ពលរដ្ឋខ្មែរអាមេរិកាំងគ្រោងធ្វើបាតុកម្មប្រឆាំងវត្តមានរបស់លោក ហ៊ុន សែន នៅឯអង្គការសហប្រជាជាតិ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពលរដ្ឋខ្មែរ-អាមេរិកាំង ដែលគេដឹងថា ជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ គ្រោងរៀបចំធ្វើបាតុកម្មមួយ នៅថ្ងៃទី ២៩ កញ្ញា ខាងមុខនេះ ដើម្បីប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើទឹកដីសហរដ្ឋអាមេរិក។ បើតាមគម្រោង បាតុកម្មនេះនឹងធ្វើឡើងនៅមុខទីស្នាក់ការ អង្គការសហប្រជាជាតិ ជាទីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកនឹងទៅចូលរួមកិច្ចប្រជុំនៅចុងខែកញ្ញា។
គម្រោងបាតុកម្មរបស់ពលរដ្ឋខ្មែរអាមេរិកាំង នឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែកញ្ញា នៅមុខអគារទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ នេះបើយោងតាមលិខិតអំពាវនាវរបស់អតីតគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-USA) ចុះថ្ងៃទី ៦ កញ្ញា។ លិខិតដដែលនេះ បានលើកឡើងថា គម្រោងបាតុកម្មនេះ ធ្វើឡើងដើម្បីប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើទឹកដីសហរដ្ឋអាមេរិក និងដើម្បីអំពាវនាវដល់សហគមន៍អន្តរជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កុំឲ្យទទួលស្គាល់រាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ដែលទើបបង្កើតឡើង កាលពីថ្ងៃទី ៦ កញ្ញា។
លិខិតរបស់អតីតគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-USA) ដដែល ក៏បានអំពាវនាវដល់អ្នកគាំទ្រ សមាជិក-សមាជិកា និងប្រជាពលរដ្ឋខ្មែរ-អាមេរិកាំងទាំងអស់ ចូលរួមនៅក្នុងបាតុកម្មនេះ ដើម្បីប្រឆាំងនឹងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសិនបើគម្រោងរបស់លោកមិនត្រូវបានលុបចោលទេនោះ។
គួរជំរាបជូនថា កាលពីខែសីហាកន្លងទៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសពីការប្រញាប់ប្រញាល់ក្នុងការបង្កើតរាជរដ្ឋាភិបាលថ្មីអាណត្តិទី៦ឲ្យបានរួចរាល់ ក្នុងអំឡុងដើមខែកញ្ញានេះ ដើម្បីផ្តល់លទ្ធភាពឲ្យលោកអាចអញ្ជើញទៅចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំមហាសន្និបាតលើកទី៧៣របស់អង្គការសហប្រជាជាតិ។ មហាសន្និបាតលើកទី៧៣របស់អង្គការសហប្រជាជាតិ ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី ២៥ កញ្ញា ខាងមុខនេះ។ ក្រៅពីនោះ លោកនាយករដ្ឋមន្ត្រី ក៏គ្រោងនឹងទៅចូលរួមកិច្ចប្រជុំមួយចំនួនទៀតនៅអឺរ៉ុប ជាអ្វីដែលអ្នកវិភាគបានមើលឃើញថា គឺជាការផ្គើននឹងគម្រោងធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរ-អាមេរិកាំង ដែលភាគច្រើន គឺជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្មី បានឲ្យដឹងថា គម្រោងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមិនផ្លាស់ប្តូរនោះឡើយ។ ឆ្លើយតបទៅនឹងគម្រោងបាតុកម្មនៅសហរដ្ឋអាមេរិក លោក ផៃ ស៊ីផាន ដែលទើបទទួលបានការតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានចាត់ទុកថា គឺគ្រាន់តែជាសម្រែករបស់អ្នកចាញ់ និងជាសម្រែករបស់សម្លេងភាគតិចប៉ុណ្ណោះ។ បើតាមលោក ផៃ ស៊ីផាន តាមគម្រោងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងមានជំនួបជាមួយពលរដ្ឋខ្មែរ-អាមេរិកាំង ដែលគាំទ្ររដ្ឋាភិបាលកម្ពុជា នៅលើទឹកដីសហរដ្ឋអាមេរិកផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ