ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់សរសេរលិខិតទៅ លោក ហ៊ុន សែន សម្តែងការព្រួយបារម្ភពីសិទ្ធិការងារ និង EBA
ចុះផ្សាយនៅថ្ងៃ៖
ក្រុមហ៊ុនអន្តរជាតិធំៗចំនួន ដូចជា Adidas Levi Strauss&co. Nike Gap Inc. ជាដើម កាលពីថ្ងៃទី២ ខែឧសភាម្សិលមិញ បានសរសេរលិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសម្ដែងការបារម្ភពីស្ថានភាពសិទ្ធិការងារនៅកម្ពុជា។ ការសម្តែងការព្រួយបារម្ភរបស់ក្រុមហ៊ុនបញ្ជារទិញសម្លៀកបំពាក់ធំៗនេះ ធ្វើឡើងខណៈពេលដែលសហភាពអឺរ៉ុប កំពុងសើរើភាពអនុគ្រោះពន្ធពីកម្ពុជា EBA។
ក្រុមហ៊ុនធំៗ ដែលជាបង្អែកក្នុងការផ្គត់ផ្គង់ការទិញសម្លៀកបំពាក់ និងផលិតផលវាយនភ័ណ្ឌពីប្រទេសកម្ពុជាទាំង២០នេះ បានលើកឡើងរួមគ្នាថា ពួកគេមានការបារម្ភអំពីស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារក្នុងប្រទេសកម្ពុជា ដែលវាអាចជាហានិភ័យខ្ពស់សម្រាប់វិស័យពាណិជ្ជកម្ម។
លិខិតជាភាសាអង់គ្លេស ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញពីពេលថ្មីៗនេះ ដោយសហភាពអឺរ៉ុប បានប្រកាសពីការសម្រេចសើរើ ការអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធ(EBA) ខណៈសមាជិកសភាអាមេរិក ក៏កំពុងតែពិនិត្យមើលពីបញ្ហាចំណាយរបស់ខ្លួន ដែលពួកគេក៏ស្នើរដ្ឋាភិបាលអាមេរិក ឲ្យសើរើអត្ថប្រយោជន៍នៃប្រព័ន្ធអនុគ្រោះពន្ធ(GSP) ដល់កម្ពុជាផងដែរ។
ជាមួយគ្នានេះ លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) កាលពីពេលថ្មីៗនេះ នៅក្នុងឱកាសសន្និបាតសមាគម បានថ្លែងប្រាប់អ្នកកាសែតថា កម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននូវសិទ្ធិកម្មករ ក្នុងវិស័យកាត់ដេរ និងដេរស្បែកជើង រួមទាំងអនុសញ្ញាស្នូលនៃអង្គការអន្តរជាតិស្តីពីការ ILO។ តាមលោក វ៉ាន់ ស៊ូអៀង មុននឹងសហភាពអឺរ៉ុបព្យួរ EBA ពីកម្ពុជា គេគួរតែពិចារណាឲ្យបានច្បាស់ ដោយរឿងនេះ ប៉ះពាល់ទៅដល់រោងចក្រកាត់ដេរ និងកម្មករជាខ្លាំង។ លោកវ៉ាន់ បញ្ជាក់ថា EBA ជួយកម្មករបានច្រើនណាស់។
ទោះយ៉ាងនេះក្តី ប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្តងហើយម្តងទៀត នៅតែប្រកាន់ជំហរថា កម្ពុជាមិនអាចប្តូរអធិបតេយ្យភាពរបស់ខ្លួនឡើយ។ លោកថា ការផ្តល់ភាពអនុគ្រោះEBA ក៏មិនអាចធ្វើឲ្យកម្ពុជាក្លាយជាអ្នកមានបានដែរ តែបើបាត់ EBA វិញនោះក៏មិនធ្វើឲ្យកម្ពុជាស្លាប់ដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនធំៗ ដែលទិញសម្លៀកបំពាក់ពីកម្ពុជា ឲ្យដឹងថា ពួកគេបានផ្តល់ប្រាក់ចំណូលការងារ នៅក្នុងប្រទេសកម្ពុជាប្រមាណ៩.៥ពាន់លានដុល្លារ នៅលើវិស័យសម្លៀកបំពាក់ កាត់ដេរស្បែកជើង និងផលិតផលនាំចេញសម្រាប់ធ្វើដំណើរ។ នេះដោយសារតែចាប់តាំងពីឆ្នាំ២០០១មក រដ្ឋាភិបាលកម្ពុជា បានគាំទ្រដល់គម្រោងរោងចក្រកាន់តែប្រសើរ (Better Factories Cambodia) ដែលជាកម្មវិធីរបស់ ILO។ ឈរលើបញ្ហានេះ ការនាំចេញក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង រួមនឹងផលិតផលនាំចេញសម្រាប់ការធ្វើដំណើរ មានចំនួន១ភាគ៣ ស្មើនឹង៤៣% នៃចំនួនផលិតផលនាំចេញសរុបក្នុងស្រុក GDP នៅកម្ពុជា ហើយវាក៏ស្មើនឹងពាក់កណ្តាលនៃការនាំចេញសរុបទាំងអស់ដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ