ឆ្លងឆ្នាំ៖ ប៉ូលីសជាតិបង្កើនកម្លាំងការពារនិងអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្ន
ប៉ូលីសជាតិបានបង្កើនកម្លាំងការពារនៅខេត្តគោលដៅទេសចរណ៍សំខាន់ៗ រួមទាំងរាជធានីភ្នំពេញផង ក្នុងគោលបំណងការពារសុវត្ថិភាពជូនពលរដ្ឋ នាឱកាសនៃពិធីឆ្លងឆ្នាំនៅយប់ថ្ងៃទី៣១ធ្នូនេះ។ អ្នកនាំពាក្យប៉ូលីសជាតិក៏បានអំពាវនាវទៅពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នការពារសុវត្ថិភាពខ្លួនឯងបន្ថែមទៀតផង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅរាជធានីភ្នំពេញ គោលដៅកម្សាន្តដ៏ពេញនិយម កោះពេជ្រ នឹងត្រូវដាក់កម្លាំងការពាររាប់រយនាក់ ហើយនឹងដាក់ពង្រាយបន្ថែមទៀតអាស្រ័យ ទៅលើស្ថានភាពជាក់ស្ដែង។
កោះពេជ្រគឺជាទីកន្លែងប្រមូលផ្ដុំនៃការជួបជុំក្នុងពិធីឆ្លងឆ្នាំ នៅយប់ថ្ងៃសៅរ៍នេះ ដោយលាយឡំជាមួយការប្រគុំតន្ត្រី។ ក្រៅពីនេះ គោលដៅផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញ កម្លាំងការពារនឹងដាក់ពង្រាយបន្ទាប់បន្សំ។ តាមគម្រោង ក៏នឹងមានការបាញ់កាំជ្រួចរាប់ថយក្រោយនៃពិធីឆ្លងឆ្នាំនេះផងដែរ។
ដោយឡែកសម្រាប់គោលដៅនៃខេត្តទេសចរណ៍សំខាន់រួមមាន៖ សៀមរាប ព្រះសីហនុជាដើម គឺប៉ូលីសជាតិបានណែនាំទៅបណ្ដាស្នងការរាជធានីខេត្ត ឲ្យបង្កើនកម្លាំងការពារនៅយប់ឆ្លងឆ្នាំនេះ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ លោក គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យប៉ូលីសជាតិបានបង្ហើបពីលទ្ធភាពនៃការបញ្ចេញកងកម្លាំងការពារសុវត្ថិភាពជូនពលរដ្ឋ នាឱកាសនៃពិធីឆ្លងឆ្នាំ រហូតដល់ទៅរាប់ពាន់នាក់ឯណោះ។
បន្ថែមពីនេះទៀត លោក គៀត ចន្ទថារិទ្ធ បានអំពាវនាវឲ្យពលរដ្ឋការពារសុវត្ថិភាពផ្ទាល់ខ្លួនផង តាមរយៈការបើកបរដោយការប្រុងប្រយ័ត្ន ទាំងនៅរាជធានីភ្នំពេញ និងពលរដ្ឋដែលធ្វើដំណើរទៅតាមបណ្ដាខេត្ត។ បើតាមលោក គៀត ចន្ទថារិទ្ធ ពលរដ្ឋក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យផង ព្រោះថារដូវនេះជារដូវធ្លាក់ខ្យល់។ ហើយចំពោះការដើរកម្សាន្តនាពេលយប់ ពិសេសម៉ោងរាប់ថយក្រោយនៃពិធីឆ្លងឆ្នាំផ្ទាល់តែម្ដង ត្រូវមានការប្រុងប្រយ័ត្នចំពោះរបស់ប្រើប្រាស់ផ្ទាល់ខ្លួនដូចជា ទូរសព្ទ និងកាបូបលុយជាដើម។
បើទោះបីជាកម្ពុជាមិនមែនជាគោលដៅនៃការធ្វើភេរវកម្មពីសំណាក់ភេរវករដូចបណ្ដាប្រទេសមួយចំនួននៅប៉ែកអឺរ៉ុបក៏ពិតមែន តែលោក គៀត ចន្ទថារិទ្ធ បានអះអាងថា សមត្ថកិច្ចនៅតែប្រុងប្រយ័ត្ន និង ត្រៀមខ្លួនប្រុងជើងការពារជានិច្ច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ