GMAC សុំណាត់ជួបរដ្ឋមន្ត្រីបរិស្ថាន ដើម្បីនិយាយគ្នាពីរឿងការប្រមូលកាកសំណល់តាមរោងចក្រយឺតយ៉ាវ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) កាលពីថ្ងៃទី២៦ ខែកញ្ញា បានដាក់សំណើមួយទៅកាន់រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ដើម្បីសុំជួបពិភាក្សាគ្នាលើដំណោះស្រាយក្នុងការប្រមូលកាកសំណល់ឧស្សាហកម្មនៅតាមរោងចក្រនានា។ សមាគមរោងចក្រកាត់ដេរកម្ពុជា បានស្នើឲ្យរដ្ឋមន្ត្រីបរិស្ថានរៀបចំការជួបពិភាក្សាគ្នាត្រីភាគីរវាងក្រសួងបរិស្ថាន សមាគមរោងចក្រកាត់ដេរកម្ពុជា និងក្រុមហ៊ុនSarom Trading Co.,Ltd ដែលជាក្រុមហ៊ុនប្រមូលកាកសំណល់ឧស្សាហកម្ម។
តាមរយៈលិខិតចុះថ្ងៃទី២៦ ខែកញ្ញា លោកខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានលើកឡើងថា មួយរយៈចុងក្រោយនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជាញឹកញាប់បានទទួលនូវការរាយការណ៍ និងការត្អូញត្អែរពីសំណាក់សមាជិកមួយចំនួនទាក់ទងនឹងបញ្ហាការប្រមូលកាកសំណល់ឧស្សាហកម្មរបស់ក្រុមហ៊ុនSarom Trading Co.,Ltd។ ក្រុមហ៊ុនSarom Trading Co.,Ltd នេះ ជាក្រុមហ៊ុនដែលទទួលសិទ្ធិពីរដ្ឋាភិបាលក្នុងការធ្វើអាជីវកម្មប្រមូលកាកសំណល់ឧស្សាហកម្មនៅតាមរោងចក្រកាត់ដេរនានា នៅក្នុងរាជធានីភ្នំពេញ។
ដោយផ្អែកតាមសេចក្តីរាយការណ៍នានាពីរោងចក្រកាត់ដេរ លោក ខេន លូ បានអះអាងថា ការផ្តល់សេវារបស់ក្រុមហ៊ុននេះ នៅពុំមានប្រសិទ្ធភាពដូចការកំណត់នៅឡើយទេ ទាំងភាពយឺតយ៉ាវការប្រមូល និងការប្រមូលឲ្យបានគ្រប់ចំនួនដង ដែលបានកំណត់ក្នុងមួយខែៗ។ បើតាមលោកអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ការអនុវត្តការងារផ្តល់សេវា ដែលពុំទាន់មានប្រសិទ្ធភាពនេះ បានបង្កើតឲ្យមានពំនូកកាកសំណល់កាន់តែធំទៅៗ ដែលបង្កឲ្យមានផលអវិជ្ជមានមួយចំនួនដល់រោងចក្រ ដូចជាបាត់បង់នូវសោភណភាព ការបង្កនូវភាពកខ្វក់ និងមានក្លិនមិនល្អក្នុងបរិវេណរោងចក្រ ដែលអាចនឹងបណ្តាលឲ្យមានផលប៉ះពាល់ដល់សុខភាពកម្មករ និយោជិត និងបុគ្គលិកទាំងអស់របស់រោងចក្រ។
ហេតុដូច្នេះហើយ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោកសាយ សំអាល់ ពិនិត្យលទ្ធភាព និងអនុញ្ញាតឲ្យថ្នាក់ដឹកនាំ និងសមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងក្រុមហ៊ុនSarom Trading Co.,Ltd បានជួបពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហានេះ។
ឆ្លើយតបនឹងសំណើនេះ លោកនេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានចាត់ទុកថា វាគឺជាដំណឹងដ៏រីករាយ ដែលក្រុមហ៊ុនឯកជនបានចូលរួមយ៉ាងសកម្មជាមួយក្រសួងបរិស្ថានក្នុងការសម្អាតអនាម័យបរិស្ថាននៅតាមទីតាំងរបស់ខ្លួន។ លោក នេត ភក្ត្រា អះអាងថា ក្រសួងបរិស្ថាន នឹងពិនិត្យលើសំណើនេះ។ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់បានទេ ថាតើក្រសួង នឹងសម្រេចនៅពេលណានោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ