កូនឈើជាង៨ពាន់ដើម ត្រូវបានដាំនៅខេត្តកណ្ដាល ក្នុងពិធីបុណ្យរុក្ខទិវា ឆ្នាំ២០១៧
ចុះផ្សាយនៅថ្ងៃ៖
ពិធីបុណ្យរុក្ខទិវា ៩កក្កដា នៅឆ្នាំនេះ ត្រូវបានរៀបចំធ្វើនៅស្រុកអង្គស្នួល ខេត្តកណ្ដាល ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។ នៅក្នុងពិធីបុណ្យរុក្ខទិវាថ្ងៃនេះ មានកូនឈើក្រញូង ធ្នង់ និងគីនីន សរុបចំនួន ៨,៨៣០ ដើម ត្រូវបានដាំនៅលើផ្ទៃដីចំនួន១០ហិកតា។
ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃអាទិត្យនេះ បានយាងជាអធិបតីនៅក្នុងឱកាសនៃពិធីរុក្ខទិវា ដែលឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅភូមិក្រាំងក្រូច ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
នៅចំពោះមុខអ្នកចូលរួម ដែលរួមមានមន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធនានា ព្រះករុណា ព្រះមហាក្សត្រ បានមានបន្ទូលអំពាវនាវដល់ប្រជាពលរដ្ឋ រួមគ្នាបន្តប្រពៃណីដាំកូនឈើឲ្យបានសកម្ម និងឲ្យបានច្រើនជាអតិបរមា ដើម្បីបង្កើនធនធានព្រៃឈើ។
ចំណែកចំពោះក្រសួងស្ថាប័ននិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលអំពាវនាវឲ្យបង្កើត សួនដាំឈើ ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមចំណែកក្នុងការដាំដើមឈើនេះផង។ ព្រះមហាក្សត្រ បានអំពាវនាវដល់អង្គការជាតិ អន្ដរជាតិ និងដៃគូអភិវឌ្ឍ ជួយឧបត្ថម្ភគាំទ្រដល់ការគ្រប់គ្រង អភិវឌ្ឍ និងកែទម្រង់វិស័យព្រៃឈើនៅកម្ពុជា។
ព្រះករុណា ព្រះមហាក្សត្រ ចាត់ទុកការរួមចំណែកនេះ ថាជាការបង្ហាញពីស្មារតីទទួលខុសត្រូវលើជោគវាសនា អនាគត នៃធនធានព្រៃឈើ ដើម្បីកូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត។ និងថា ការដាំដើមឈើនិងរុក្ខជាតិគ្រប់ប្រភេទ នឹងផ្ដល់នូវបុណ្យកុសលដ៏ប្រពៃសម្រាប់មនុស្សគ្រប់រូប ព្រមទាំងធ្វើឲ្យមូលដ្ឋានមានទេសភាពពណ៌បៃតងនិងរស់រវើកគ្រប់រដូវកាល។ នេះបើតាមព្រះបាទ នរោត្តម សីហមុនី។
សូមជម្រាបជូនថា ពិធីបុណ្យរុក្ខទិវា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ដើម្បីបំផុសគំនិតមហាជនឲ្យយល់ដឹងច្បាស់អំពីសារប្រយោជន៍នៃព្រៃឈើ ចូលរួមថែរក្សា និងដាំដុះព្រៃឈើឡើងវិញ។ ពិធីបុណ្យនេះក៏មានគោលដៅបង្កើនគម្របព្រៃឈើ និងដើម្បីកាត់បន្ថយកំដៅភពផែនដីផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ