កម្ពុជា-សង្គម

​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​៖ បើ​មិន​ទាន់​មាន​ឆន្ទៈ​ធ្វើ​វិសោធន​កម្ម ច្បាប់​NGOs គួរ​ត្រូវ​បាន​និរា​ករណ៍​

ក្រុមអង្គការសង្គមស៊ីវិល៖បើមិនទាន់មានឆន្ទៈធ្វើវិសោធនកម្ម ច្បាប់NGOs គួរត្រូវបាននិរាករណ៍
ក្រុមអង្គការសង្គមស៊ីវិល៖បើមិនទាន់មានឆន្ទៈធ្វើវិសោធនកម្ម ច្បាប់NGOs គួរត្រូវបាននិរាករណ៍ @សហការី

អង្គការសង្គម​ស៊ីវិល​នៅកម្ពុជា​ចំនួន​១០០​ស្ថាប័ន​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍មួយ​ម្សិលមិញ​ដោយ​លើក​ឡើង​ថា ប្រសិន​បើ​មិនមាន​ឆន្ទៈ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទេ ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ​គួរតែ​ត្រូវបាន​និរាករណ៍ចោល។ ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​ទាំងនេះ គឺក្រោយ​ពី​​មានកិច្ចប្រជុំ​ចំនួន៤លើក ​រវាង​ ក្រសួងមហាផ្ទៃ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ដែលក្រុម​អង្គការទាំងនោះ ចាត់ទុកថាបា​នបញ្ចប់ទៅ​ដោយមិនមា​នលទ្ធផល​ជាវិជ្ជមាន។ 

ផ្សាយពាណិជ្ជកម្ម

«គ្មានភាពចាំបាច់​ដើម្បីមាន​ច្បាប់ស្ដីពី​សមាគម ​និងអង្គការ​មិនមែន​រដ្ឋាភិបាល​នេះទេ»។ នេះគឺជាការលើកឡើង​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ដែល​គាំទ្រ​ដោយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១០០​ស្ថាប័ន​នៅកម្ពុជា។​ គ្មានភាពចាំបាច់ ដោយសារតែ​កម្ពុជាមានក្រមរដ្ឋប្បវេណី ដែលបានចែងពី​បទបញ្ញត្តិ ដើម្បី​គ្រប់គ្រង​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​រួចរាល់ហើយ។​ ហើយរាល់​បទល្មើស​ផ្សេងៗក៏​មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌរបស់​កម្ពុជា​ផងដែរ។​ នេះជាការគូសបញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល។

បើតាម​ក្រុម​អង្គការ​ទាំងនោះ ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​គឺ«គ្រាន់តែជា​ឧបករណ៍​បម្រើដល់​ការរារាំង ​គំរាមកំហែង​ និងរឹតត្បិត​សង្គមស៊ីវិល​ ដែលបាន​រាយការណ៍​ជាញឹកញាប់​និង​រហូតមក​ អំពីការ​តាមដាន​ និងការ​គំរាមកំហែង​ក្រោមហេតុផល​នៃច្បាប់​មួយនេះ​តែប៉ុណ្ណោះ»។​ ដូច្នេះហើយទើប​សហគមន៍​និងអង្គការសង្គមស៊ីវិល​ ចំនួន១០០​ស្ថាប័ននោះ ទទូច​ឱ្យរដ្ឋាភិបាលកម្ពុជា​ ធ្វើការ​និរាករណ៍​​ច្បាប់នេះ​ឱ្យបានឆាប់​រហ័ស។​

យ៉ាងណាក៏ដោយ​មន្ត្រីរដ្ឋាភិបាល​មួយចំនួន​បានលើកឡើងថា ​គំនិតយោបល់​ផ្សេងៗគ្នារបស់​ក្រុមសង្គម​ស៊ីវិល​រាប់ពាន់​ស្ថាប័ន គឺ​ជា​ហេតុផល​ដែលមិនអាច​ធ្វើវិសោធនកម្ម​​ច្បាប់នេះបាន ហើយ​តម្រូវ​ឲ្យ​អង្គការ​ទាំងនោះមានគំនិតយោបល់រួម​ជាឯកច្ឆន្ទសិន​ ទើប​ធ្វើ​វិសោធនកម្ម​ច្បាប់នេះបាន។​ ប៉ុន្តែ​ក្រុម​អង្គការ​​សង្គម​ស៊ីវិល ​យល់ថាភាពខុសប្លែកគ្នា​នៅក្នុងរចនា​សម្ព័ន្ធដឹកនាំ​ គោលបំណង​ និងតំណាង​របស់ សមាគម​ និងអង្គការ ​គឺជាភាពរឹងមាំ​នៃសង្គមស៊ីវិលមួយ​ដែលមាន​លក្ខណៈសេរី​ ចម្រុះមជ្ឈដ្ឋាន​ និងឯករាជ្យ ហើយថាការតម្រូវរបស់​ក្រសួងមហាផ្ទៃគឺ​កំពុងតែ​បង្ហាញពីការខ្វះឆន្ទៈរបស់ខ្លួន​នៅពីក្រោយ​ភាពមិនអាច​ទៅរួចនៃ​ការធ្វើវិសោធន​កម្មនេះ។ តែលោក ប៊ុន ហុន រដ្ឋលេខា​ធិការក្រសួ​ងមហាផ្ទៃ បានច្រានចោល​នូវសេចក្តីថ្លែ​ងការណ៍នេះ ដោយចា​ត់ទុកថា ធ្វើឡើង​ក្រោមហេ​តុផលន​យោបាយ។

សូមជម្រាបថា ច្បាប់ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបានអនុម័ត​កាលពីខែកក្កដា​ ឆ្នាំ២០១៥​។​ ប៉ុន្តែច្បាប់នេះ​ទទួល​រង​ការ​រិះគន់​យ៉ាងខ្លាំងពី​សំណាក់​ក្រុមសហគមន៍​មូលដ្ឋាន​ សហជីព​ អង្គការ​មិនមែន​រដ្ឋាភិបាល​​ ក៏ដូចជា​អង្គការ​សហប្រជា​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI