ក្រសួងបរិស្ថានប្រាប់អាជ្ញាធរឲ្យចាត់វិធានការឲ្យម៉ឺងម៉ាត់ចំពោះអ្នកចូលកាន់ដីរដ្ឋ
ចុះផ្សាយនៅថ្ងៃ៖
ជាថ្មីទៀតក្រសួងបរិស្ថាននៅថ្ងៃទី៩ឧសភាម្សិលមិញបានអំពាវនាវឲ្យពលរដ្ឋបញ្ឈប់សកម្មភាពចូលកាន់កាប់ដីរដ្ឋ ដែលស្ថិតក្នុងតំបន់អភិរក្សនិងការពារធម្មជាតិ។ ក្នុងនោះក្រសួងបរិស្ថាន បានប្រាប់ឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការឲ្យបានម៉ឺងម៉ាត់ដើម្បីទប់ស្កាត់និងបង្ក្រាបរាល់សកម្មភាពបទល្មើស។ អ្នកនាំពាក្យក្រសួងបរិស្ថានបានអះអាងបន្ថែមថា រាល់ដីដែលពលរដ្ឋចូលទៅកាន់កាប់ស្ថិតក្នុងតំបន់អភិរក្សនិងការពារធម្មជាតិ ក្រសួងនឹងរឹបអូសយកមកគ្រប់គ្រងវិញ។
ដីរដ្ឋស្ថិតក្នុងតំបន់អភិរក្សនិងការពារធម្មជាតិ ដែលក្រសួងបរិស្ថានកំពុងពិនិត្យដើម្បីយកមកគ្រប់គ្រងវិញ ស្ថិតក្នុងឧទ្យានជាតិគិរីរម្យ ឧទ្យានជាតិព្រះសីហនុរាម និងបូកគោ រួមនឹងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងខេត្តមណ្ឌលគិរីជាដើម។
លោក នេត្រ ភត្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រនេះ ដោយគូសបញ្ជាក់ជាថ្មីថា រូបភាពនៃការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន ដីរដ្ឋស្ថិតក្នុងតំបន់ការពារធម្មជាតិនិងតំបន់អភិរក្ស គឺកើតមានយូរឆ្នាំមកហើយ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ សកម្មភាពនេះ បានផ្ទុះឡើងកាន់តែខ្លាំង ដោយសារតម្លៃដីកំពុងឡើងថ្លៃ។
ជាការកត់សម្គាល់ ចលនាចូលកាន់កាប់ដីរដ្ឋបានរាលដាលទៅដល់ខេត្តកោះកុង។ អភិបាលខេត្តនេះ បានចេញមុខអំពាវនាវដល់ពលរដ្ឋមួយចំនួន ឲ្យបញ្ឈប់សកម្មភាពកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ។ នៅកោះកុង ករណីលួចចូលកាន់កាប់ដីរដ្ឋបានកើតមានឡើងចាប់ពីចុងឆ្នាំ២០១៨ រហូតមកដល់ពេលបច្ចុប្បន្ន ស្របពេលដែលតម្លៃដីក្នុងខេត្តកោះកុងកំពុងឡើងថ្លៃ។ មូលហេតុដែលនៅពីក្រោយចលនាចូលកាន់កាប់ដីរដ្ឋនេះ ទាំងក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តកោះកុងបានអះអាងដូចគ្នាថា ដោយសារតែមានការញុះញង់ពីជនខិលខូចមួយចំនួន។
ដោយឡែក អ្នកធ្វើការផ្នែកអចលនទ្រព្យលើកឡើងថា រូបភាពនៃការចូលកាន់កាប់រដ្ឋដោយខុសច្បាប់ អាចប៉ះពាល់ដល់អារម្មណ៍អ្នកវិនិយោគទុនទាំងក្នុងស្រុកនិងក្រៅស្រុក។ ដូច្នេះគឺមានមានតែការពង្រឹងការអនុវត្តច្បាប់ទាក់ទងដីធ្លីឲ្យមានប្រសិទ្ធិភាពទេ ទើបអាចទប់ស្កាត់ការចូលកាន់កាប់ដីធ្លីរបស់រដ្ឋនេះបាន។ សម្រាប់មន្ត្រីអង្គការសង្គមស៊ីវិលមើលឃើញថា សកម្មភាពកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនិងការចាក់ដីលុបឆ្នេរសមុទ្រ បឹង ក្នុងខេត្តកោះកុងក៏ដូចជាខេត្តព្រះសីហនុកន្លងមក ភាគច្រើនកើតឡើងដោយសារអ្នកមានអំណាចនិងមានប្រាក់ ហើយពលរដ្ឋធម្មតា ដូចជាមិនហ៊ានបំពានដីរដ្ឋឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ