កម្ពុជា-សង្គម

​GMAC​ថា ខ្លួន​កំពុង​ក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​ការ​រឹត​បន្តឹង​ច្បាប់​ចំពោះ​រថយន្ត​ធុន​ធំ​

កំពង់ផែសមុទ្រកម្ពុជា (រូបតំណាង)
កំពង់ផែសមុទ្រកម្ពុជា (រូបតំណាង) សហការី

សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា )GMAC) នៅ​ថ្ងៃ​ទី១​ខែ​កក្កដា​ម្សិល​មិញ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ដំណោះ​ស្រាយ​បណ្តោះ​អាសន្ន​មួយ​ទាក់​ទង​ការ​ដឹក​ជញ្ជូន​ទំនិញ​។ ការ​ស្នើ​សុំ​នេះ​បន្ទាប់​ពី GMAC មើល​ឃើញ​ថា កំពុង​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ​ដោយ​មិន​ដឹង​ខ្លួន ខណៈ​អាជ្ញាធរ​កំពុង​រឹត​បន្តឹង​ចំពោះ​រថយន្ត​ធុន​ធំ ក្នុង​ការ​ដឹក​ទំនិញ​ចេញ​ចូល​កំពង់ផែ​ក្រុង​ព្រះ​សីហនុ និង​កំពង់ផែ​ភ្នំពេញ​។ 

ផ្សាយពាណិជ្ជកម្ម

សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​GMAC​បាន​គូស​បញ្ជាក់​ថា​ ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ របស់​គណៈ​កម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក កាល​ថ្ងៃ​ទី០៦ ខែ​មិថុនា​មក សមាជិក​របស់​GMAC កំពុង​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ​នៅ​ក្នុង​ការ​ពង្រឹង​ច្បាប់​ដោយ​មិន​ដឹង​ខ្លូន​។ រង​គ្រោះ​ដោយ​សារ​ថា វត្ថុធាតុ​ដើម​នាំ​ចូល​ និង​ផលិត​ផល​សម្រេច​នាំ​ចេញ​ជា​ច្រើន​របស់​សមាជិក​GMAC ត្រូវ​កក​ស្ទះ​ហើយ​អាច​បង្ក​ឲ្យ​ខាត​បង់​ផ្នែក​ហិរញ្ញ​វត្ថុ​ក៏​ដូច​ជា​ទំនុក​ចិត្ត​ពី អ្នក​បញ្ជា​ទិញ​ដែល​ផ្គត់​ផ្គង់​ទំនិញ​មិន​ទាន់​ពេល​វេលា​។

ឆ្លើយ​នឹង​កង្វល់​នេះ លោក ហ៊ឹម យ៉ាន អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ លើក​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​អង្គារ៍​នេះ​ថា បញ្ហា​របស់​GMAC មិន​មែន​ដោយ​សារ​ការ​រឹត​បន្តឹង​ច្បាប់​ទេ។ ប៉ុន្តែ​ការ​យឺត​យ៉ាវ​របស់​GMAC ដោយ​សារ​ក្រុម​ហ៊ុន​ដឹក​ទំនិញ ឬ​ម្ចាស់​ក្រុមហ៊ុន​មិន​គោរព​ច្បាប់​ចរាចរណ៍​។

បើ​តាម​លោក ហ៊ឹម យ៉ាន ទំនិញ​រាប់​លាន​តោន​បាន​ដឹក​ចេញ​ពី​កំពង់ផែ​ក្រុង​ព្រះសីហនុ​និង​កំពង់ផែ​ក្រុង​ភ្នំពេញ ហើយ​ពេល​ខ្លះ​កំពង់ផែ​ក្រុង​ព្រះសីហនុ​កក​ស្ទះ ដែល​ការ​កក​ស្ទះ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា រថយន្ត​ធុន​ធំ​ទាំង​នោះ​មិន​ហ៊ាន​ចូល​ទៅ​ត្រួត​ពិនិត្យ​។

សូម​ជម្រាប​ជូន​ថា គិត​ត្រឹម​រយៈ​ពេល​ពីរ​សប្ដាហ៍ ពីថ្ងៃ​ទី១៥​ដល់ថ្ងៃទី​៣០​មិថុនា រថយន្ត​ធុន​ធំប្រមាណ​ជិត​ជា​២ពាន់​គ្រឿង​បាន​ដឹក​ទំនិញ​ចេញ​ចូល​កំពង់ផែ​ទាំង​ពីរ ហើយ​កំពង់ផែ​ក្រុង​ព្រះសីហនុ​មាន​រថយន្ត​ធុន​ធំ​ចេញ​ចូល​ច្រើន​ជាង​កំពង់ផែ​ក្រុង​ភ្នំពេញ​។ ក្នុង​នោះ​រថយន្ត​ធុន​ធំ​ជាង​៣០០​គ្រឿង រក​ឃើញ​ភាព​មិន​ប្រក្រតី ទាក់​ទង​ឯកសារ​និង​បច្ចេ​កទេស ដែល​បញ្ហា​បច្ចេក​ទេស​ងាយ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍ ច្រើន​ជាង​រថយន្ត​ដែល​រក​ឃើញ​ឯកសារ​មិន​ប្រក្រតី​។

ជា​ការ​កត់​សម្គាល់ មួយ​ផ្នែក​នៃ​ការ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​រថយន្ត​ធុន​ធំ​ដែល​ឆ្លង់​កាត់​កំពង់​ផែ​ទាំង​២​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ទ្រង់​ទ្រាយ​ធំ​កើត​មាន​ញឹក​ញាប់​ក្នុង​ឆ្នាំ​២០១៩

ខណៈ​គ្រោះ​ថ្នាក់​ចរាចរណ៍​ប្រចាំ​ត្រីមាស​ទី​១​ ឆ្នាំ​២០១៩នេះ​ បាន​កើត​ឡើង​ចំនួន​១០៧៦​លើក​ បណ្តាល​ឲ្យ​ស្លាប់មនុស្ស​ចំនួន​៥១៣​នាក់​ និង​ របួស​ ១៥៩២​នាក់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI