អ្នកនាំពាក្យថា ការចាត់តាំង លោក ហ៊ុន សែន ជានាយរដ្ឋមន្ត្រី មុនបង្កើតរដ្ឋសភាមិនផ្ទុយរដ្ឋធម្មនុញ្ញឡើយ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ភ្លាមៗបន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១៧សីហាម្សិលមិញ នាំឲ្យមានរិះគន់ថា នីតិវិធីនេះ បានដើរផ្ទុយពីរដ្ឋធម្មនុញ្ញ។ ឆ្លើយតបនឹងចម្ងល់នានា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជននៅថ្ងៃសៅរ៍នេះ បានពន្យល់ថា ការចាត់តាំង លោក ហ៊ុន សែន ជានាយរដ្ឋមន្ត្រី មុនបង្កើតរដ្ឋសភាមិនបានដើរផ្ទុយរដ្ឋធម្មនុញ្ញឡើយ ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា ដ្បិតតែសមាសភាពរដ្ឋាភិបាលបង្កើតឡើង មុនកិច្ចប្រជុំសភាដែលគ្រោងនៅថ្ងៃទី៥កញ្ញា ពិតមែន តែសមាសភាពទាំងនេះនៅ មិនទាន់ទទួលបានសុពលភាពនៅឡើយទេ ដោយរង់ចាំសេចក្ដីទុកចិត្តពីរដ្ឋសភាសិន។ មុននឹងទទួលបានសេចក្ដីទុកចិត្តពីរដ្ឋសភាគឺនាយករដ្ឋមន្ត្រីដែលចាត់តាំងដោយព្រះមហាក្សត្រ ត្រូវមានភារៈកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលដើម្បីសុំសេចក្ដីអនុម័តទុកចិត្តពីរដ្ឋសភា។ នេះបើផ្អែកតាមខ្លឹមសារមានចែងនៅក្នុងព្រះរាជក្រឹត្យព្រះមហាក្សត្រ និងត្រូវបានពន្យល់បន្ថែមដោយលោក សុខ ឥសាន នៅថ្ងៃសុក្រនេះ។
អ្នកនាំពាក្យដដែលនៅតែបន្តគូសបញ្ជាក់ថា រដ្ឋាភិបាលមិនបានធ្វើការងារមុនទទួលបានសេចក្ដីទុកចិត្តពីរដ្ឋសភានោះទេ ប៉ុន្តែគ្រប់យ៉ាងដែលជាចម្ងល់របស់អ្នកវិភាគ និងសង្គមស៊ីវិលមួយចំនួននោះ គ្រាន់តែជាការត្រៀមលក្ខណៈដើម្បីឆ្ពោះទៅការប្រជុំពេញអង្គរបស់រដ្ឋសភា។ បើតាម លោក សុខ ឥសាន បើមិនត្រៀមលក្ខណៈមុន តើរដ្ឋសភាបានសមាភាពមកពីណាដើម្បីផ្ដល់សេក្ដីទុកចិត្ត។
សូមបញ្ជាក់ថា ប្រតិកម្មរបស់លោក សុខ ឥសាន ធ្វើឡើងបន្ទាប់ពីអតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានរិះគន់ការចាត់តាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅពេលនេះថា ផ្ទុយពីស្មារតី មាត្រា៤ នៃរដ្ឋធម្មនុញ្ញបន្ថែម ព្រោះលោក ហ៊ុន សែន មិនទាន់ទទួលបានសុពលភាពជាតំណាងរាស្ត្រ ឲ្យធ្វើជានាយករដ្ឋមន្ត្រីនៅឡើយ។
បើតាម លោក អេង ឆៃអ៊ាង សម្រាប់អណត្តិទី៦ លោក ហ៊ុន សែន មានឋានៈត្រឹមតែជាបេក្ខជនជាប់ឆ្នោត ចេញពីការបោះឆ្នោតមួយដែលសម្រាប់ លោក អេង ឆៃអ៊ាង ចាត់ទុកជាការបោះឆ្នោតក្លែងក្លាយ តែប៉ុណ្ណោះ ព្រោះមិនទាន់បានប្រកាសសុពលភាព និងស្បថ ចូលកាន់តំណែង ។
ចំណែក លោក កន សាវ៉ាង ជាអ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែលបានលើកឡើងដោយផ្អែកតាម ជំពូកទី១០ មាត្រា១១៩ ថា ជានាយករដ្ឋមន្ត្រីលុះណាមានការស្នើសុំពីប្រធាន និងឯកភាពពីអនុប្រធានទាំងពីរ នៃរដ្ឋសភា ទើបព្រះមហាក្សត្រទ្រង់ចាត់តាំងវីរៈជនមួយរូបក្នុងចំណោមតំណាងរាស្រ្តនៃគណបក្សដែលឈ្នះឆ្នោតឱ្យបង្កើតរដ្ឋាភិបាល។ រីឯមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវកើតទន្ទឹមគ្នាផងដែរនៃរដ្ឋសភា។នេះបើតាម លោក កន សាវ៉ាង ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ