កម្ពុជា-ចិន

សភា​ពាណិជ្ជ​កម្ម​កម្ពុជា​-​ចិន ​បដិ​សេធ​«ផ្ទុះ​កូរ៉ូ​ណា​ថ្មី​»​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ខេត្ត​ព្រះ​សី​ហនុ​

រូបរាងរបស់កូរ៉ូណាវិរុស
រូបរាងរបស់កូរ៉ូណាវិរុស @Internet

សភា​ពាណិជ្ជ​កម្ម​កម្ពុជា-ចិន ម្សិលិញ​នេះ បាន​បដិសេធ​ចោល​នូវ​ការ​បង្ហោះ​លិខិត​របស់​សមាគម​ចិន​មួយ​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ខ្លឹម​សារ​ថា មាន​ករណី​សង្ស័យ​ផ្ទុក​មេរោគ«កូរ៉ូណា»ទៅ​លើ​ជន​ជាតិ​ពីរ​នាក់​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ក្រុង​ព្រះ​សីហនុ​។ ប៉ុន្តែគេ​បាន​ទទួល​ស្គាល់​ថា ​ក្នុង​ចំណោម​ជន​ជាតិ​ចិន​ទាំង​ពីរ​នាក់​នោះ​គឺ​មាន​ម្នាក់​កំពុង​តែ​មាន​អាការៈ​ក្អក​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ហើយ​ត្រូវ​បាន​ដាក់​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​។

ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​នៅថ្ងៃ​ទី​៧​ខែ​កុម្ភៈ សភា​ពាណិជ្ជ​កម្ម​កម្ពុជា-ចិន ប្រចាំ​ខេត្ត​ព្រះ​សីហនុ បានចាត់​ទុក​ខ្លឹម​សារ​លិខិត​របស់​សមាគម​សហព័ន្ធ​ពាណិជ្ជ​កម្ម​ខេត្ត​ព្រះ​សីហនុ ដែល​បង្ហោះ​តាម​WECHAT នោះ​ថា​ជា​ព័ត៌​មាន​ក្លែង​ក្លាយ​។

យ៉ាង​ណា​ក៏​ដោយ ក្រោយ​ពី​ទទួល​ព័ត៌​មាន​នេះ សភា​ពាណិជ្ជ​កម្ម​កម្ពុជា-ចិន នៅ​ខេត្ត​ព្រះសីហនុ បាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន សីហនុវីល ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ចុះ​ទៅ​ស្វែង​យល់​ស្ថាន​ភាព​ជាក់​ស្តែង​។ បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ សភា​ពាណិជ្ជ​កម្ម​កម្ពុជា-ចិន ប្រចាំ​ខេត្តនេះ អះ​អាង​ថា មិន​មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ទៅ​លើ​ជន​ជាតិ​ពីរ​នាក់​បន្ថែម​ទៀត​ទេ​។ ​នេះបើ​តាម​សេចក្តី​ថ្លែង​ការណ៍​ដដែល​។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ក៏បដិសេធ​ផងដែរ ថា ​ជន​ជាតិ​ចិន​ពីរ​នាក់​នោះ មិន​មែន​មក​កម្ពុជា​នៅ​ថ្ងៃទី​២៣ ខែ​មករា​ដូចមាន​នៅ​ក្នុង​លិខិត​អះអាង​ទេ ពោល​គឺ​ម្នាក់​មក​កម្ពុជា​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ និង​ម្នាក់ទៀត​មក​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ​។ ​យ៉ាងណាក៏ដោយ ជនជាតិ​ចិន​ទាំងពីរ​នាក់​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​បន្ទប់ដាច់​ដោយ​ឡែក ខណៈ​ក្នុង​ចំណោម​នោះ​ គឺ​ម្នាក់​មាន​អាការៈ​មិន​ស្រួល​ក្នុង​បំពង​ក និង​ក្អក តាំង​ពី​គាត់​ចេញ​ដំណើរ​ពីទី​ក្រុង​គុន​មីង​មក​កាន់​ខេត្ត​ព្រះសីហនុ​នៅថ្ងៃ​ទី​៣ ខែកុម្ភៈ​។ ប៉ុន្តែ​ពេល​នៅ​ប្រទេស​ចិន​គាត់បាន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ពីរ​ដង​ដែរ លទ្ធផល​បង្ហាញ​ថា​គាត់​មិន​មាន​ផ្ទុក​មេរោគ​«កូរ៉ូណា»​ទេ​។ ​រហូតដល់​ពេល​នេះ គាត់​មាន​សីតុណ្ហភាព​រាង​កាយ​ធម្មតា ប៉ុន្តែ​នៅ​តែ​ក្អក​ដដែល​។​ នេះ​ជា​ការ​អះអាង​របស់​សភា​ពាណិជ្ជ​កម្ម​កម្ពុជា-ចិន​។

ចំណែក​ជន​ជាតិ​ចិន​ម្នាក់​ទៀត​ដែល​មក​ពី​ទីក្រុង​ក្វាងចូវ​មក​​ដល់​ខេត្ត​ព្រះ​សីហនុ​ថ្ងៃទី​១ ខែ​កុម្ភៈ បច្ចុប្បន្នគាត់​មាន​សីតុណ្ហ​ភាព​រាង​កាយ​ធម្មតា តែ​ក៏​តម្រូវ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ផង​ដែរ​។

សូម​បញ្ជាក់ថា នៅថ្ងៃ​ទី​៦ ខែ​កុម្ភះ សមាគម​សហព័ន្ធ​ពាណិជ្ជ​កម្ម​ខេត្ត​ព្រះសីហនុ ដែល​ជា​បណ្តុំ​ក្រុម​ហ៊ុន​ចិន​នៅ​ខេត្តនេះ​ បាន​បង្ហោះ​លិខិត​មួយ​នៅ​ក្នុង​បណ្តាញ​សង្គម​របស់​ចិន​ឈ្មោះ ​WECHAT ដោយ​ថា លោក​Zhang Junwei ដែល​ជា​អគ្គលេខា​ធិការ​អចិន្ត្រៃយ៍​ បាន​ទទួល​ទូរស័ព្ទ​ចំនួន​២​ខ្សែ​មក​ពី តំបន់សេដ្ឋ​កិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ដើម្បី​សុំ​ជំនួយ ដោយ​អះអាង​ថា​ពួកគេ​មាន​អាការៈ​ពិបាក​ដក​ដង្ហើម ក្អក គ្រុន​ក្តៅ និង សុំ​ជំនួយ​ជា​បន្ទាន់​។​បន្ទាប់​មក​សមាគម​នេះ​បាន​ជូន​ដំណឹង​ជា​បន្ទាន់​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សីហនុ ដើម្បី​ធ្វើការ​ដាក់​បុគ្គល​ទាំង​ពីរ​នាក់​នេះ​ឲ្យដាច់​ពីគេ និង​ត្រួត​ពិនិត្យ​ឲ្យ​បានតឹង​រឹង ព្រម​ទាំង​រាយការណ៍ទៅ​ស្ថាន​ទូត​ចិន​ឱ្យ​បាន​ទាន់​ពេល​វេលា។ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃត្រង់នេះ មិនទាន់មានប្រតិកម្ម​ពី​ស្ថានទូតចិន​ និង​ក្រសួង​សុខាភិបាល​កម្ពុជា​នៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI