កម្ពុជា-បោះឆ្នោត

គ.ជ.ប.​នៅតែ​រក្សា​តួនាទី​លោក​ នី ចរិយា​ ​ទោះ​តុលាការ​ផ្តន្ទាទោស​

លោក នី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក និង ជាអគ្គលេខាធិការរងគជប ។
លោក នី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក និង ជាអគ្គលេខាធិការរងគជប ។ @RFI/Siv Channa

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត  នឹង​នៅ​​តែ​​រក្សា​​តួនាទី​របស់​​លោក នី ចរិយា ជា​​អគ្គ​លេខាធិការ​​រង គ.ជ.ប. និង​ផ្តល់​​ប្រាក់​​បៀរវត្សរ៍​​ជា​​ធម្មតា​ បើ​​សាល​​ក្រម​​មិន​​ទាន់​​ចូល​​ជា​​ស្ថាពរ។ នេះ​​បើ​តាម លោក ហង្ស ពុទ្ធា អ្នក​​នាំ​​ពាក្យ​​គណៈកម្មា​ធិការ​​រៀប​​ចំ​​ការ​​បោះ​​ឆ្នោត​ (គជប) បាន​បញ្ជាក់​​ប្រាប់​​វិទ្យុ​​បារាំង នៅ​ថ្ងៃ​ទី ២៤ កញ្ញា នេះ។ សូម​រំឮកថា លោក នី ចរិយា អគ្គ​​លេខា​​ធិការ​​រង​​គជប ត្រូវ​​បាន​​តុលាការ​​កុ្រង​​ភ្នំពេញ កាល​​ពី​​ថ្ងៃទី ២២ កញ្ញា សម្រេច​​ផ្តន្ទា​ទោស ឲ្យ​ជាប់​​ពន្ធនាគារ​​ចំនួន​ ៦ ខែ និង​​ពិន័យ​ជា​​ទឹក​​ប្រាក់ ៦ លាន រៀល​​ក្នុង​​សំណុំ​​រឿង​​បរិហាកេរ្តិ៍​​ ។ អត្ថបទដោយ ៖ សរ ពិសី 

ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​គ​ណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា បញ្ជាក់​ថា​ គ.ជ.ប នឹងនៅ​តែរក្សា​តួនាទី​របស់​លោក នី ចរិយា ជា​អគ្គលេខាធិការ​រង​ដដែល និង​ផ្ដល់​ប្រាក់​បៀវត្សរ៍​ជា​ធម្មតា​បើ​សាលក្រម​មិន​ទាន់​ចូល​ជា​ស្ថាពរ​។ ក៏​ប៉ុន្តែ​បើ​សេចក្តី​សម្រេចរបស់​តុលាការ​ចុង​ក្រោយ សម្រេចឲ្យលោក នី ចរិយា មាន​ទោស​ឬ​យ៉ាង​នោះ គជប នឹង​ពិចារណា​ជា​បន្តទៀត ដោយ​ផ្អែកតាម​លក្ខន្តិកៈ​ការងារ​របស់​មន្រ្តីរាជការ​។

អ្នក​នាំ​ពាក្យ​រូប​នេះ បញ្ជាក់​ទៀត​ថា ការ​សម្រេចផ្តន្ទា​ទោស​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ទៅ​លើ​លោក នី ចរិយា អគ្គលេខា​ធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​គជប ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៦ ខែ និង ពិន័យ​ជា​ទឹក​ប្រាក់ ៦ លាន រៀល នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ការងារ​របស់​គជប នោះទេ។ លោក ហង្ស ពុទ្ធា ពន្យល់​ថា នៅ​ក្នុង​ស្ថាប័ន​គជប គឺ​ធ្វើ​ការងារ​ជា​ក្រុម ដូច្នេះ​ហើយ បើ​ទោះ​បី​ជា​អវត្តមាន លោក នី ចរិយា ឬ សមាជិក​គជប ផ្សេង​ទៀត​ក៏​ដោយ ក៏​នៅ​តែ​មាន​មន្រ្តី​ផ្សេង​ទៀត នឹង​រ៉ាប់​រ៉ង​ការងារ​ជំនួស​ជា​បណ្តោះអាសន្នដែរ​ ដើម្បី​កុំ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើការ​ការងារ​។

សូម​បញ្ជាក់​ថា សំណុំ​រឿង​ផ្ដន្ទាទោស​លោក នី ចរិយា អតីត​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​និង​ឃ្លាំ​មើល​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​ជា​អគ្គលេខាធិការ​រង នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កើត​ឡើង​ដោយ​សារ​​បណ្ដឹង​របស់លោក សុខ កែវបណ្ឌិត ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប និង​លោក គី ឬទ្ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​សៀមរាប​​។ មន្ដ្រី​តុលាការ​ខេត្ត​សៀមរាប​ទាំង​ពីរ​រូប​នេះ ដាក់​ពាក្យ​ប្ដឹង លោក នី ចរិយា ទាក់​ទង​​ទៅនឹង​ការលើក​ឡើង​​ កាលពីខែ ឧសភា​ឆ្នាំ​២០១៥របស់ លោក នី ចរិយា ចោទ​ប្រកាន់​មន្រ្តីតុលាការទាំង២រូប​ថា មិន​បានអនុវត្តតាម​នីតិវិធី​ត្រឹមត្រូវ​ក្នុងការចោទប្រកាន់​និង​ចាប់​ខ្លួន​អ្នកភូមិពីរនាក់ដាក់ពន្ធនាគារ​។

តាម​រយៈ​ពាក្យ​បណ្ដឹង​នេះ តុលាការសម្រចផ្ដន្ទាទោសលើ លោក នី ចរិយា ដាក់​ពន្ធនាគារ​ ​៦ខែនិងពិន័យជាប្រាក់៦លានរៀលពីបទបរិហារកេរ្ដិ៍ជាសាធារណៈ បរិហារ​បង្កាច់​កេរ្តិ៍ និង​ផ្សព្វផ្សាយ​នូវ​ការ​អត្ថាធិប្បាយ ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ តាម​មាត្រា ៣០៥ ៣១១ ៣១២ និង ៥២២ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។

ភ្លាមៗ​ក្រោយ​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន ​៣៥​ស្ថាប័ន បាន​ចេញ​ផ្សាយ​របាយការណ៍​រួម​មួយ ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​ផ្ដន្ទាទោស​លើ​លោក នី ចរិយា និង​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​កែ​ប្រែ​ឲ្យ​បាន​ត្រឹម​ត្រូវ​នូវ​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង ដែល​មាន​កំហុស​ឆ្គង​និង​អយុត្តិធម៌​។ ​សង្គមស៊ីវិល ចាត់ទុក​ថាការ​ផ្ដន្ទាទោស​របស់​សាលាដំបូង​ក្រុង​ភ្នំពេញជា​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការរឹត​ត្បិត​ទៅ​លើ​លំហ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជានៅមុន​ការ​បោះ​ឆ្នោត​ដែលកំពុង​តែ​ខិត​ជិត​ចូល​មក​ដល់​។
 
​លោក នី ចរិយា អគ្គលេខាធិការ​រង គជប ក្រៅ​តែ​ពី​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​បណ្ដឹង​បរិហារ​កេរ្តិ៍​នេះ លោក​ក៏​កំពុង​តែ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ក្នុង​សំណុំ​រឿងសម​គំនិត​សូក​ប៉ាន់​សាក្សី កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដែល​គេ​ចោទ​ថា​មាន​ទំនាក់​ទំនង​ស្នេហា​លួច​លាក់​ជាមួយ​លោក កឹម សុខា ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI