កម្ពុជា

គណបក្ស​​ប្រជាជន​​កម្ពុជា​​បើក​​មហា​សន្និបាត​​វិសាមញ្ញ​​នៅ​​ថ្ងៃ​ស្អែក​

ថ្នាក់​ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​
ថ្នាក់​ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ RFI/Siv Channa

គណបក្ស​​ប្រជាជន​​កម្ពុជា​​ដែល​​កំពុង​កាន់​​អំណាច​​នឹង​​បើ​ក​​មហាសន្និបាត​​វិសាមញ្ញ​​តំណាង​​ទូទាំង​ប្រទេស​​របស់​ខ្លួន​​រយៈពេល​​បី​ថ្ងៃ​​ចាប់​ពី​​ថ្ងៃ​ទី​៣០​មករា​​ស្អែក​​នេះ​​តទៅ​។ ​មហាសន្និបាត​​នេះ​​នឹង​​បើក​​ធ្វើ​​នៅឯ​​មណ្ឌល​​សន្និបាត​​កោះ​ពេជ្រ​​ក្នុង​​រាជធានី​ភ្នំពេញ​​ដែល​មាន​​អ្នក​ចូលរួម​​ប្រមាណ​​ជាជាង​ ១៣០០ នាក់​។ ​របៀបវារៈ​​ដែល​​ត្រូវ​​លើក​​មក​​ពិភាក្សា​​និង​​អនុម័ត​​ក្នុង​​មហាសន្និបាត​​នោះ​​មាន​ដូចជា ​សេចក្តី​ព្រាង​​របាយការណ៍​​ស្តី​ពី​​ស្ថានការណ៍​​ទូទៅ​​ឆ្នាំ ​២០១៣​ - ២០១៤​ ។ ​សភាពការណ៍​​បោះឆ្នោត​​កាល​ពី​​អាណត្តិ​​ទី៥​កន្លងទៅ ​និង​​ការ​លើក​​ទិសដៅ​​និង​​ផែនការ​​បន្ត​។ ​

ផ្សាយពាណិជ្ជកម្ម

មហាសន្និបាត​នេះ​ក៏​នឹង​ស្តាប់​របាយការណ៍​ស្តីពី​កំណែទម្រង់​ការបោះឆ្នោត និង​ក៏មាន​ការបោះឆ្នោត​បំពេញបន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​ចំនួន​ជាង ១០០ នាក់​ទៀត​បន្ថែម​ពីលើ​ចំនួន​ជាង ២៦០នាក់ ដែលមាន​ស្រាប់។ នេះ​បើ​យោងតាម​របៀបវារៈ​ដែល​បានគ្រោង​ទុក។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​មិនអាច​ទាក់ទង​សុំ​ព័ត៌មាន​បន្ថែម​បានទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ យ៉ាងណាក៏ដោយ ប្រភព​ខ្លះ​ឲ្យ​ដឹងថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បោះឆ្នោត​បញ្ចូល​ក្រុមយុវជន​មួយចំនួន​ទៅក្នុង​សមាជិក​គណៈកម្មាធិការ​កណ្តាល​របស់ខ្លួន។

មហាសន្និបាត​នេះ​បាន​បើក​ធ្វើឡើង​ចំពេល​ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោកជា ស៊ីម កំពុងមាន​ជំងឺ។ លោកស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ក្រុមអ្នកកាសែត​កាលពី​ព្រឹក​មិញ​ថា លោកជា ស៊ីម ពិតជា​កំពុងមាន​ជំងឺ​និង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។ ប៉ុន្តែ លោក​មិនបាន​បញ្ជាក់ថា នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​ឬ​ក្រៅប្រទេស​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI