កម្ពុជា-បោះឆ្នោត

គ.ជ.ប ទទួល​ពាក្យ​បណ្តឹង​ជាង​២០​ អំឡុង​ដំណើការ​ចុះឈ្មោះ​បោះឆ្នោត​

ប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោតថ្ងៃដំបូង នៅថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៦។
ប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោតថ្ងៃដំបូង នៅថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៦។ @Fb/NEC

គិត​ចាប់​តាំង​ពី​ថ្ងៃ​ដំបូង នៃ​ដំណើការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត រហូត​មក​ទល់​ពេល​នេះ ​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) បាន​ទទួល​ពាក្យ​បណ្តឹង​ប្រមាណ​ ២០ ក្នុង​នោះ មាន​បណ្តឹង​ចំនួន ៤ បាន​ដោះ​ស្រាយ​រួច​រាល់។ ចំណែក​បណ្តឹង​ដែល​នៅ​សេស​សល់ គជប នឹង​បើកកិច្ច​ប្រជុំ​មួយ​ដើម្បី​ពិភាក្សា​ស្វែង​រក​ដំណោះ​ស្រាយ នៅ​ដើម​សប្តាហ៍​ក្រោយ នេះ។ នេះ​បើ​តាមលោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​។ អត្ថបទដោយ៖ សរ ពិសី

ផ្សាយពាណិជ្ជកម្ម

លោក ហង្ស ពុទ្ធា បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​បណ្តឹង​ជាង ២០ មាន​បណ្តឹង​ពី​គណបក្ស​សង្រ្គោះ​ជាតិ ដែល​បាន​ចោទ​ប្រកាន់​ថា មាន​ការ​រំខាន​ដល់​ដំណើការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់ប្រជាពលរដ្ឋ ការ​សង្ស័យ​ថា​ប្រជាពលរដ្ឋ​ដែល​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មិន​មែន​ជា​សញ្ជាតិ​ខ្មែរ និង ការ​ដឹក​ទាហាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជា​ដើម។ 

ក្រៅ​ពី​នេះ ការ​មិន​ដឹង​ច្បាស់​ពី​ការ​បក​ស្រាយ​នីតិវីធី និង ការ​ប្រកាន់​បក្ខ​ពួក​យក​តែ​ឈ្នះ​រៀងខ្លួន​ពី​តំណាង​គណបក្ស​នយោបាយ ក៏​ជា​បញ្ហា​ប្រឈម​ដែល​គជប ជួប​ប្រទះ​នៅ​ក្នុង​ដំណើការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ដែរ​។

បណ្តឹងមួយរបស់គណបក្ស​សង្គ្រោះ​ជាតិ ​ផ្ញើ​ទៅ គជប បាន​ចាត់​ទុក​ថា ការចុះ​ឈ្មោះ​ក្រៅ​ទី​លំនៅ របស់​កងកម្លាំង​ប្រដាប់​អាវុធ គឺ​ជា សកម្មភាព​រំលោភ​បំពាន​លើ​ច្បាប់​បោះឆ្នោត និង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត មាន​លក្ខណៈ​បង្ខិត​បង្ខំ ហើយ​ក៏​ជា រូបភាពគំរាម​កំហែង​ដល់​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ផ្សេង​ទៀត​ដែរ​។

យ៉ាង​ណា​មិញ លោក ហង្ស ពុទ្ធា បាន​បញ្ជាក់​ថា គជប បាន​បញ្ជូន​ក្រុម​ការងារផ្នែក​ច្បាប់ ទៅ​ស៊ើប​អង្កេត​នៅ​តាម​បណ្តា​ខេត្ត​ព្រះវិហារ សៀមរាប និង​ខេត្ត​ផ្សេង​ៗ តាម​របាយការណ៍​របស់​បក្ស​សង្រ្គោះ​ជាតិ ហើយ​ដើម​នៅ​សប្តាហ៍​ក្រោយ នឹង​មាន​កិច្ច​ប្រជុំ​មួយសម្រេច​លើ​បញ្ហានេះ​។

លោក បានពន្យល់ទៀតថា នៅ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ គជប ត្រូវ​ការ​កង​កម្លាំង​នគរ​បាល និង​យោធា ជាង ៧​ ម៉ឺន នាក់ ដើម្បី​ការពារ​នៅ​តាម​បណ្តា​ ២ម៉ឺន​២ពាន់ ការិយាល័យ​បោះឆ្នោត។​ ក្នុង​ន័យ​នេះ គឺ​កង​កម្លាំង​ការពារ​ទាំង​នោះ ពិត​មិន​អាច​វិល​ទៅ​បោះឆ្នោត​នៅទី​សំណាក់​ទេ ទើប​ច្បាប់​អនុញ្ញាត​ឲ្យ​ពួកគេ អាច​ចុះ​ឈ្មោះ​នៅ​ក្បែរ​កន្លែង​ធ្វើការ​បាន​។

យ៉ាងណាក៏ដោយលោក អេង ឆៃអ៊ាង មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ ចាត់ទុកថា ការធ្វើដូច្នេះ គឺ​អាច​ប៉ះពាល់​ដល់ លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០១៧ ដោយ​សារ ​សន្លឹក​ឆ្នោត​តិច​ជាង មួយ​រយ​សន្លឹក ក៏​អាច​កំណត់​ការ​ចាញ់​ឈ្នះ​លើ ចំនួន​អាសនៈ​ដែរ​។ លោកបន្ថែម​ថា លទ្ធផល​បោះឆ្នោត​ឃុំ​បែប​នោះ​នឹង​ មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិត​របស់​ពលរដ្ឋ​មូលដ្ឋាន​ឡើយ​ ព្រោះ​អ្នក​បោះឆ្នោត​គ្មាន​លំនៅដ្ឋាន​ក្នុង​ឃុំ​នោះ​។

គួរ​ជម្រាប​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៧។ ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយមាន​សិទ្ធិ ចុះ​ឈ្មោះ​បោះ​ឆ្នោត មាន​ចំនួន​ជាង​ ៩.៦លាននាក់ នឹង​ត្រូវ​បែង​ចែក​បញ្ជី​ឈ្មោះ​ផ្សេងៗ​គ្នា ទៅ​តាម​ការិយាល័យ​បោះឆ្នោត​ដែល​មាន នៅ​តាម ១៦៣៣ ឃុំ-សង្កាត់ ទូទាំង​ប្រទេសកម្ពុជា​។

យ៉ាង​ណា​ក៏​ដោយ លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​ គជប បញ្ជាក់​ថា កាល​បរិច្ឆេទ​នៃ​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​នេះ អាច​នឹង​ត្រូវ​បាន​ពន្យារ​ពេល ផ្អែក​លើ​ស្ថាន​ភាព​ជាក់​ស្តែង ប៉ុន្តែ​ការ​ពន្យាពេល​នេះ ក៏​មិន​បង្អែរ​បង្អង់​យូរ​ដែរ ដោយ​សារ គ.ជ.ប ត្រូវ​សម្រេច​លើ​បញ្ជី​បោះឆ្នោត​នៅ​ដើម ឆ្នាំ​២០១៧ ហើយ​ចុះ​បញ្ជី​បេក្ខជន​នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI