CPP កោះប្រជុំគណៈកម្មាធិការកណ្តាលនៅខែសីហា ចំពេលដែលសភាអាមេរិកទើបអនុម័តច្បាប់ដាក់ទណ្ឌកម្ម
ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានចេញលិខិតជូនដំណឹងមួយកាលពីថ្ងៃទី ១៦ កក្កដា ដោយបានកោះប្រជុំគណៈកម្មាធិការកណ្តាលរបស់ខ្លួន នៅថ្ងៃទី ២២ ខែសីហា ខាងមុខ។ ជាកិច្ចប្រជុំ ដើម្បីបូកសរុបលទ្ធផលការងាររយៈពេល១ឆមាស និងដើម្បីលើកទិសដៅបន្ត។ ប៉ុន្តែអ្វីជាការកត់សំគាល់ កិច្ចប្រជុំនេះ បានធ្វើឡើង ចំពេលដែលសភាសហរដ្ឋអាមេរិក ទើបតែបានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩។ ជាសេចក្តីព្រាងច្បាប់ ដែលនឹងបើកផ្លូវឲ្យរដ្ឋាភិបាលអាមេរិកដាក់ទណ្ឌកម្មមកលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធ ដែលបានធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
បើគ្មានការប្រែប្រួលទេ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នឹងបើកប្រជុំនៅថ្ងៃទី ២២ ខែសីហា នៅឯមជ្ឈមណ្ឌលកោះ។ កិច្ចប្រជុំដែលធ្វើឡើងតែមួយព្រឹក នឹងមានការចូលរួមពីសមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងមន្ត្រីជាន់ខ្ពស់គណបក្សជាង១ពាន់នាក់នេះ នឹងពិភាក្សាទៅលើរបៀបវារៈសំខាន់ចំនួនពីរ៖ ទី១.ការបូកសរុបលទ្ធផលការងាររបស់គណបក្សក្នុងរយៈពេល១ឆមាស និងរបៀបវារៈទី២ គឺការលើកទិសដៅការងារបន្តរបស់គណបក្ស។ នេះបើតាមការគូសបញ្ជាក់ពីលោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សកាន់អំណាច។
អ្វីជាការកត់សំគាល់ ការកោះប្រជុំគណៈកម្មាធិការកណ្តាលគណបក្សកាន់អំណាចនៅពេលនេះ គឺធ្វើឡើងចំពេលដែលសភាសហរដ្ឋអាមេរិក ទើបតែបានអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩ កាលពីថ្ងៃទី ១៥ កក្កដា។ ជាសេចក្តីព្រាងច្បាប់ ដែលនឹងបើកផ្លូវឲ្យរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្មមកលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធ ដែលគេគិតថា បានរួមចំណែកក្នុងការធ្វើឲ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្កកទ្រព្យសម្បត្តិ ឬហាមមិនឲ្យចូលទឹកដីអាមេរិកជាដើម។ ភ្លាមៗក្រោយពីការអនុម័តសេចក្តីព្រាងច្បាប់ HR526 នេះ ទាំងអ្នកនាំពាក្យក្រសួងការបរទេសនិងទាំងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចេញមកប្រតិកម្មភ្លាមៗ និងបានសំដែងការសោកស្តាយយ៉ាងខ្លាំង។
យ៉ាងណាក៏ដោយ លោក ឈឹម ផលវរុណ ឲ្យដឹងថាតាមពិតទៅកិច្ចប្រជុំគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានេះ មិនពាក់ព័ន្ធនឹងការអនុម័តសេចក្តីព្រាងច្បាប់ដែលធ្វើឡើងដោយសភាសហរដ្ឋអាមេរិកនោះទេ។ បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះ កិច្ចប្រជុំគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានេះ ត្រូវបានគ្រោងធ្វើតាំងពីសប្តាហ៍មុនមកម្ល៉េះ។ ក៏ប៉ុន្តែ កិច្ចប្រជុំនេះត្រូវបានលើកពេល ដោយសារតែស្ថានភាពជំងឺគ្រេចស្មាស្តាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
គួរជំរាបជូនថា គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបើកកិច្ចប្រជុំចុងក្រោយរបស់ខ្លួនកាលពីចុងខែធ្នូ ឆ្នាំ២០១៨ តាមរយៈសន្និបាតលើកទី៤១ ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការកណ្តាលចំនួន៨២៩រូប លើរចនាសម្ព័ន្ធរួមចំនួន៨៦៥រូប។ ទោះយ៉ាងនេះក្តី លោក ឈឹម ផលវរុណ មិនបានបដិសេធដាច់ណាត់នោះទេថា របៀបវារៈស្តីពី ការវិវត្តនៃស្ថានការណ៍នយោបាយថ្មីៗនិងចុងក្រោយនៅកម្ពុជា ក៏នឹងត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ