កម្ពុជា

ក្រសួង​បរិស្ថាន​បញ្ជា​ឲ្យ​រុះ​រើ​សំណង់​គ្រប់​ប្រភេទ និង​បញ្ឈប់​ការ​ឈូស​ឆាយ​ដី​ឧទ្យាន​ជាតិ​គិ​​រីរម្យ

រូបតំណាង៖ សហគមន៍អេកូទេសចរណ៍ចំបក់ ដែលស្ថិតនៅជាប់នឹងឧទ្យានជាតិគិរីរម្យ
រូបតំណាង៖ សហគមន៍អេកូទេសចរណ៍ចំបក់ ដែលស្ថិតនៅជាប់នឹងឧទ្យានជាតិគិរីរម្យ ក្រសួងទេសចរណ៍

ក្រសួង​បរិស្ថាន ​​បញ្ជា​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បញ្ជាក់​លើ​លិខិត​ទិញ​លក់ដី​រដ្ឋ ផ្ទេ​ឬ​បញ្ជាក់​​លើ​ប្លង់​ទី​តាំង​ដី ដែល​ស្ថិត​នៅ​ក្នុង​ដែនឧទ្យានជាតិ​ព្រះសុរាម្រិត​កុសមៈ​គិរីរម្យ​។ បទ​បញ្ជា​របស់​ក្រសួង​បរិស្ថាន ​ធ្វើ​ឡើង​បន្ទាប់​ពី​សកម្មភាព​កាប់​ទន្ទ្រាន​ តំប​ន់​​អភិរក្ស​មួយ​នេះ​​កំពុង​កើត​មាន បើ​ទោះ​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​រួម​គ្នា​ទប់​ស្កាត់​បែប​ណា​ក៏​ដោយ។ នេះ​បើ​តាម​ក្រសួង​បរិស្ថាន។

ផ្សាយពាណិជ្ជកម្ម

«អ្នក​ដែល​បាន​និង​កំពុង​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់​ត្រូវ​បញ្ឈប់​ការ​ឈូស​ឆាយ​និង​ការ​សាង​​សង់​​សំណង់​នានា ហើយ​ត្រូវ​រុះ​រើ​សំណង់​គ្រប់​ប្រភេទ​ដោយ​ខ្លួន​ឯង​និង​ប្រ​គ​ល់​ទី​តាំង​​ដី​ទាំង​នោះ​ដោយ​ឥត​លក្ខខណ្ឌ មក​ឲ្យ​ក្រសួង​បរិស្ថាន​វិញ» នេះ​ជា​បទបញ្ជា​របស់​ក្រសួង​​បរិស្ថាន តាម​រយៈ​សេចក្ដី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​២​៤តុលា តែ​ទើប​ត្រូវ​បាន​ចេញ​ផ្សាយ​សាធារណៈ​នៅ​ថ្ងៃ​ទី​២៦​ម្សិល​មិញ។

បន្ថែម​ពី​លើ​នេះ ក្រសួង​បរិស្ថាន​បាន​ជំរុញ​អាជ្ញាធរ​ចាត់​វិធាន​ការ​ទប់​ស្កាត់ និង​បង្ក្រាបលើ​ការ​កាប់​គាស់ រុករាន ដីព្រៃ ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ ដែល​ពលរដ្ឋ​យក​មក​ធ្វើជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន ហើយ​បាន​សង់​ជា​ផ្ទះ តូប និង​រោង​ជាដើម។ បើ​តាម​ក្រសួង​បរិស្ថានសក​ម្មភាព​ពលរដ្ឋ​បែប​នេះ​ជា​ទង្វើ​ខុស​ច្បាប់​ស្ដី​ពី​តំបន់​ការ​ធម្មជាតិ​ត្រង់​មាត្រា​៦២​និង៦៣។

សូម​បញ្ជាក់​ថា ឧទ្យាន​ជាតិ​ព្រះសុរាម្រិត​កុសុមៈ​គីរីរម្យ​ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា ឧទ្យា​ន​ជាតិ​​គិរីរម្យ ស្ថិត​នៅ​ក្នុង​ភូមិ​ដំរី​ផុតខេត្តកំពង់ស្ពឺ។  ឧទ្យានជាតិ​គីរីរម្យ​លាត​សន្ធឹង​លើ​ផ្ទៃដី​ដែល​មាន​ព្រៃឈើ​ប្រមាណ៨​ម៉ឺន​ហិកតា។

លោក ​អ៊ូច ​ឡេង​ ជា​​សកម្មជន​​បរិស្ថាន​​ដែល​​ទទួល​​បាន​​ពាន​​រង្វាន់​​ខាង​​ការ​​ពារ​​ព្រៃ​​នៅ​កម្ពុ​ជា​​​ធ្លាប់​បាន​​ប្រាប់​​វិទ្យុ​បារាំង​អន្តរជាតិ​RFI ចំពោះ​សកម្មភាព​កាប់​រាន​ទន្ទ្រាន​ដី​ពីសំណាក់​ពលរដ្ឋ​ខ្លួន​ឯង​គឺ​ងាយ​ស្រួល​ក្នុង​ការ​ទប់​ស្កាត់​ទេ។ តែ​អ្វី​ដែល​ពិបាក​ក្នុង​ការ​ទប់ស្កាត់​នោះ​គឺ​សកម្មភាព​ដែល​មាន​ក្រុម​ហ៊ុន​ខ្នាត​ធំ​នៅ​ពី​ក្រោយ ដោយ​សូម្បី​តែ​មន្ត្រីបរិស្ថាន​ក៏​មិន​ហ៊ាន​មាន​ចំណាត់​ការ​ដែរ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ សកម្មជន​បរិស្ថាន​រូប​នេះ នៅ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​​រួម​គ្នា​ស្រឡាញ់​ព្រៃ​ឈើ​តាមរយៈ​ការ​ចូល​រួម​អភិរក្ស​ដោយ​កុំ​រំពឹង​តែ​ទៅ​លើ​សមត្ថ​កិច្ច​របស់​​រដ្ឋាភិបាល។

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​អង្គការ​អភិរក្ស​ព្រៃ​ឈើ​ចំនួន​២០​នៅ​កម្ពុជា​ បាន​នាំ​គ្នា​ដាក់​ញត្តិ​មួយ​ទៅ​សហ​ភាព​អឺរ៉ុប​ ដើម្បី​ស្នើ​ឲ្យ​ប្រទេស​លោក​សេរី​ទាំង​នេះ ​ឈប់​ទិញ​ឈើ​ពី​ប្រទេស​វៀតណាម​។​​​ បញ្ឈប់​ការ​ទិញ​ឈើ​ពីប្រទេស​វៀតណាម​ គឺ​ដើម្បី​ទប់​ស្កាត់​ការ​​កាប់​ឈើ​នៅ​កម្ពុជា។​ ការ​កាប់​ឈើ​នៅ​កម្ពុជា​ ដែល​នៅ​តែ​បន្ត​កើត​នេះ​ ត្រូវ​បាន​លោក ​អ៊ូច​ ឡេង​ ពន្យល់​ថា​ គឺ​ដោយ​សារ​តែ​វៀតណាម​ជា​ទី​ផ្សារឈើ​ដ៏​ធំរបស់​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI