របាយការណ៍បឋម៖ ទឹកប្រាក់ជាង១លានដុល្លារបានខាតបង់ ដោយសារអគ្គិភ័យឆេះ សិប្បកម្មផលិតពូក
ចុះផ្សាយនៅថ្ងៃ៖
របាយការណ៍បឋមបានបង្ហាញឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ទំហំខូចខាតគិតជាទឹកប្រាក់មានចំនួនជាង១លានដុល្លារ ក្រោយអគ្គិភ័យឆាបឆេះ សិប្បកម្មផលិតពូកដ៏ធំមួយ ស្ថិតនៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ កាលពីម្សិលមិញ។ ក្នុងនោះ អាជ្ញាធរក៏បានធ្វើការសន្និដ្ឋានជំហានដំបូងថា មូលហេតុនៃការឆេះនេះគឺដោយសារការឆ្លងចរន្តអគ្គិសនី។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសៅរ៍នេះ លោក ព្រំ យ៉ន អនុប្រធានអង្គភាពពន្លត់អគ្គិភ័យក្រុងភ្នំពេញបានគូសបញ្ជាក់ថា រាល់ផលិតផលសម្រេច និងមិនទាន់សម្រេច បូករួមនឹងវត្ថុធាតុដើមទាំងក្រណាត់ អេប៉ុង ជាដើម ត្រូវបានឆាបឆេះខ្ទេចខ្ទី ដែលសរុបជាទឹកប្រាក់បណ្ដោះអាសន្នខាតបង់ប្រមាណជាង១លានដុល្លារអាមេរិក។
សូមជម្រាបជូនថា អគ្គិភ័យបានឆាបឆេះសិប្បកម្មផលិតពូកដ៏ធំនេះ តាំងពីម៉ោង១កន្លះរសៀល ហើយអាជ្ញាធរពាក់ព័ន្ធគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅម៉ោង១រំលងអាធ្រាត្រ ទម្រាំភ្លើងរលត់ទាំងស្រុង។ បើតាម អាជ្ញាធរ ហេតុការណ៍អគ្គិភ័យនេះ ជាករណីធំប្រចាំឆ្នាំ២០១៩ ដែលមិនធ្លាប់មាន និងមានភាពស្មុគស្មាញក្នុងការជួយសង្គ្រោះ បើទោះណាក្រុមសង្គ្រោះបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅកាន់ទីនោះក៏ដោយ។ នេះក៏ដោយសារ ស្ថានភាពផ្លូវស្មុគស្មាញ តូចចង្អៀត រថយន្តពន្លត់អគ្គិភ័យពិបាករំកិលខ្លួនចូលទៅកៀកទីតាំងដែលឆេះ។
តែទោះជាបែបនេះក្ដី អាជ្ញាធរបានបង្ហាញភាពជោគជ័យនៅក្នុងការសង្គ្រោះផ្ទះវីឡារបស់ម្ចាស់សិប្បកម្មផលិតពូក និងផ្ទះពលរដ្ឋនៅក្បែរនោះមិនឲ្យមានការឆេះរាលដាលទៅដល់ រួមនឹងការសង្គ្រោះអាយុជីវិតមនុស្សនៅក្នុងសិប្បកម្មទាំងមូលមិនឲ្យមានអ្នកណាស្លាប់ និងរបួសឡើយ។ នេះបើតាមអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។
ចំណែក ការងារបន្ទាប់អ្នកពាក់ព័ន្ធកំពុងផ្ដួលរំលំអគារដែលមានកំពស់ពី៣ទៅ៤ជាន់ ដែលគ្របដណ្ដប់លើទំហំដី២ហិកតា នៅនឹងកន្លែងដើម្បីបញ្ចៀសផលប៉ះពាល់ដល់ផ្ទះពលរដ្ឋនៅក្បែរនោះ។
ដោយឡែក ផលប៉ះពាល់ជារួមដែលបណ្ដាមកពីករណីអគ្គិភ័យក្នុងឆ្នាំ២០១៩នេះ មានចំនួន៧៨ករណីដោយបានសម្លាប់មនុស្ស៣នាក់ និងរបួស១០នាក់ ខណៈខូចខាតគិតជាទឹកប្រាក់មានចំនួនជាង៥០លានដុល្លារអាមេរិក។ ប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរ និងហេតុការណ៍កើតមានជាបន្តបន្ទាប់យ៉ាងដូច្នេះ អាជ្ញាធរស្នើឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ហើយជំរុញឲ្យម្ចាស់អាជីវកម្មធំៗ គួរគិតគូរការជួយសង្គ្រោះបឋមដោយខ្លួនឯងមុនការមកដល់របស់ក្រុមសង្គ្រោះ។ តែយ៉ាងណាក៏ដោយ អ្នកឃ្លាំមើលសង្គមបានរិះគន់ចំពោះបច្ចេកទេសក្នុងការសង្គ្រោះ អគ្គិភ័យរបស់រដ្ឋាភិបាលថា រត់មិនទាន់សភាពការណ៍សង្គម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ