អានតួអត្ថបទ
កម្ពុជា

ILO ​បង្រៀន​​សហជីព​​ពី​​របៀប​​គណនា ​និង ​កំណត់​​ប្រាក់​​ឈ្នួល​​ដល់​ក​ម្មករ​

ក្រុម​សហជីព​​កំពុង​ទទួល​​ការ​​បណ្តុះ​​បណ្តាល​​ពី​ILO​
ក្រុម​សហជីព​​កំពុង​ទទួល​​ការ​​បណ្តុះ​​បណ្តាល​​ពី​ILO​ @Chuon Momthol
ដោយ៖ វណ្ណ សុគន្ធា
1 នាទី

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អង្គការ​អន្តរជាតិ​ខាង​ការងារ(ILO)បាន​បើក​សិក្ខាសាលា​សហជីព​មួយ​ស្តីពី​កម្មវិធី​ប​ណ្តុៈ​បណ្តាល​អំពី​របៀប​គណនា​ប្រាក់​ឈ្នួល​អប្បរ​មា​ឆ្នាំ២០១៦ខាងមុខនេះ។ សិក្ខាសាលា​នេះ​ធ្វើឡើង​ពេញ​មួយថ្ងៃ​នៅក្នុង​ភោជនីយដ្ឋាន​ទន្លេបាសាក់២ ដោយមាន​ការចូលរួម​ពី​មេ​សហជីព​ជាច្រើនរូប។

ផ្សាយពាណិជ្ជកម្ម

នេះ គឺជា​លើកទីមួយ​ហើយ ដែល​ក្រុម​សហជីព​តំណាង​ឲ្យ​កម្មករ​បាន​ជួបប្រជុំគ្នា ដើម្បី​ទទួល​ការបណ្តុះបណ្តាល​ពី​របៀប​គណនា​ប្រាក់​ឈ្នួល​អប្បរមាដ​ល់កម្ម​ករ ។ ការបណ្តុះបណ្តាល​នេះ បានធ្វើ​ឡើង ដើម្បី​ឲ្យ​សហជីព បាន​យល់ដឹង​កាន់​ច្បាស់​បន្ថែមទៀត​ពី​របៀប​នៃ​ការ​គណនា​ប្រាក់​ឈ្នួល​ស្របតាម​លក្ខណវិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច មុន​ភាគី​សហជីព​ទាំងអស់​សម្រេច​កំណត់​យកប្រាក់​ឈ្នួល​គោល​មួយ ដើម្បី​ចរចា​ជាមួយ​និយោជក និង រដ្ឋាភិបាល។

អង្គការ​អន្តរជាតិ​ខាង​ការងារ(ILO) បាន​លើកយក​បទពិសោធន៍​នៃ​ការដំឡើង​ប្រាក់​ឈ្នួល​ដល់ក​ម្មករ​នៅក្នុង​ប្រទេស​មួយចំនួន​មក​បង្ហាញ​ដល់​ក្រុម​សហជីព។ បន្ថែម​លើ​នេះ ILO ក៏បាន​ពន្យល់​ពី​វិធី​នៃ​ការថ្លឹងថ្លែង​ក្នុង​ដំឡើង​ប្រាក់​ឈ្នួល​ដល់ក​ម្មករ​ផងដែរ។ លោក​អាត់ ធន់ ប្រធាន​សហជីព​ស៊ី​ខៅ​ឌូ​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ យល់ថា ការបណ្តុះបណ្តាល​នេះ គឺជា​រឿង​ល្អ ព្រោះ​អាច​យកទៅ​គិតគូរ​ដល់​ការដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​បាន។

គួរ​បញ្ជាក់ថា ទាក់ទង​នឹង​ការដំឡើង​ប្រាក់​ឈ្នួល​កម្មករ​នេះ ក្រសួង​ការងារ បានកំណត់​យក​ខែកក្កដា ឆ្នាំ២០១៥ ជាការ​ប្រជុំពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគីនីមួយ។ នៅក្នុង​ខែសីហា ជាការ​ចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ជា​លក្ខណៈ​ទ្វេភាគី ពោលគឺ​រវាង​និយោជិត និង​និយោជក។ ហើយ​ក្នុង​ខែកញ្ញា ជា​កិច្ចពិភាក្សា​ត្រីភាគី ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​ភាគី​រដ្ឋាភិបាល​ផងដែរ។ ចំណែកឯ​នៅ​ខែតុលា នឹងមាន​កិច្ចប្រជុំ​មួយ​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ក្នុង​ឆ្នាំ២០១៦ ។ ក្រសួង​ការងារ​ក៏បាន​កំណត់​យក​ថ្ងៃទី០១ មករា ឆ្នាំ២០១៦ ជា​កាលបរិច្ឆេទ​ចូល​ជា​ធរមាន​ប្រាក់​ឈ្នួល​អប្បបរមា។

កន្លងមក សហជីព បានកំណត់​យកប្រាក់​ឈ្នួល១៧៧ដុល្លារ​អាមេរិក​ក្នុង​ខែ ជា​ប្រាក់​ឈ្នួល​គោល ដើម្បី​យកទៅ​ពិភាក្សា​ជាមួយ​និយោជក និង រដ្ឋាភិបាល។ ប៉ុន្តែ​ត្រូវ​ភាគី​និយោជក​ទាត់ចោល​និង​ថា​ការទាមទារ​ប្រាក់​ឈ្នួល​បែបនេះ មិន​សម​ហេតុផល​និង​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ។ ទោះ​យ៉ាងនេះ​ក្តី លោក​អាត់ ធន់ បាន​បញ្ជាក់ថា ប្រសិនបើ​មិនមាន​តួលេខ​នៃ​ប្រាក់​ឈ្នួល​ថ្មី​ទេ សហជីព​នឹង​បន្ត​ប្រើប្រាស់​តួលេខ​ចាស់​នេះ​ដដែល។ យ៉ាងណាក៏ដោយ តាមរយៈ​ការបណ្តុះបណ្តាល​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ លោក​អាត់ ធន់ គិតថា ប្រាក់​ឈ្នួល​អប្បរ​មា​របស់​កម្មក​រ​អាច​លើសពី១៧៧ដុល្លារ​នេះ ទើប​អាច​រស់​នៅបាន​សមរម្យ។ លោក​បាន​គូសបញ្ជាក់ថា ក្រុម​សហជីព​នឹង​ជួប​ពិភាក្សាគ្នា​នៅ​ចុងខែ​នេះ ដើម្បី​កំណត់​ប្រាក់​ឈ្នួល​រួមមួយ យកទៅ​ចរចា​ដំឡើង​ដល់ក​ម្មករ​នៅក្នុង​ឆ្នាំ២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ