កម្ពុជា-ច្បាប់

​លីកាដូ ជំរុញ​បន្ថែម​ឲ្យ​ក្រសួង​ពន្លឿន​នីតិ​វិធី​ជួយ​ម្ដាយ​និង​ស្រ្តី​មាន​ផ្ទៃ​ពោះ​ជាប់​ពន្ធនាគារ ឲ្យ​បាន​ឆាប់​

អ្នកទោសស្ត្រីដែលមានកុមារនៅជាមួយ
អ្នកទោសស្ត្រីដែលមានកុមារនៅជាមួយ @The Cambodia Daily

សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា លីកាដូ នៅ​ថ្ងៃ​ទី០៨ ខែមេសានេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ជំរុញ​បន្ថែម​ទៀត ឲ្យ​ក្រសួង​ពាក់​ព័ន្ធ ពន្លឿន​នីតិ​វិធី​ក្នុង​ការ​ជួយ​ដល់​ម្ដាយ​និង​ស្រ្តី​មាន​ផ្ទៃ​ពោះ ដែល​កំពុង​ជាប់​ពន្ធនាគារ ឲ្យ​បាន​មុន​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​។ សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ មាន​កុមារ​ចំនួន ១១៣នាក់ និង​ស្ដ្រី​មាន​ផ្ទៃ​ពោះ​ចំនួន​៣៨​នាក់ កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៨​ដែល លីកាដូ បាន​ធ្វើ​ការ​ឃ្លាំ​មើល​។ 

ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃទី ០៨ មេសានេះ សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា លីកាដូ បាន​បង្ហាញ​ការ​គាំទ្រ ចំពោះ​សេចក្ដី​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កាល​ពី​ថ្ងៃទី ១៨ កុម្ភៈ ឆ្នាំ ២០១៩នេះ បាន​ណែនាំ​ឲ្យ​ក្រសួង​យុត្តិធម៌ និង ក្រសួង​កិច្ច​កានារី​ចាត់​វិធាន​ការ​ជា​បន្ទាន់ ដើម្បី​ដោះ​ស្រាយ​តម្រូវ​ការ​របស់​ស្ដ្រី​ក្នុង​ពន្ធនា​គារ ជា​ពិសេស​ស្ថាន​ភាព​អ្នក​ជាប់​ឃុំ​ដែល​ងាយ​រងគ្រោះ ដូច​ជា ម្ដាយ​ដែល​មាន​កូន​តូច​នៅ​ជា​មួយ និង​ស្រ្តី​មាន​ផ្ទៃពោះ​ក្នុង​ពន្ធនាគារ​ជា​ដើម​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ននេះ មាន​កុមារ​ចំនួន ១១៣នាក់ និង​ស្ដ្រី​មាន​ផ្ទៃពោះ​ចំនួន​៣៨​នាក់ កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ចំនួន​១៨​ដែល លីកាដូ បាន​ធ្វើ​ការ​ឃ្លាំ​មើល​។ បើ​តាម​លីកាដូ វិបត្តិ​នេះ កំពុង​តែ​ធ្វើ​ឱ្យ​មាន​ស្ថានភាព​កាន់​តែ​អាក្រក់​ឡើងៗ ខណៈ​ដែល​ចំនួន​កុមារ​ដែល​នៅជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ បាន​កើន​ឡើង​ស្ទើរ​តែ​ទ្វេ​ដង ចាប់​តាំង​ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧​មក​។ បើ​តាម លីកាដូ កុមារ និង​ម្ដាយ​របស់​ពួក​គេ ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ដូចជា ខ្វះ​ខាត​របប​អាហារ ទឹក​ប្រើ​ប្រាស់​និង​បរិភោគ សម្លៀក​បំពាក់ និង​គ្រឿង​សម្អាត​អនាម័យ​ផ្សេងៗ​។ បញ្ហា​ទាំង​នេះ គឺ​មាន​ស្ថានភាព​អាក្រក់​ខ្លាំង ដោយ​សារ​ការ​ប្រើ​ប្រាស់​នីតិវិធី​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ច្រើន​ហួស​ហេតុ​ពេក និង​កង្វះ​ខាត​នៃ​ការ​អនុវត្ត​នីតិ​វិធី​ផ្លូវ​ច្បាប់ ដែល​មាន​ស្រាប់ ដូច​ជា ពាក្យ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ជា​ដើម​។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ក្តី​កង្វល់​នេះ លីកាដូ បាន​លើក​ឡើង​ពី​អនុសាសន៍​ជា​ច្រើន​ចំណុច​ ដែល​ក្នុង​នោះ អ្នក​ជាប់​ឃុំ​ទាំង​អស់​ដែល​មាន​សិទ្ធិ គួរ​ត្រូវ​បាន​សាក​សួរ​ថា តើ​អ្នក​ទាំង​នោះ​ចង់​ស្នើ​សុំនៅ​ក្រៅ​ឃុំ​ដែរ​ឬ​ទេ? ជា​ពិសេស​ករណី​អ្នក​ជាប់​ឃុំ​ដែល​ងាយ​រង​គ្រោះ ដូច​ជា អ្នក​ជាប់​ឃុំជា​ស្រ្តី​មាន​កូន​តូច​នៅ​ជាមួយ និង​អនីតិជន​ជា​ដើម​។ បន្ថែម​លើ​ចំណុច​ជា​ច្រើន​នេះ លីកាដូ ក៏​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​អគ្គ​ព្រះរាជ​អាជ្ញា​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពី​គោលការណ៍​ណែនាំ ស្ដី​ពី របៀប​ដែល​អាជ្ញាធរ​យុត្តិធម៌​និង​មន្រ្តី​តុលាការ គួរ​ដោះ​ស្រាយ​ចំពោះ​ករណី​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​ម្ដាយ​និង​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ធានា​ថា អ្នក​ទាំង​នោះ​មិន​ត្រូវ​បាន​ឃុំ​ខ្លួន ដែល​ធ្វើ​ឱ្យ​កើន​ឡើង​នូវ​ចំនួន​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នា​ពេល​អនាគត​នោះ​ទេ​។

យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជីន ម៉ាលីន បាន​អះអាង​ថា ក្រសួង​បាន​នឹង​កំពុង​ចាត់​វិធាន​ការ​រួច​ហើយ តាម​រយៈ​ការ​ជំរុញឲ្យ​សាលា​ដំបូង​រាជធានី​ខេត្ត ពិនិត្យ​លើ​សំណុំ​រឿង​នីមួយៗ​។ ប៉ុន្តែ​លោក​ថា តុលាការ​មិន​អាច​ធ្វើ​ឲ្យ​លឿន តាម​អ្វី​ដែល លីកាដូ ចង់បាន​នោះ​ទេ​។

សូម​ជំរាប​ជូន​ថា លីកាដូ គឺ​ជា​អង្គការ​សង្គម​ស៊ិវិល​មួយ ដែល​បាន​ចាប់​ផ្ដើម​ឃ្លាំ​មើល​ស្ថាន​ភាព​ពន្ធនាគារ​នៅ​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩៣​មក ហើយ​បច្ចុប្បន្ន​នេះ កំពុង​ឃ្លាំ​មើល​នៅ​តាម​ពន្ធនាគារ​ចំនួន ១៨ ក្នុង​ចំណោម​ពន្ធនាគារ​សរុប​ចំនួន​២៨​នៅ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI