កម្ពុជា-សេដ្ឋកិច្ច

​ប្រមុខ​កាទូត​កម្ពុជា​៖ កម្ពុជា​ត្រៀម​ស្វាគមន៍​ប្រតិភូ​អឺរ៉ុប​និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ដែល​គ្រោង​មក​កម្ពុជា​នៅ​ចុង​ខែ​នេះ​

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​អះ​អាង​ថា កម្ពុជា​នឹង​ទទួល​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​សហ​ភាព​អឺរ៉ុប ដែល​នឹង​មក​ដល់​កម្ពុជា នៅ​ចុង​ខែ​មីនា​នេះ​ ដើម្បី​ត្រួត​ពិនិត្យ​មើល​ឡើង​វិញ ពី​លក្ខណ្ឌ​នៃ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង EBA ពី​ប្រទេស​កម្ពុជា​។ ទន្ទឹម​គ្នា​នេះ កម្ពុជា​ក៏​នឹង​ត្រៀម​ស្វាគមន៍​នៃ​ការ​មក​ដល់​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​។ 

សហភាពអឺរ៉ុប
សហភាពអឺរ៉ុប @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ចុង​ខែ​មីនា​ខាង​មុខ​នេះ កម្ពុជា​នឹង​មាន​ភាព​មមា​ញឹក​ខ្លាំង ដើម្បី​ទទួល​ស្វាគមន៍​នៃ​ការ​មក​ដល់​របស់​គណៈ​ប្រតិភូ​ពីរ​ក្រុម​នៅ​កម្ពុជា​។ មួយ​ក្រុម​ជា​គណៈ​ប្រតិ​ភូ​សហភាព​អឺរ៉ុប ដើម្បី​ត្រួត​ពិនិត្យ​មើល​លើ​លក្ខណ្ឌ​នៃ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​អនុ​គ្រោះ​ពន្ធ EBA នៅ​កម្ពុជា​។ ចំណែក​មួយ​ក្រុម​ទៀត គឺ​ជា​ដំណើរ​ទស្សន​កិច្ច​របស់​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ ណាស្មីត​។ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ កាល​ពី​ថ្ងៃ​ទី ១១ មីនា​។

បើ​តាម​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា នៅ​រវាង​១០​ថ្ងៃ​ខាង​មុខ​នេះ បេសកជន​របស់​សហភាព​អឺរ៉ុប មួយ​ក្រុម នឹង​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា ដើម្បី​ត្រួត​ពិនិត្យ​មើល​ឡើង​វិញ​លើ​ការ​អនុវត្ត​លក្ខណ្ឌ​ទាំង​ឡាយ​ទាក់​ទង​នឹង EBA ហើយ​លោក​នឹង​ត្រៀម​ខ្លួន​ដើម្បី​ជួប​តំណាង​សហភាព​អឺរ៉ុប​នេះ បើ​ទោះ​បី​ជា​មាន​ការងារ​សំខាន់ៗ​ជា​ច្រើន​ទៀត​ត្រូវ​បំពេញ​ក៏​ដោយ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​​ដោយ ទាក់​ទង​នឹង​ជំហរ​របស់​កម្ពុជា​លើ​កិច្ច​ព្រម​ព្រៀង​អនុគ្រោះ​ពន្ធ EBA នេះ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ប្រាក់ សុខុន នៅ​តែ​អះអាង​ថា កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ម៉ឺង​ម៉ាត់ និង​មិន​ដោះ​ដូរ ឬ លក់ អធិ​បតេយ្យ​ជាតិ ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។ សូម​បញ្ជាក់​ដែរ​ថា ដំណឹង​នៃ​ការ​មក​ដល់​របស់​គណៈ​ប្រតិភូ​គណៈ​កម្មការ​អឺរ៉ុប​នៅ​កម្ពុជា​នេះ ក៏​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង កាល​ពី​សប្តាហ៍​មុន ដោយ លោក ចច អេដហ្កា (George Edgar) ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា នៅ​ក្នុង​ជំនួប​ជាមួយ​លោក ប៉ាន សូរស័ក្ដិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​ផង​ដែរ​។

សហ​ភាព​អឺរ៉ុប កាល​ពី​ថ្ងៃទី ១៣ មករា ឆ្នាំ ២០១៩នេះ ទើប​តែ​បាន​ប្រកាស​ពី​ការ​ចាប់​ផ្តើម​នីតិ​វិធី​នៃ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន ក្នុង​ការ ដក ឬ ព្យួរ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា បន្ទាប់​ពី​បាន​ផ្តល់​អនុសាសន៍​ឲ្យ​កម្ពុជា​ស្តារ​ឡើង​វិញ នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​អស់​ជា​ច្រើន​ខែ​រួច​មក​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ផ្អែក​តាម​នីតិ​វិធី​នេះ កម្ពុជា​នៅ​មាន​រយៈ​ពេល​ដល់​ទៅ​១៨​ខែ​ទៀត ដើម្បី​ស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នេះ ដោយ ៦​ខែ​ដំបូង គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ប្រមូល​ព័ត៌មាន​។

សូម​បញ្ជាក់​ថា ក្រៅ​ពី​ដំណើរ​ទស្សន​កិច្ច​នេះ នៅ​ចុង​ខែ​មីនា ឬ​ដើម​ខែ​មេសា​ខាង​មុខ​នេះ ក៏​មាន​ដំណើរ​ទស្សន​កិច្ច​របស់ អ្នកស្រី រ៉ូណាស្មីត អ្នក​សរសេរ​របាយការណ៍​របស់​អង្គការ​សហ​ប្រជា​ជាតិ ស្តី​ពី សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ​។ បើ​តាម​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក​នឹង​រៀប​ចំ​កាល​វិភាគ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​លោក​ស្រី រ៉ូណា ស្មីត រួម​ជាមួយ​តំណាង​រដ្ឋា​ភិបាល​កម្ពុជា​ជា​ច្រើន​រូប​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI