កម្ពុជា-សេដ្ឋកិច្ច

​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​ IMF​៖ កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២០ នឹង​ថយ​ចុះ​មក​ក្រោម​៧​ភាគ​រយ​

អគារនានាក្នុងទីក្រុងភ្នំពេញ
អគារនានាក្នុងទីក្រុងភ្នំពេញ @Internet

មូល​និធិ​រូបិយ​វត្ថុ​អន្តរជាតិ ហៅកាត់ថា IMF បានព្យាករណ៍ថា កំណើន​សេដ្ឋ​កិច្ចកម្ពុជា​នឹង​ថមថយ​មក​នៅក្រោម​​រង្វង់​៧ភាគរយ​​នៅឆ្នាំ​២០២០​ខាងមុខ​​។ ការ​ព្យាករណ៍​របស់​ស្ថាប័ន​អន្តរជាតិមួយ​នេះ​គឺ​បន្ទាប់​​ពី​ក្រុម​ប្រឹក្សាប្រតិបត្តិ របស់​IMF បាន​បញ្ចប់សេចក្តីពិគ្រោះយោបល់ជាមួយមន្រ្តី​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​៦​ខែធ្នូឆ្នាំ​២០១៩នេះ។ 

ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅថ្ងៃទី២៦​ខែធ្នូ ពោល២០​ថ្ងៃក្រោយពី​ប្រឹក្សាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ចប់ការពិ​គ្រោះយោប​ល់ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅថ្ងៃទី ៦ ខែធ្នូ ស្ថាប័ន​អន្តរជាតិមួយ​នេះ បានកត់សំគា​ល់ថា ស្ថានភាពហិរញ្ញ​វត្ថុមានភាព​ងាយស្រួល។ ឥណទានវិស័យឯកជនបា​នប្រមូលផ្តុំកាន់​តែខ្លាំងឡើងនៅ​ក្នុងវិស័យអច​លនទ្រព្យនិងសំណង់ ហើយត្រូ​វបានគេរំ​ពឹងថា​កើនឡើងប្រ​ហែល ២៨ ភាគរយនៅ​ក្នុងឆ្នាំ ២០១៩នេះ។

ប៉ុន្តែ​ជាមួយ​គ្នានោះ «ការធ្លាក់ចុះ​នៃស្ថានភាពខាង​ក្រៅត្រូវបា​នគេរំពឹងថានឹ​ងនាំឱ្យមានកំណើ​នយឺតដល់​សេដ្ឋកិច្ចកម្ពុជា ពោលកំណើន​សេដ្ឋកិច្ច​នៅឆ្នាំ២០២០​ គឺស្ថិតក្នុង​រង្វង់៦.៨ ភាគរយ»។

ឧបសគ្គដែល​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជាត្រូវ​ថមថយ​មកនៅក្រោម​៧ភាគរយ​នៅឆ្នាំ​២០២០ ត្រូវបាន​អ្នក​ជំនាញ​IMF ពន្យល់ថា វាទាក់ទងនឹង​ការពិនិត្យឡើងវិញនូ​វអ្វីៗគ្រប់យ៉ាង​លើកលែងតែអា​វុធ (EBA) របស់ស​ហភាពអ៊ឺរ៉ុបដែ​លជាដៃគូនាំចេញ​ដ៍ចម្បងរបស់​កម្ពុជា។ បើមានមានការផ្អា​កការធ្វើពាណិ​ជ្ជកម្មដោយ​អនុគ្រោះនៅឆ្នាំក្រោយគឺនឹង​ជះឥទ្ធិពលអវិជ្ជមា​នយ៉ាងខ្លាំងដល់សកម្ម​ភាពសេដ្ឋកិច្ចរបស់​កម្ពុជា។ នេះជាព្រមាន​របស់​IMF។

យ៉ាងណាក៏ដោយ អ្នកជំនាញរបស់​ IMF បានលើកឡើងថា កំណើនឥណ​ទានទាបរួមជាមួយ
នឹ​ងគោលនយោបា​យកំណែទម្រង់​រចនាសម្ព័ន្ធសារពើព​ន្ធដោយ​ប្រុងប្រយ័ត្ន
ក៏អាចជួ​យកាត់បន្ថយ​អតុល្យភាពនៃ​ឥទ្ធិពល​ពីខាងក្រៅ​ទាក់​ទង​នឹងEBAផងដែរ។

​សូមបញ្ជាក់ថា ការ​ដែល​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​នេះ រក្សាបានក្នុង​អត្រា​៧​ភាគរយ គឺ​ដោយ​សារតែ​ការ​បន្ត​កំណើន​ នៃ​ការ​នាំ​ចេញ ​និង​វិស័យ​សំណង់រីកដុះដាល ខណៈ​ដែល​អតិផរណា​ត្រូវ​បាន​រក្សា​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​ប្រមាណ​២,៥​ភាគរយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI