អានតួអត្ថបទ
កម្ពុជា-ធម្មជាតិ

ទិវា​បេតិកភណ្ឌ៖ ស្ថាន​ទូត​បារាំង​នៅ​​ភ្នំពេញ​​បើក​ទ្វារ​ឲ្យ​សាធារណៈ​ជន​ចូល​ទស្សនា​ដោយ​សេរី

រូបថតៈ នេះ​គឺ​ជា​ទិដ្ឋភាព​មួយ​ផ្នែក​នៅ​ក្នុង​បរិវេណ​ស្ថាន​ទូត​បារាំង នៅ​ភ្នំពេញ​នៅ​ព្រឹ​ក​ថ្ងៃ​សៅរ៍​ទី​30​ខែ​ក​ញ្ញា​ឆ្នាំ​២០១៧
រូបថតៈ នេះ​គឺ​ជា​ទិដ្ឋភាព​មួយ​ផ្នែក​នៅ​ក្នុង​បរិវេណ​ស្ថាន​ទូត​បារាំង នៅ​ភ្នំពេញ​នៅ​ព្រឹ​ក​ថ្ងៃ​សៅរ៍​ទី​30​ខែ​ក​ញ្ញា​ឆ្នាំ​២០១៧ @kimhong
ដោយ៖ អេង គីមហុង
១៣ នាទី

ស្ថានទូតបារាំង​ប្រចាំនៅ​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៣០​ខែ​កញ្ញា បាន​បើក​ទ្វារ​ឲ្យ​សាធារណៈ​ជន​ចូល​ទស្សនា​ក្នុង​ស្ថានទូត​ដោយ​សេរី​ពេញ​មួយ​ថ្ងៃ នា​ឱកាស​ទិវាបេតិក​ភណ្ឌ។ តាម​ការ​ប៉ាន់​ស្មាន​ពី​មន្ត្រី​ស្ថាន​ទូត​បារាំង មាន​មនុស្ស​ប្រមាណ​១០០០​នាក់​បានចូល​ទស្សនា​ទិដ្ឋ​ភាព​នានា​នៅ​ក្នុង​បរិវេណ​ស្ថាន​ទូត នៅ​ក្នុង​ទិវា​បេតិកភណ្ឌ​នេះ​។

ផ្សាយពាណិជ្ជកម្ម

គោល​បំណង​នៃ​ទិវា​បេតិកភណ្ឌ​នេះ គឺ​រៀប​ចំ​ឡើង​ដើម្បី​អនុញ្ញត​ឲ្យ​សាធារណៈ​ជនទូទៅ​មាន​ឱកាស​ចូល​ទស្សនា​អគារ ឬ​ទី​តាំង​នានា ដែល​ជា​ធម្មតា​មិន​ត្រូវ​បាន​បើក​ជា​សាធារ​ណៈ និង​មាន​ការ​រឹត​ត្បិត​ចំពោះ​ការ​ចូល​ទស្សនា។ ទិវា​នេះ​នៅ​ប្រទេស​បារាំង​គេប្រារព្ធ​ឡើង​អស់​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ។ ក្រៅ​ពី​ប្រទេស​បារាំង​ប្រទេស​ជា​ច្រើនទៀត​នៅ​ពិភព​លោក​ក៏​បាន​រៀប​ចំ​ដូច​គ្នា​ដែរ។

ចំណែក​នៅ​កម្ពុជា អ្នក​ចូល​ទស្សនា​ទេស​ភាព​នានា ក្នុង​បរិវេណ​ស្ថាន​ទូត​បារាំង​ ភាគ​ច្រើន​​គឺ​ជា​និស្សិត​មក​ពី​តាម​បណ្ដាល​សកល​វិទ្យាល័យ​មួយ​ចំនួន​នៅ​ភ្នំពេញ។ ក្នុង​នោះក៏​មាន​ដែរ មនុស្ស​មាន​វ័យ​ចំណាស់​ដែល​ធ្លាប់​មាន​អនុស្សាវរីយ៍​ជាមួយ​ស្ថានទូត​បារាំង​​។ ពួក​គាត់​ខ្លះ​បាន​ឆ្លៀត​រម្លឹក​ពី​ប្រវត្តិ​របស់​ស្ថាន​ទូត​ពាក់ព័ន្ធ​សង្គ្រាម​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ក្រុម​យុវជន​ដែល​ជា​និស្សិត។

ស្ថានទូតបារាំង​ត្រូវ​បាន​សាធារណៈ​ជន​លើក​សសើរ​ថា ជា​ទី​កន្លែង​តែ​មួយ​គត់​ដែល​ស្រស់​​ស្អាត និង​សំបូរ​ទៅ​ដោយ​ដើម​ឈើ​ធំៗ​អម​ដោយ​រុក្ខ​ជាតិ​ចំរុះ​ពណ៌ ដែល​ទី​កន្លែង​មួយ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ទន្ទឹង​ចង់​ចូល​ទស្សនា។ ក្រៅ​ពី​ទស្សនា​សម្រស់​ធម្មជាតិ​សាធារ​ណៈ​ជន​នាំ​គ្នា​ទៅ​ទស្សនា​និវាសដ្ឋាន​របស់​លោក​ស្រី​ឯក​អគ្គរដ្ឋទូត ឧទ្យាន​វាល​ស្មៅដ៏ធំ ដែល​ទី​នោះ​មាន​រក្សា​ទុក​អតីត​ទ្វារ​របង​ម្ខាង​របស់​ស្ថានទូត។

សូមបញ្ជាក់ថា ស្ថាន​ទូត​បារាំង​ស្ថិត​នៅ​លើ​ដី​ទំហំ​៤,៨ហិកតា ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​​ផ្ដល់​ជា​ទី​តាំង​ដល់​ប្រទេស​បារាំង​សម្រាប់​សាង​សង់ នៅ​ក្រោយ​ពេល​ដែល​កម្ពុជា​ទទួល​​បាន​ឯករាជ្យ​ក្នុង​ឆ្នាំ​១៩៥៣។ ប៉ុន្តែ​ក្រោយ​មក​ស្ថាន​ទូត​បារាំង​ត្រូវ​បាន​ជួស​ជុល​ឡើង​​វិញ​ទាំង​ស្រុង នៅ​ចន្លោះ​ឆ្នាំ​១៩៩៣​ដល់​១៩៩៥ ដោយ​បាន​កែ​លម្អ​អគារ​ចាស់​ៗ​សង់​​ក្នុង​អំឡុង​ឆ្នាំ​១៩៥០ ទៅ​ជា​បណ្ដុំ​អគារ​ថ្មី​មួយ ដែល​មាន​រូប​រាង​មក​ដល់​បច្ចុប្បន្ន៕

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ