ាងទៀត កញ្ចប់​ថវិកា​ត្រូវបាន​បំប៉ោង​រួចជាស្រេច​ឲ្យ​លើសពី​តម្រូវការ​ជាក់ស្តែង​ដើម្បី​ទូទាត់​កម្រៃជើងសា។ ជា​ផលវិបាក ការអនុវត្ត​គម្រោង​គ្មាន​គុណភាព​ដោយសារ​ថវិកា​មិន​គ្រប់​តាម​បច្ចេកទេស ឬក៏​រដ្ឋ​ត្រូវ​ចំណាយ​ច្រើនតែ​បានទទួល​លទ្ធផល​មក​វិញ​តិច។ គម្រោង​សាងសង់​ផ្លូវ​នានា​ដែល​គ្មាន​គុណភាព​គឺជា​ឧទាហរណ៍​ស្រាប់។

ទី៣៖ ផ្នត់គំនិត​មន្ត្រី​ដែលមាន​ទម្លាប់​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ធំ​ជាង​ប្រយោជន៍​បក្ស​និង​ប្រយោជន៍​ជាតិ។ មាន​មន្ត្រី​ជាច្រើន​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ដើម្បី​តែ​រក​លាភសក្ការៈ«ធ្វើ​មាន​ធ្វើបាន»ឲ្យ​គ្រួសារ​របស់ខ្លួន​តាម​គ្រ​ប់​លទ្ធភាព​ដោយ​មិន​ខ្វល់ខ្វាយ​ពី​រូបភាព​អវិជ្ជមាន​ដល់​គណបក្ស​និង​ដល់​ប្រទេសជាតិ​ឡើយ។ ផ្នត់គំនិត​នេះ​ចាក់ឫស​យ៉ាងជ្រៅ​ទៅក្នុង​មន្ត្រី​ខ្មែរ​យ៉ាងច្រើន។ អ៊ីចឹង​ហើយ​បានជា​នៅ​កម្ពុជា មន្ត្រី​ដែល​ធ្វើការ​ចំ​កន្លែង​លុយ​តែង​បង្ហាញ​ទ្រព្យសម្បត្តិ​របស់ខ្លួន​យ៉ាង​សម្ញែង​និង​យ៉ាង​ឆាប់រហ័ស​ដោយ​មិន​ខ្វល់​ពី​ភ្នែក​អ្នកជិតខាង​ឬ​កូនចៅ​ក្រោមបង្គាប់​ឡើយ។ បញ្ហា​នេះ​ជះ​រូបភាព​អាក្រក់​ខ្លាំងណាស់​ចំពោះ​គណបក្ស​កាន់​អំណាច និយាយ​ដោយឡែក និង ចំពោះមុខ​មា​តយ់​ប្រទេស​ទាំងមូល​និយាយ​ជារួម។

ដូច្នេះ ដើម្បី​សម្រេច​គោលដៅ​កំណែទម្រង់​របស់ខ្លួន អ្វីដែល​រដ្ឋាភិបាល​គណ​បក្ស​ប្រជាជន​កម្ពុជា​ត្រូវធ្វើ​មុនគេ​គឺ​ត្រូវ​គាស់​រំលើង​ប្រព័ន្ធ​នេះ​ឲ្យ​បាន​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ។ ដើម្បី​អាចធ្វើ​បាន​វា​ទាមទារ​ទី១ គឺ​ឆន្ទៈ​ពី​ថ្នាក់ដឹកនាំ​កំពូល និង ទី២ គឺ​ការលះបង់​របស់​មន្ត្រី​ថ្នាក់ក្រោម​គ្រប់លំដាប់​ថ្នាក់​ដើម្បី​ស្តារ​មុខមាត់​រដ្ឋាភិបាល។ ប៉ុន្តែ លក្ខខណ្ឌ​ទាំងពីរ​យ៉ាងនេះ​ពិតជា​មិន​ងាយស្រួល​ឡើយ​ពីព្រោះ​មាន​មន្ត្រី​ខ្លះ បើទោះជា​នាយករដ្ឋមន្ត្រី​ជំរុញ​ឲ្យ​ងូតទឹក ឆ្លុះកញ្ចក់​រួច​ដុះក្អែល​យ៉ាងណាក៏ដោយ ក៏​ក្អែល​ដែល​ដុះ​ស្លែ​ជា​យូរ​មកហើយ​នោះ​មិន​ងាយ​ដុះ​ជ្រះ​ទេ។

ម្យ៉ាងទៀត ក៏មានដែរ​មន្ត្រី​ដែល​មិន​ខ្វល់ខ្វាយ​ពី​ស្ថានការណ៍​អាសន្ន​ចំពោះមុខ​ឡើយ។ វារឹតតែ​គ្រោះថ្នាក់​ថែមទៀត​ប្រសិនបើ​មាន​មន្ត្រី​ខ្លះ​ចាត់ទុក​ស្ថានភាព​នេះ​ថា​ជា​ទឹក​ចុងក្រោយ​ដែល​ខ្លួន​ត្រូវ​រក​លាភសក្ការៈ(ទាន់​ខ្លួន​នៅមាន​អំណាច​អាច​រកប្រាក់​បាន)។ សរុបមក កំណែទម្រង់​លើក​នេះ​ត្រូវការ​ឆន្ទៈ​ដ៏​មោះមុត​បំផុត​ពី​មេដឹកនាំ​ថ្នាក់លើ និង ការលះបង់​ខ្ពស់បំផុត​ពី​មន្ត្រី​ថ្នាក់ក្រោម។ តើ​គោលដៅ​នេះ​សម្រេចបាន​ឬ​មិនបាន? វា​ហា​ក់នៅ​មិនទាន់​ច្បាស់លាស់​ទេ ប៉ុន្តែ អ្វីដែល​ច្បាស់លាស់​នោះ​គឺ​អំណឹះតទៅ កំណែទម្រង់​គឺជា​អាយុជីវិត​របស់​គណបក្ស​កាន់អំណាច​ដែល​មិនអាច​លេងសើច​បានឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI