កម្ពុជា

ក្រសួង​យុត្តិធម៌​គ្រោង​ដំឡើង​ប្រាក់​ខែ​បន្ថែម​ដល់​ចៅក្រម ​និង​ព្រះ​រាជ​អាជ្ញា ​ដើម្បី​ទប់​ស្កាត់​អំពើ​ពុក​រលួយ​

សំណុំ​រឿង​រសើប​ខ្លះ ​តុលាការ​តែងតែ​ត្រូវ​បាន​ការពារ​ជុំវិញ​ដោយ​កង​កម្លាំង​ប៉ូលីស​។ ​ទិដ្ឋភាព​​​នៅ​​សាលា​​ដំបូង​​រាជ​ធានី​ភ្នំពេញ​​ក្នុង​​ឆ្នាំ​​២០១៤​។​​
សំណុំ​រឿង​រសើប​ខ្លះ ​តុលាការ​តែងតែ​ត្រូវ​បាន​ការពារ​ជុំវិញ​ដោយ​កង​កម្លាំង​ប៉ូលីស​។ ​ទិដ្ឋភាព​​​នៅ​​សាលា​​ដំបូង​​រាជ​ធានី​ភ្នំពេញ​​ក្នុង​​ឆ្នាំ​​២០១៤​។​​ RFI/Siv Channa

ក្រសួង​យុត្តិធម៌​ បាន ​និង ​កំពុង​រៀបចំ​សេចក្តី​ព្រាង​ដំឡើង​ប្រាក់ខែ​បន្ថែមដ​ល់​ចៅ​ក្រម ​និង​ ព្រះ​រាជ​អាជ្ញា​នៅ​ទូទាំង​ប្រទេស​ដែល​ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​។ ​បើ​តាម​ក្រសួង​យុត្តិធម៌ ​សេចក្តី​ព្រាង​នេះ ​កំពុង​ស្ថិត​នៅក្នុង​ការ​ជជែក​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ ​ហើយ​គ្រោង​នឹង​បញ្ជូន​ទៅ​កាន់​រដ្ឋាភិបាល ​ដើម្បី​សម្រេច​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។​

ផ្សាយពាណិជ្ជកម្ម

លោក​ជិន ម៉ាលីន ​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹងថា​ គម្រោង​ប្រាក់ខែ​ដែល​ក្រសួង​យុត្តិធម៌​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល ​ដើម្បី​ដំឡើង​ដល់​ចៅក្រម​ និង ​ព្រះរាជអាជ្ញា​នេះ ​នឹង​មាន​ចំនួន​បន្ថែម​ប្រមាណ​៤០​ ទៅ​៥០​ ភាគរយ​ទៅ​លើ​ប្រាក់ខែ​បច្ចប្បន្ន​។ ​ប្រាក់ខែ​បច្ចុប្បន្ន​របស់​ចៅក្រម​ បើតាម​អ្នក​នាំ​ពាក្យ​រូបនេះ​ គឺ​ទាប​បំផុត​មាន​ចំនួន​៣០០​ដុល្លារ​អាមេរិក​នៅ​ក្នុ​ង​មួយ​ខែ។​ លោកជិន ម៉ាលីន ​បាន​អះអាង​ថា ​ការ​ដំឡើង​ប្រាក់ខែ​ដល់​ចៅក្រម​ និង ​ព្រះ​រាជ​អាជ្ញា​នៅ​ពេល​នេះ​ វា​គឺ​ជា​កត្តា​សំខាន់មួយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​ដែល​កើត​មាន​នៅក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​។ ​ក្រៅពីនេះ ​វា​ក៏​ជា​យន្តការ​នៃ​ការ​កែទម្រង់​របស់​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ការ​លើកទឹកចិត្​ត ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការ​អនុវត្ត​ច្បាប់​របស់​ចៅក្រម ​និង ​ព្រះរាជអាជ្ញា ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​។​

គួរកត់សម្គាល់​ថា​ ចៅក្រម ​និង​ ព្រះរាជអាជ្ញា​ដែល​បម្រើការ​នៅក្នុង​តុលាការក​ម្ពុជា​ ត្រូវ​បាន​សាធារណមតិ​ជាតិ ​និង ​អន្តរជាតិ​តែង​តែ​រិះគន់​ជា​អចិន្ត្រៃយ៍​ថា ​មិនឯ​ករាជ្យ ​កាត់​សេចក្តី​លំអៀង ​និង ជាពិសេស​បានប្រព្រឹត្ត​អំពើពុករលួយ​។ ​ជាក់ស្តែង ក​ន្លងមក​ចៅក្រម​មួយចំនួន​ ធ្លាប់​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​អំពើ​ពុក​រលួយ​នានា​។​

លោក​ព្រាប កុល ​នាយកប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​​យល់ថា ​ការ​ដំឡើង​ប្រាក់ខែ​ វា​គ្រាន់់តែ​ផ្នែក​មួយ​ក្នុង​ចូលរួម​លុបបំបាត់​អំពើ​ពុក​រលួយ​តែ​ប៉ុណ្ណោះ ​ប៉ុន្តែ​វា​មិន​អាច​លុបបំបាត់​បាន​ទាំងស្រុង​នោះ​ទេ​។ ​ផ្ទុយ​មកវិញ ​បើ​តាម​អ្នក​​ប្រយុទ្ធ​ប្រឆាំង​អំពើពុ​ក​រលួយ​រូប​នេះ ​ដើម្បី​អាច​លុប​បំបាត់​អំពើ​ពុករលួយ ​និង ​ភាព​លំអៀងរ​បស់​ចៅក្រម​ និង​ ព្រះ​រាជអាជ្ញា​ខ្មែរ​បាន​នោះ ​គឺគេ​ត្រូវបាន​កិច្ចការ​ជា​ច្រើន​ផ្សេងទៀត ​មាន​ដូចជា ​ការជ្រើសរើស​ចៅក្រម ​ត្រូវ​ធ្វើឡើង​ដោយ​តម្លាភាព​ ហើយ​ត្រូវ​មាន​លក្ខខណ្ឌ​កំណត់​មិន​ឲ្យ​ចៅក្រម ​និង ​ព្រះរាជអាជ្ញា​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​។ ចំណែក​ការ​ប្រកាស​សាលក្រម​វិញ ​ត្រូវ​បាន​ឡើង​ជា​សាធារណៈ ​និង ​ប្រកប​ដោយ​តម្លាភាព​ផងដែរ​។​

អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ​លោក​ជិន ម៉ាលីន ​បាន​ទទួលស្គាល់​ថា ​ការ​ដំឡើង​ប្រាក់ខែ​តែមួយ​មុខ ​វា​មិន​អាច​​លុប​បំបាត់​អំពើ​ពុករលួយ​នៅក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​បាន​នោះទេ។​ តែ​ទោះជា​យ៉ាងណា​ អ្នក​នាំពាក្យ​រូបនេះ ​បាន​គូស​បញ្ជាក់​ថា ​វិធានការ​ផ្លូវច្បាប់​នឹង​នៅតែ​បន្ត​អនុវត្ត​ទៅលើ​មន្ត្រី​តុលាការ​ណា​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI