ភាពមិនច្បាស់លាស់នៃ EBA៖ GMAC សុំផ្អាកការចរចាលើអនុសញ្ញារួមថ្នាក់វិស័យជាលើកទី២
ភាពមិនច្បាស់លាស់នៃ EBA បានធ្វើឲ្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានសម្រេចផ្អាកការចរចាលើអនុសញ្ញារួមថ្នាក់វិស័យ (TUS-CBA) ជាលើកទី០២។ ការចរចាលើអនុសញ្ញារួមថ្នាក់វិស័យ គឺជាការចរចាមួយដើម្បីស្វែងរកលទ្ធភាពផ្តល់ប្រាក់ឈ្នួលសមរម្យបន្ថែមសម្រាប់ក្រុមកម្មកររោងចក្រកាត់ដេរ ក្រៅពីការចរចាក្នុងយន្តការត្រីភាគីដែលផ្តួចផ្តើមឡើងដោយរដ្ឋាភិបាល។ ទោះជាយ៉ាងនេះក្តី លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបញ្ជាក់ថា GMAC នៅរក្សាជំហរការចរចាប្រាក់ឈ្នួលក្នុងយន្តការត្រីភាគីដដែល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តាមរយៈលិខិតចុះថ្ងៃទី ១៥ កក្កដា លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានពន្យល់ថា «ភាពមិនច្បាស់លាស់នៃការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីសហភាពអឺរ៉ុប មានន័យថា យើងមិនស្ថិតនៅក្នុងជំហរណាមួយ ដែលត្រូវធ្វើការចរចាសំខាន់ៗណាមួយ ដែលនឹងប៉ះពាល់ដល់ឧស្សាហកម្មកាត់ដេរនេះឡើយ»។ លោកបន្តថា «យើងទន្ទឹងរងចាំចូលរួមការចរចាលើអនុសញ្ញារួមថ្នាក់វិស័យនេះឡើងវិញ នៅពេលយើងមានភាពច្បាស់លាស់អំពីបញ្ហា EBA»។
គួរជំរាបជូនថា សហភាពអឺរ៉ុប EU កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ បានប្រកាសពីការចាប់ផ្តើមដំណើរការនីតិវិធីផ្លូវការរបស់ខ្លួន ដើម្បីសម្រេច ថាតើ ត្រូវដកឬបន្ត កិច្ចព្រមព្រៀង អនុគ្រោះពន្ធ EBA ឬអ្វីៗទាំងអស់លើកលែងតែអាវុធ ពីប្រទេសកម្ពុជា ដោយសារតែការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ កម្ពុជាដែលអាចនឹងខាតបង់ទឹកប្រាក់ប្រមាណពី៥០០ទៅជាង៦០០លានដុល្លារក្នុងមួយឆ្នាំ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរ ឬដក ប្រព័ន្ធអនុគ្រោះពន្ធ (EBA) នេះ។
គួរជំរាបជូនដែរថា ការចរចាលើអនុសញ្ញារួមថ្នាក់វិស័យ (TUS-CBA) គឺជាការចរចាដើម្បីស្វែងរកលទ្ធភាពក្នុងការផ្តល់ប្រាក់ឈ្នួលសមរម្យបន្ថែមសម្រាប់ក្រុមកម្មកររោងចក្រ ក្នុងវិស័យវាយនភណ្ឌ ក្រៅពីយន្តការនៃការចរចារតម្លើងប្រាក់ឈ្នួលអប្បបរមាត្រីភាគី ដែលជាយន្តការមួយផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលកម្ពុជា។ ការចរចាលើអនុសញ្ញារួមថ្នាក់វិស័យ (TUS-CBA) ត្រូវបានគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) និងពីអ្នកបញ្ជាទិញ។ ហើយនេះ គឺជាលើកទី០២ហើយ ដែលសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានស្នើសុំផ្អាកការចរចានេះម្តងរួចមកហើយ កាលពីខែមីនាកន្លងទៅ។ យ៉ាងណាក៏ដោយ តាមរយៈលិខិតចុះថ្ងៃទី ១៥ កក្កដា លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបញ្ជាក់ថា សមាគមនៅតែបន្តសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វិស័យកាត់ដេរសម្លៀកបំពាក់ស្បែងជើង និងកាបូបនៅកម្ពុជានេះ។
ទោះជាផ្អាកការចរចាលើអនុសញ្ញារួមថ្នាក់វិស័យ (TUS-CBA)យ៉ាងនេះក្តី តែអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ បានបញ្ជាក់ថា GMAC នៅតែរក្សាជំហរដដែលក្នុងយន្តការនៃការចរចាលើប្រាក់ឈ្នួលអប្បរមាត្រីភាគី ដែលបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០២០ខាងមុខ។ យោងតាមលិខិតជូនដំណឹងរបស់ក្រសួងការងារ យន្តការត្រីភាគីនេះ នឹងចាប់ផ្តើមពីខែកក្កដានេះតទៅ ដែលជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ