ក្រសួងការបរទេសមិនទាន់មានវិធានការអំពីរឿងវៀតណាមបំផ្លាញដំណាំខ្មែរ
ចុះផ្សាយនៅថ្ងៃ៖
មកដល់ពេលនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា មិនទាន់បានឆ្លើយតបយ៉ាងណានោះទេចំពោះសំណើសុំចាត់វិធានការការរំលោភឈ្លានពានរបស់កងកម្លាំងសមត្ថកិច្ចវៀតណាមមកលើផ្ទៃដីដាំដំណាំរបស់ប្រជាកសិករខ្មែរ។ នេះបើតាមលោកម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលធ្វើសំណើជាមួយតំណាងរាស្ត្រផ្សេងទៀត បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃសៅរ៍នេះ។
លោកម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងអនុប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានបញ្ជាក់ថា មកដល់ពេលនេះលោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា មិនទាន់បានឆ្លើយតបចំពោះសំណើរបស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិអំពីរឿងកម្លាំងសមត្ថកិច្ចវៀតណាមនាំប្រជាពលរដ្ឋខ្លួនចូលមកបំផ្លាញដំណាំពលរដ្ឋខ្មែរនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ មេសាកន្លងទៅ ក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិចំនួន១១រូប បានផ្ញើលិខិតមួយច្បាប់តាមរយៈលោកកឹម សុខា អនុប្រធានទី១នៃរដ្ឋសភា ទៅកាន់លោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិកម្ពុជា។ លិខិតនោះ គឺក្រុមតំណាងរាស្ត្របក្សប្រឆាំង បានស្នើឲ្យលោកហោ ណាំហុង ចាត់វិធានការចំពោះការរំលោភឈ្លានពានរបស់កកងកម្លាំងសមត្ថកិច្ចវៀតណាមមកលើផ្ទៃដីដាំដំណាំរបស់ប្រជាកសិករខ្មែរនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តត្បូងឃ្មុំ។
លិខិតនោះដែរ បានធ្វើឡើងបន្ទាប់ពីលោកម៉ៅ មុនីវណ្ណ បានដឹកនាំក្រុមតំណាងរាស្ត្រកាលពីថ្ងៃទី២៦ មេសា បានចុះទៅត្រួតពិនិត្យដោយផ្ទាល់នូវចំណុចដែលកងកម្លាំងវៀតណាមបាននាំពលរដ្ឋរបស់ខ្លួនចូលធ្វើសកម្មភាពបាញ់ថ្មាំគីមីពុលបំផ្លាញដំណាំរបស់ប្រជាកសិករស្ថិតនៅក្នុងចំណុចជាំប្រាំល្វែង ភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ បើតាមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ផលដំណាំប្រជាកសិករខ្មែរចំនួនប្រមាណ១០ ហិកតា ត្រូវបានបំផ្លាញ និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋដោយផ្ទាល់ចំនួន៩គ្រួសារ។ លោកម៉ៅ មុនីវណ្ណ បានហៅទង្វើរបស់កងកម្លាំងសមត្ថកិច្ចវៀតណាមនោះថា បានរំលោភបំពានមាក់ងាយលើប្រជាពលរដ្ឋខ្មែរ និងអធិបតេយ្យភាពរបស់កម្ពុជា។
ជាថ្មីម្តងទៀត លោកកុយ កួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិកម្ពុជា នៅតែមិនអាចទាក់ទងសុំការបំភ្លឺបាននោះទេជុំវិញការឆ្លើយតបចំពោះសំណើសុំឲ្យចាត់វិធានការលើករណីនេះ។
យ៉ាងណាក៏ដោយ ចំពោះការមិនទាន់ឆ្លើយតបរបស់លោកហោ ណាំហុងនេះ លោកម៉ៅ មុនីវណ្ណ បានគូសបញ្ជាក់ថា លោកនឹងរង់ចាំរយៈពេល៧ថ្ងៃតាមច្បាប់កំណត់ ក៏ប៉ុន្តែបើនៅតែមិនមានការឆ្លើយតបនោះ លោកនឹងសិក្សាផ្លូវច្បាប់បន្ថែមទៀត ថាតើគួរធ្វើយ៉ាងណាបន្ត?៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ