អានតួអត្ថបទ
កម្ពុជា

សហភាព​​អឺរ៉ុប​​និង​​ជប៉ុន​​ជំរុញ​​ឲ្យ​​កម្ពុជា​​ធ្វើ​កំណែ​ទម្រង់​​ស៊ី​ជម្រៅ ​គ.ជ.ប​

ក្រុមការងារសម្រាប់កែទម្រង់ច្បាប់បោះឆ្នោតគណបក្ស​ប្រជាជន​កម្ពុជា ​និង ​សង្រ្គោះជាតិ​ជួប​គ្នា​នា​ពេល​កន្លង​មក​
ក្រុមការងារសម្រាប់កែទម្រង់ច្បាប់បោះឆ្នោតគណបក្ស​ប្រជាជន​កម្ពុជា ​និង ​សង្រ្គោះជាតិ​ជួប​គ្នា​នា​ពេល​កន្លង​មក​ RFI/Channa
ដោយ៖ ប៉ែន បូណា
១៦ នាទី

នៅ​ក្នុង​​អត្ថបទ​​រួម​គ្នា​​មួយ​​ដើម្បី​​ឧទ្ទិស​​ដល់​​ទិវា​​សិទ្ធិម​នុស្ស​​អន្តរជាតិ​១០​ធ្នូ​​លើក​​ទី​៦៦ ​លោក ​ហ្ស​ង់​​ហ្វ្រ​ង់​​ស័​​រ​ កូ​តាំង ​(Jean-François CAUTAIN)​ ឯក​អគ្គរដ្ឋទូត​​សហភាព​​អឺរ៉ុប​ និង​​​លោក ​យូ​ជី គុ​ម៉ា​ម៉ា​រុ ​(Yuji KUMAMARU)​ឯក​អគ្គរាជទូត​​ជប៉ុន​​បាន​​ជំរុញ​​ឲ្យ​​គណបក្ស​​ជាប់​ឆ្នោត​​ទាំង​ពីរ​​ធ្វើ​កំណែ​ទម្រង់​​ស៊ី​ជម្រៅ​​ដើម្បី​​បង្កើត​​ឲ្យ​​បាន​​ស្ថាប័ន​​រៀបចំ​​បោះ​ឆ្នោត​​មួយ​​ប្រកប​ដោយ​​ទំនុក​ចិត្ត​។

ផ្សាយពាណិជ្ជកម្ម

សហភាព​អឺរ៉ុប​និង​ប្រទេស​ជប៉ុន​ដែល​អះអាងថា​ជា​មិត្ត​ជិតស្និទ្ធ​របស់​កម្ពុជា​បាន​ឆ្លៀតឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធមនុស្ស​អន្តរជាតិ១០ធ្នូ​ជំរុញ​ឲ្យ​គណបក្ស​ទាំងពីរ​បន្ត​ការពិភាក្សាគ្នា​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កំណែទម្រង់​ស៊ីជម្រៅ​មួយ​ទៅលើ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត។

ក្នុង​អត្ថបទ​ថ្លែងការណ៍​រួមគ្នា​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី១១ធ្នូ​នេះ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក Jean-François CAUTAIN និង​ឯកអគ្គរាជទូត​ជប៉ុន លោក Yuji KUMAMARU បាន​កោតសរសើរ​ចំពោះ​ការវិវឌ្ឍ​រីកចម្រើន​ក្នុង​រដ្ឋសភា​កម្ពុជា​ក្រោយពី​មាន​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​ទាំងពីរ​កាលពី​ថ្ងៃទី២២កក្កដា។

ការកោះអញ្ជើញ​រដ្ឋមន្ត្រី​មក​សាកសួរ និង​ការស្នើសុំ​ព័ត៌មាន​បន្ថែម​អំពី​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ ២០១៥ ជាដើម ត្រូវបាន​សហភាព​អឺរ៉ុប​និង​ប្រទេស​ជប៉ុន​ចាត់ទុកជា​ដំណើរ​វិវឌ្ឍន៍​ជា​វិជ្ជមាន។ យ៉ាងណាក៏ដោយ ដៃគូ​អភិវឌ្ឍ​ដ៏​ធំ​របស់​កម្ពុជា​ទាំងពីរ​នេះ​បាន​ជំរុញ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ត្រូវ​បន្ត​កិច្ចពិភាក្សា​គ្នា​រហូត​ឈានដល់​កិច្ចព្រមព្រៀង​ជា​ស្ថាពរ​មួយ​ស្តីពី​កំណែទម្រង់​ស៊ីជម្រៅ​នៃ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ដែល​ប្រកបដោយ​ទំនុកចិត្ត។

ក្នុងន័យនេះ សហភាព​អឺរ៉ុប​បាន​រម្លឹក​ឡើងវិញ​អំពី​អនុសាសន៍​ជាច្រើន​របស់ខ្លួន​ក្នុងន័យ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ក្របខ័ណ្ឌ​ការបោះឆ្នោត។ ហើយ​អនុសាសន៍​ទាំងនេះ​ត្រូវបាន​លើកឡើង​សារជាថ្មី​ទៀត ដោយ​ជំនាញការ​បោះឆ្នោត​ជប៉ុន​ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពីពេលថ្មីៗនេះ។ តំណាង​ប្រទេស​ជប៉ុន​និង​សហភាព​អឺរ៉ុប​ក៏បាន​បន្ត​ផ្តល់​អនុសាសន៍​ឲ្យ​កែសម្រួល​ប្រព័ន្ធ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ទាំងមូល​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​សមស្រប​ដើម្បី​ធានា​នូវ​ចីរភាព សុ​ក្រិត​ភាព និង​ភាព​ពេញលេញ​នៃ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ព្រមទាំង​ឲ្យ​ពង្រឹងសមត្ថភាព​របស់​មន្ត្រី​បោះឆ្នោត និង​អប់រំ​ដល់​ម្ចាស់ឆ្នោត​ផងដែរ។

ប្រទេស​ជប៉ុន និង​សភាព​អឺរ៉ុប បញ្ជាក់​ជំហរ​ជាថ្មី​ថា ពួកគេ​ផ្តល់នូវ​សារសំខាន់​ចំពោះ​កំណែទម្រង់​បោះឆ្នោត​ដោយ​ជោគជ័យ​និង​ស៊ីជម្រៅ​ដែល​នឹង​ធានា​ដល់​ភាពជោគជ័យ​នៃ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា។ ប្រទេស​ផ្តល់ជំនួយ​ដ៏​ធំ​ទាំងពីរ​អះអាងថា ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ជួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការរៀបចំ​ការបោះឆ្នោត​នា​អាណត្តិ​ជា​បន្តបន្ទាប់​ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ