លោក គួច ម៉េងលី មិនសុំទោសតាមសំណើរបស់គណៈវិជ្ជាជីវៈសុខាភិបាល ចំពោះការរិះគន់ពេទ្យស្រុកខ្មែរ
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានងារជាឧកញ៉ា និងជាប្រធានក្រុមហ៊ុនមួយនៅស្រុកខ្មែរ បានបញ្ជាក់ថា មិនមានរឿងអ្វីធ្ងន់ធ្ងរ ដែលលោកគួរតែសុំទោសជាសាធារណៈ ចំពោះការលើកឡើងរបស់លោកពីទិដ្ឋភាពអសីលធម៌របស់គ្រួពេទ្យមួយចំនួននោះទេ។ ការលើកឡើងរបស់លោកបែបនេះ បានធ្វើឡើងក្រោយពី មានការស្នើសុំឲ្យលោកសុំទោសជាសាធារណៈ និងកែតម្រូវ ពីគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
លោក គួច ម៉េងលី បានបញ្ជាក់ប្រាប់វិទ្យុបារាំងនៅថ្ងៃទី១៥ ខែមករា នេះថា រឿងដែលលោកបានលើកឡើងក្នុងកាសែតកាលពីពេលកន្លងទៅ មិនមែនជារឿងធ្ងន់ធរ ដែលលោកគួរតែសុំទោសជាសាធារណៈនោះទេ ហើយមតិយោបល់ ដែលលោកបានលើកឡើងនោះ គឺជាមតិយោបល់ផ្ទាល់ខ្លួនដែលលោកបានឆ្លងកាត់ និងប្រជាពលរដ្ឋខ្មែរមួយចំនួនបានឆ្លងកាត់ដែរ។ លោក ម៉េងលី បានបន្ថែមថា នៅស្រុកខ្មែរមិនមែនគ្មានពេទ្យល្អទេ មានពេទ្យល្អច្រើន ប៉ុន្តែភាគរយនោះគឺមានកម្រិតទាបនៅឡើយ ហើយបើភាគរយពេទ្យល្អច្រើននោះប្រជាពលរដ្ឋខ្មែរមិនវេទនានោះទេ។
សូមបញ្ជាក់ថាប្រធានក្រុមហ៊ុន និងជាស្ថាបនិក ក្រុមហ៊ុន Mengly J. Quach Holding ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ដកស្រង់សម្តីយកមកចុះផ្សាយ កាលពីថ្ងៃទី៨ ខែមករា ក្នុងអត្ថបទមួយក្រោមចំណងជើងថា “ពីក្មេងល្ងង់ខ្លៅក្រីក្រ ដើររើសចំណីតាមផ្លូវបរិភោគ ទៅជាសេដ្ឋីចិត្តធម៌”។ ដោយក្នុងនោះកាសែតបានដកស្រង់សម្តីលោកម៉េងលីថា «វិស័យសុខាភិបាលយើងបើលោកឲ្យពិន្ទុពី ១ ដល់ ១០ លោកឲ្យ ២ ពិន្ទុ។
បើអ្នកក្រទៅពេទ្យលោកហ៊ានធានាថា គេនឹងដេកនៅចិញ្ចើមផ្លូវ។ ស្រី្តសម្រាលកូនខ្លះកូនអាចស្លាប់ក្នុងពោះបើគ្មានលុយវះ។ លោកម៉េងលី បានបញ្ជាក់តាមរយៈកាសែតនេះទៀតថា ពេទ្យគ្មានវិជ្ជាជីវៈ គ្មានភាពទន់ភ្លន់ គ្មានមេត្ដាធម៌នេះ លោកមិនមែននិយាយទាំងអស់ទេពោលគឺបើជួប១០មាន៩អាក្រក់។
ក្រោយពីការចុះផ្សាយរបស់កាសែតនេះ គណៈវិជ្ជាជីវៈសុខាភិបាល ក៏បានចេញលិខិត មួយនៅថ្ងៃទី១៤ មករា ជម្រាបលោក គួច ម៉េងលី ដោយសុំឲ្យមានការកៃតម្រូវអត្ថបទនោះ។ គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជាក៏បានចាត់ទុកការលើកឡើងរបស់លោកឧកញ៉ារូបនេះថា ជាការវាយតម្លៃគ្មានមូលដ្ឋាន គ្មានវិជ្ជាជីវៈ គ្មានការទទួលខុសត្រូវ និងមានចរិតបំផ្លើស បន្ទោសបង្អាប់ ដែលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់គ្រូពេទ្យ ហើយសុំឲ្យលោកគួច ម៉េងលី សុំទោសជាសាធារណៈជាចាំបាច់។
ចំណែកលោកម៉េងលី បានឆ្លើយតបថា លោកមិនមានគោលដៅវាយប្រហារអ្វីទេ តែមានគោលដៅជួយរដ្ឋាភិបាលរកវិធីសាស្ត្រធ្វើឲ្យរឹងមាំតាមវិស័យនីមួយៗ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសេវា ហើយកាត់បន្ថយលំហូរថវិកាទៅក្រៅ ដែលអាចបាត់បង់ភាពជឿជាក់លើប្រទេសខ្មែរ។ លោកបន្ថែមថា បើតាមវិជ្ជាវៈគ្រួពេទ្យ លោកមិនអាចទិទានវិជ្ជាជីវៈខ្លួនឯងទេ តែដោយសារការខ្វះអនាម័យ ខ្វះភាពទន់ភ្លន់ ធ្វើឲ្យប្រជាពលរដ្ឋបាត់ទំនុកចិត្ត ដូច្នេះការទិទានជាចំណុចវិជ្ជមានមួយដែលឆ្លុះបញ្ជាំង និងធ្វើឲ្យបុគ្គលមួយចំនួនកែតម្រូវចំណុចខ្វះខាត ដោយតម្រូវតាមបរិបទនៃសង្គមកម្ពុជាបច្ចុប្បន្ន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ