ការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជា ធ្វើឡើងភាគច្រើនរយៈពេលខ្លី ខណៈ EBA ជាផ្នែកមួយជាប់ពាក់ព័ន្ធផងដែរ
ចុះផ្សាយនៅថ្ងៃ៖
ការកម្មង់ទិញនៅក្នុងវិស័យវាយនភ័ណ្ឌ ដែលរួមមានសំលៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរជាដើម ត្រូវគេកត់សម្គាល់ថាធ្វើឡើងភាគច្រើនសម្រាប់រយៈពេលខ្លី។ ការកម្មង់ទិញរយៈពេលខ្លីនៅចុងដំណាច់ឆ្នាំ២០១៩នេះ អ្នកសហជីពមួយចំនួនយល់ថាជាការបង្ហាញពីការរារែក ខណៈ អ្នកបញ្ជាទិញកំពុងរង់ចាំមើលការសម្រេចពីវាសនា EBA របស់សហភាពអឺរ៉ុប។ ក៏ប៉ុន្តែសមាគម GMAC បញ្ជាក់ថាគឺការវិវត្តន៍ទៅតាមនិន្នាការទីផ្សារ។
អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក កាំង ម៉ូនីកា ថ្លែងប្រាប់វិទ្យុបារាំង RFI ថា ការបញ្ជារទិញពេញមួយឆ្នាំលើផលិតផលវាយនភណ្ឌ កាត់ដេរ និងដេរស្បែកជើងពីកម្ពុជា មិនមានច្រើននោះទេ។ លោកថា និន្នាការទីផ្សារពេលនេះ មានការប្រែប្រួល ជាហេតុធ្វើឲ្យ ការកម្មង់ទិញភាគច្រើន គឺធ្វើឡើងរយៈពេលខ្លីៗ ពោលគឺពី៣ខែ ទៅ៦ខែប៉ុណ្ណោះ។
ការប្រែប្រួលនៃការបញ្ជាទិញសម្លៀកបំពាក់នេះ ក៏មានទំនាក់ទំនងផងដែរទៅនឹងអត្តចរិករបស់អ្នកប្រើប្រាស់ ខុសពីលើកមុនដែលអ្នកប្រើប្រាស់ទិញទាំងឡូៗ ទាមទាឲ្យមានការផលិតច្រើន ក៏ប៉ុន្តែពេលនេះ អ្នកប្រើប្រាស់មានការផ្លាស់ប្តូរឥរិយាបទ ទិញតិចតួច ដូចជានៅសហរដ្ឋអាមេរិកជាដើម។ នេះបើតាមការកត់សម្គាល់របស់លោក កាំង ម៉ូនីកា។
ពាក់ព័ន្ធទៅនឹងថាស្ថានភាពប្រែប្រួលនៃការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជាពីរយៈពេលវែង មកជាការកម្មង់ខ្លីៗនេះ លោកអគ្គលេខាធិការរងសមាគម GMAC មិនបដិសេធទាំងស្រុងទេការជាប់ពាក់ព័ន្ធនឹងភាពអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ(EBA)របស់សហភាពអឺរ៉ុប ដែលនឹងត្រូវសម្រេចថាព្យួរឬក៏អត់សម្រាប់កម្ពុជា នៅខែកុម្ភៈឆ្នាំ២០២០ខាងមុខ។
ជាថ្មីម្តងទៀត សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) នៅតែប្រកាន់ជំហរព្រួយបារម្ភ ប្រសិនបើសហភាពអឺរ៉ុបសម្រេចដកទាំងស្រុង ឬដកផ្នែកណាមួយក៏ដោយ។ ទោះយ៉ាងណា សមាគម GMAC នៅតែមានសុទិដ្ឋិនិយមថា សហភាពអឺរ៉ុបនឹងមានការពិចារណាខ្ពស់ ចំពោះចំណាត់ការរបស់ខ្លួនមកលើវិស័យកាត់ដេរកម្ពុជា ដោយសារឧស្សាហកម្មមួយនេះ បានបង្ហាញពីការធ្វើឲ្យប្រសើរឡើងនូវការគោរពលក្ខខណ្ឌការងារ និងជាគំរូក្នុងការអនុវត្តនៅប្រទេសដទៃផងដែរ។
សូមរំលឹកថា ឧស្សាហកម្មកាត់ដេរ និងដេរស្បែកជើងកម្ពុជាបានចាប់ផ្តើមឡើងកាលពីទសវត្សរ៍ឆ្នាំ៩០ ដែលកាលនោះមានរោងចក្រប្រមាណជាង៦០ ជាមួយនឹងកម្មករ៨ម៉ឺននាក់។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ រោងចក្របានកើនដល់១ពាន់រោងចក្រ និងមានកម្មករ ជាង៨៤ម៉ឺននាក់។ មនុស្សប្រមាណជា៣លាននាក់ផ្សេងទៀត ទទួលផលពីឧហ្សាកម្មមួយនេះផងដែរ។ ក៏ប៉ុន្តែវិស័យកាត់ដេរ ត្រូវបានគេគិតថាប្រឈមនឹងការដកប្រព័ន្ធអនុគ្រោះពីសហភាពអឺរ៉ុប នៅដើមឆ្នាំក្រោយ ដែលជាឥទ្ធិពលនៃនយោបាយ ដោយមានការចោទប្រកាន់មកលើរដ្ឋាភិបាលថាបានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ខណៈរដ្ឋាភិបាលកម្ពុជា បានបង្ហាញឥរិយាបទមិនចុះញ៉ម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ