GMAC ស្នើឲ្យសហភាពអឺរ៉ុបពិចារណាលើសេចក្តីសម្រេចរបស់ខ្លួននិងផ្តល់EBA ដូចដើមវិញ
ចុះផ្សាយនៅថ្ងៃ៖
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា (GMAC) នៅថ្ងៃចន្ទនេះ បានសម្តែងការខកចិត្តចំពោះសហភាពអឺរ៉ុប បន្ទាប់ពីការព្យួរដោយផ្នែក នៃកម្មវិធីអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ (EBA) សម្រាប់កម្ពុជា។ ប្រតិកម្មរបស់ GMAC ដូច្នេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១២ខែកុម្ភៈ បានសម្រេចព្យួរ ដោយផ្នែកនៃ EBA សម្រាប់កម្ពុជា ក្នុងនោះមានវិស័យវាយនភណ្ឌកាត់ដេរ និងដេរស្បែកជើងផងដែរ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប កាលពីថ្ងៃទី១២ខែកុម្ភៈ ដែលបានព្យួរផ្នែកខ្លះនៃកម្មវិធីអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ EBA សម្រាប់កម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានចំនួន២ទំព័រ GMAC បានធ្វើការកត់សំគាល់ចំណុចសំខាន់ៗមួយចំនួន ដោយស្នើឲ្យសហភាពអឺរ៉ុបពិចារណាលើកការសម្រេចរបស់ខ្លួនឡើងវិញ ដោយផ្តោតទៅលើគុណតម្លៃនៃ EBA អស់រយៈពេលជិត២០ឆ្នាំកន្លងទៅ ដែលជាជំនួយអភិវឌ្ឍន៍ ការកាត់បន្ថយភាពក្រីក្រ និងសេចក្តីថ្លៃថ្នូរនៃការងារ។
GMAC បានហៅការដកដោយផ្នែកនៃកម្មវិធី EBA របស់សហភាពអឺរ៉ុប គឺបានត្រឹមតែធ្វើឲ្យបាត់បង់ការងារ និងនាំឲ្យមានភាពក្រីក្រ ខណៈសមាគមរោងចក្រកាត់ដេរ បានបង្ហាញនូវតម្លាភាព និងគណនេយ្យភាពក្នុងការគោរពលក្ខខណ្ឌការងារ និងអនុញ្ញាតឲ្យអង្គការអន្តរជាតិខាងការងារ(ILO) ដាក់កម្មវិធីត្រួតពិនិត្យនៅតាមបណ្តារោងចក្រ។
លើសពីនេះ GMAC យល់ថាការសម្រេចរបស់សហភាពអឺរ៉ុបដូច្នេះ នឹងទំនងជាធ្វើឲ្យមានការភ័ន្តច្រលំចំពោះស្ថានភាពពាណិជ្ជកម្មនៅកម្ពុជា ហើយនឹងលើកទឹកចិត្តឲ្យអ្នកបញ្ជាទិញទៅទិញពីបណ្តាប្រទេសផ្សេងទៀត ដែលមានការគោរពសិទ្ធិសហជីពអន់ឆ្ងាយជាងកម្ពុជា ហើយទំនងជានឹងបណ្តាលឲ្យបាត់បង់ការងារដល់កម្មកររាប់ម៉ឺននាក់ និងធ្វើឲ្យកាន់តែលំបាកក្នុងការតម្លើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករ ដោយសារផលប៉ះពាល់អវិជ្ជមាននៃភាពប្រកួតប្រជែង។
សូមរំលឹកថា កាលពីថ្ងៃទី១២ខែកុម្ភៈ កន្លងទៅនេះ គណៈកម្មការអឺរ៉ុប បានសម្រេចដកកម្មវិធីអនុគ្រោះពន្ធពីកម្ពុជា ជាបណ្ដោះអាសន្ន លើមុខទំនិញចំនួន៤០ប្រភេទ ក្រោមហេតុផលមានការរំលោភសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិការងារ នៅប្រទេសកម្ពុជា។
ក្នុងចំណោមផលិតផល ដែលកម្ពុជាលែងទទួលបានការអនុគ្រោះពន្ធពីអឺរ៉ុបគួរឲ្យកត់សម្គាល់គឺផលិតផល វាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលកាបូបធ្វើដំណើរ និងស្ករ ដែលផលិតផលទាំងអស់នេះ នាំចេញពីកម្ពុជាក្នុងមួយឆ្នាំៗទៅកាន់ទីផ្សារអឺរ៉ុបក្នុងតម្លៃ ប្រមាណជា ១ពាន់លានអឺរ៉ូ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ