អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ កឹម​ សុខា​៖​ការ​ពារ​សិទ្ធិ​មនុស្ស​ គឺ​ថែ​រក្សា​សន្តិ​ភាព​

ទិដ្ឋភាពដើរក្បួនប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅកម្ពុជា
ទិដ្ឋភាពដើរក្បួនប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅកម្ពុជា @លីកាដូ
ដោយ៖ អ៊ឹង ប៊ុនថន
១៤ នាទី

លោក កឹម សុខា ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សារ​អបអរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​១០​ធ្នូ​លើក​ទី​៧១​នៅ​ឆ្នាំ​២០១៩​នេះ​។​ បើ​តាម​អតីត​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ដ៍ធំ​មួយ​នេះ​ការ«ការពារសិទ្ធិ​មនុស្ស ​គឺ​ថែរ​ក្សា​សន្តិភាព»​ ខណៈ​រដ្ឋាភិបាល​តែងតែ​អះអាង​ថា​ទាល់​តែ​មាន​សន្តិភាព​ ទើប​សិទ្ធិ​មនុស្ស​កើត​ឡើង​តាម​ក្រោយ​។

ផ្សាយពាណិជ្ជកម្ម

ការ​ចេញ​សារ​របស់​លោក កឹម សុខា ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះ គឺ​ជា​លើក​ទី​១​ហើយ​​ចាប់​តាំង​ពី​តុលាការ​ឃុំ​ខ្លួន​លោក​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៧​ ហើយ​ទើប​ត្រូវ​បាន​តុលាការ​បន្ធូរ​បន្ថយ​លក្ខ​ខណ្ឌ​នៃ​ការ​រស់​នៅ​ក្នុង​ផ្ទះ​កាល​ពី​​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​នេះ​។​
​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ លោក កឹម សុខា បាន​ចាត់​ទុក​ការ​រំលោភ​សិទ្ធិ​មនុស្ស នាំ​មក​នូវ​ភាព​អយុត្តិធម៌ បង្ក​ការ​ឈឺ​ចាប់ បណ្តាល​ឲ្យ​មាន​ការ​រើរ​បម្រះ ហើយ​អាច​នាំមក​នូវ​អស្ថេរភាព​សង្គម​ ដែល​ជា​កត្តានាំ​ឲ្យប៉ះ​ពាល់​ដល់​សន្តិភាព​។ ​លោក​គូស​បញ្ជាក់​ថា ខ្លឹម​សារ​នៅ​ក្នុង​បុព្វកថា​នៃ​សេចក្តី​ប្រកាស​ជា​សកល​របស់​អង្គការ​សហប្រជា​ជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​ដែល​រដ្ឋ​ធម្មនុញ្ញ​ខ្មែរ​ទទួល​ស្គាល់ បាន​បញ្ជាក់​ថា កា​រ​ការ​ពារ​សិទ្ធិ​មនុស្ស គឺ​ជា​ការ​ចាំបាច់​ដើម្បី​ចៀស​វាង​កុំឲ្យ​មនុស្ស​ត្រូវ​បង្ខំ​ចិត្ត​ជ្រើសរើស​យក​ការ​ប្រឆាំង​នឹង​ការ​គៀប​សង្កត់ រំលោភ​បំពាន​ណា​មួយ ដោយ​ពឹង​ផ្អែក​លើការ​រើប​ម្រះបះ​បោរ​។

បើ​តាម លោក កឹម សុខា «មាន​មនុស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា ដើម្បី​រក្សា​សន្តិភាព សង្គម​មួយ​ត្រូវ​បិទ​ឬ​កាត់​បន្ថយ​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ»​ ខណៈ​រដ្ឋាភិបាល​តែង​តែ​អះអាង​ថា​ទាល់​តែ​មាន​សន្តិភាព​ ទើប​សិទ្ធិមនុស្ស​កើត​ឡើង​តាម​ក្រោយ​។

លោក កត្តា អន អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​បាន​អះអាង​ថា សម្រាប់​បរិបថ​កម្ពុជា​គឺ​ទាល់​តែ​មាន​សន្តិភាព​ទើប​អាច​ធ្វើ​សកម្មភាព​សិទ្ធិ​មនុស្ស​បាន ដោយ​លោក​លើក​ពី​ករណី​​កម្ពុជា​កា​ល​ពី​សម័យ​សង្គ្រាម​មក​បញ្ជាក់​។

តែសម្រាប់ អំ សំអាត អនុ​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​លើក​ឡើង​ពី​ករណី​សង្គ្រាម​លោក​មក​ធ្វើ​អំណះ​អំណាង​ទើប​បង្កើត​ឲ្យ​មាន​សន្ធិសញ្ញា​ស្តីពី​សិទ្ធិ​មនុស្ស​កើត​ឡើង​។​

​ទោះជាយ៉ាងណា លោក កឹម សុខា បាន​អះអាង​ថា​ ការ​ចូល​រួម​លើក​កម្ពស់​និង​ការពារ​សិទ្ធិ​មនុស្ស ​មិនមែន​ជា​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​នេះ​ទេ​។ ​ហើយ​ក៏​មិន​ត្រូវ​ប្រមាថ​ភាព​ជា​មនុស្សរបស់​ខ្មែរ ​ដោយលើក​ឡើង​ថា សិទ្ធិ​មនុស្ស​គឺ​ជា​គំនិត​បរទេស​នោះ​ដែរ​។

​ការ​លើក​យ៉ាងដូច្នេះ​របស់​លោក កឹម សុខា​ គឺដូចគ្នានឹង​ការ​លើក​ឡើង​របស់ លោក ធន សារ៉ាយ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ដែល​កំពុង​នៅក្រៅ​ប្រទេសដែរ។ ​នៅ​ក្នុង​វីដេអូ​ឃ្លីប​រយៈ​ពេល​ប្រមាណ​៧នាទី លោក ធន សារ៉ាយ បាន​លើក​ឡើង​ពី​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ ដែល​មាន​ការ​ប្រាស​ចាក ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​ការ​ឈឺ​ចាប់​ដូច​ដែល​បាន​កើត​មាន​ពី​អតីត​កាល​ស្រាប់​។ លោក​បន្ថែម​ថា ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជា​ធិបតេយ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ មិន​មែន​ជា​ការ​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​ប្រទេស​ណា​មួយ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ