កម្ពុជា

បុណ្យ​អុំ​ទូក៖ គជប​នៅ​តែ​បន្ត​ចុះឈ្មោះ​បោះឆ្នោត​ដដែល !

នៅ​សល់​តែ​មួយ​សប្ដាហ៍​ទៀត​ទេ​ ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី និង​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​នឹង​ត្រូវ​បញ្ចប់។ ជាមួយ​នឹង​ពេលវេលា​កាន់​តែ​កៀក គណៈកម្មាធិកាជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប សម្រេច​បន្ត​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​បី​ថ្ងៃ​នេះ​ដដែល។

ផ្សាយពាណិជ្ជកម្ម

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២ខែ​វិច្ឆិកា​នេះ​ថា មូល​ហេតុ​ដែល​គជប មិន​ឈប់​សម្រាក​នៅ​ក្នុង​ព្រះរាជពិធី​បុណ្យ​អុំ​ទូក ដោយ​​​សារ​បុណ្យ​អុំ​ទូក​ជា​ឱកាស​មួយ​ដែល​ពលរដ្ឋ​ខ្លះ​នាំ​គ្នា​ទៅ​ស្រុក​កំណើត​ ដែល​ជា​ពេលវេលា​មួយ​ល្អ​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ហើយ​ម្យ៉ាង​ទៀត គជប​បន្ត​ធ្វើ​ការងារ​ដូច្នេះ​ក៏​ដើម្បី​តម្រូវ​ចិត្ត​ពលរដ្ឋ​ម្ចាស់​ឆ្នោត​សម្រាប់​ការ​អញ្ជើញ​មក​ចុះ​ឈ្មោះ​បោះឆ្នោត។

គិត​មក​ដល់​ពេល​នេះ ពលរដ្ឋ​ប្រមាណ​៣០​ភាគរយ​ដែល​មាន​ចំនួន​ជិត​៥​សែន​នាក់​បាន​អញ្ជើញ​មក​ចុះ​ឈ្មោះបោះ​ឆ្នោត ខណៈ​ដំណើរ​ការ​ចុះ​ឈ្មោះបោះ​ឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី និង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​ឈ្មោះបោះឆ្នោត​ជិត​បិទ​បញ្ចប់​ទៅ​ហើយ​នៅ​សប្ដាហ៍​ក្រោយ​​នេះ។ លោក ហង្ស ពុទ្ធា ឲ្យដឹងថា នៅ​សល់​ពលរដ្ឋ​ប្រមាណ​ជា​ជាង​១លាននាក់​ទៀត​មិន​ទាន់​មក​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​ពួក​គេ​ទាំង​នោះ​ភាគ​ច្រើន​គឺ​ពលរដ្ឋ​ខ្មែរធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។

បើតាម​លោក ហង្ស ពុទ្ធា គ.ជ.ប មិន​រំពឹង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ត្រឡប់​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឡើយ ព្រោះ​ពលរដ្ឋ​ជាង​១​លាន​នាក់​នេះ ជា​ចំនួន​មួយ​នៅ​សល់​ស្រាប់​កាលពី​ពេល​ចុះ​ឈ្មោះបោះឆ្នោត​ឃុំ​សង្កាត់​មក​ម្លេះ។ ទោះ​ជា​បែប​នេះ​ក្ដី​អ្នក​នាំ​ពាក្យ​គ.ជ.ប គូស​បញ្ជាក់​ដោយ​ផ្អែក​លើ​ការ​ធ្វើ​បច្ចុប្បន្នភាព​ប្រចាំ​ឆ្នាំ​ថា តួលេខ​ពលរដ្ឋ​ដែល​មានឈ្មោះ​នៅ​ក្នុង​បញ្ចី​បោះឆ្នោត​គឺ​មាន​ការ​កើន​ឡើង​ បើ​ទោះ​បី​ជា​គជប​បាន​លុប​ឈ្មោះអ្នក​ស្លាប់​ចេញ​ហើយ​ក៏​ដោយ។

គួរបញ្ជាក់ជូន​ថា ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០១៧ គឺ​យក​ទៅ​ប្រើប្រាស់ ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិ​កាល​​ទី​៦ នៃ​រដ្ឋសភា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨ ខាងមុខ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI