ស្វាយដែលកសិករដឹកយកមកចាក់ចោល មិនត្រូវតាមស្តង់ដារបស់ទីផ្សារ?
ចុះផ្សាយនៅថ្ងៃ៖
កាលពីពេលថ្មីៗនេះ ប្រភេទស្វាយកែវរមៀតជាច្រើនតោន ត្រូវបានកសិករដឹកយកមកចាក់ចោលនៅមាត់ផ្លូវនិងបេះទម្លាក់គរទុកនៅក្រោមដើម។ រូបភាពនេះ ស្ថិតនៅខេត្តព្រៃវៃង ស្វាយរៀង ដែលជាប់ព្រំដែនកម្ពុជាវៀតណាម ខណៈខេត្តផ្សេងទៀតក៏ប្រឈមនឹងវិបត្តិស្វាយគ្មានទីផ្សារដែរ។ តែបើតាមអ្នកជំនាញមូលហេតុដែលប្រភេទស្វាយកែវរមៀតគ្មានទីផ្សារដោយសារការដាំដុះមិនត្រូវតាមស្តង់ដាដែលអ្នកទិញត្រូវការ។
ប្រភេទស្វាយកែវរមៀតជាច្រើនតោន ដែលគ្មានទីផ្សារហើយប្រឈមនឹងការចាក់ចោលត្រូវបានអ្នកជំនាញមកពីក្រសួងកសិកម្ម និងមន្ត្រីជំនាញមកពីសមាគមស្វាយអះអាងដូចគ្នាថា គឺមកពីការដាំដុះរបស់កសិករមិនត្រូវតាមស្តង់ដា តាមរយៈការបាញ់ថ្នាំគីមីដែលត្រូវបានហាមឃាត់។ បើកាលណាកសិករបន្តដាំដុះដោយការប្រើប្រាស់ថ្នាំគីមីហាមឃាត់ នៅពេលប្រឈមនឹងវិបត្តិស្វាយគ្មានទីផ្សារបែបនេះ សមាគមស្វាយមិនអាចជួយអ្វីបានឡើយ។
លោក អ៊ិន ឆៃវ៉ាន់ ប្រធានសមាគមស្វាយកំពង់ស្ពឺលើកឡើងថា ការនាំចេញស្វាយត្រូវបានចែកចេញជាពីរប្រភេទគឺស្វាយសម្រាប់កែច្នៃនាំចូលរោងចក្រ និងស្វាយនាំចូលទីផ្សារផ្ទាល់តែម្ដង។ ក្នុងចំណោមប្រភេទស្វាយទាំងពីរប្រភេទនេះ គឺស្វាយកែច្នៃនាំចូលរោងចក្រកំពុងជួបបញ្ហាប្រឈម ខណៈស្វាយនាំចូលទីផ្សារផ្ទាល់តែម្ដងមិនជួបបញ្ហាឡើយ។ នេះដោយសារតែការដាំដុះនិងការវេចខ្ចប់ត្រឹមតាមស្តង់ដា។
បើតាមកសិករពួកគេសម្រេចចាក់ស្វាយចោលនិងបេះគរទុកក្រោមដើមព្រោះគ្មានទីផ្សារ ស្របពេលដែលឈ្មួញទិញរើសយកតែផ្លែធំក្នុងតម្លៃទាបមិនធ្លាប់មានពោលគឺ១គីឡូ៣០០រៀល។ ប៉ុន្តែយ៉ាងណាមិញ ប្រធានសមាគមស្វាយក្នុងខេត្តកំពង់ស្ពឺលើកឡើងថា ប្រសិនបើកសិករចង់ក្រងបណ្ដាញជាមួយសមាគម ផ្លែស្វាយនឹងមានតម្លៃពី៨០០ទៅ១០០០រៀលក្នុងមួយគីឡូក្រាម។
រដ្ឋលេខាធិការក្រសួងកសិកម្ម លោក ហ៊ាន វណ្ណហន បានហៅសកម្មភាពចាក់ស្វាយចោលរបស់កសិករថា ជាការបំផ្លាញខ្លួនឯង។ បំផ្លាញខ្លួនឯងនៅត្រង់ថា ដីដែលធ្លាប់ដាំដុះស្វាយនឹងដាំលែងកើតព្រោះតែស្វាយដែលចាក់ចោលត្រូវបានសត្វល្អិតស៊ីបំផ្លាញហើយ នឹងប៉ះពាល់ដល់ដី។ ទោះជាគ្មានទីផ្សារកសិករអាចច្នៃស្វាយជាដំណាប់សម្រាប់ការលក់ចេញបាន ដែលនេះជាដំណោះស្រាយបឋម ប្រសើរជាងការចាក់ស្វាយចោលបែបនេះ។
តែយ៉ាងណាតំណាងកសិករបានថ្លែងការពារថា ក្រសួងកសិកម្មត្រូវរកទីផ្សារជូនកសិករនៅពេលដែលពួកគេប្រឈមនឹងការគ្មានទីផ្សារបែបនេះ ប្រសើរជាងការស្ដីបន្ទោសដល់កសិករ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ