ការស្ទង់មតិ៖ កុមារ៩នាក់ ក្នុងចំណោមកុមារចំនួន២៨៣នាក់ ធ្លាប់ប្រើប្រាស់គ្រឿងញៀន
ចុះផ្សាយនៅថ្ងៃ៖
របាយការណ៍ស្ទង់មតិមួយបង្ហាញថាកុមារ៩នាក់ឬ៣.៤ភាគរយ ក្នុងចំណោមកុមារដែលបានផ្តល់សម្ភាសចំនួន២៨៣នាក់ បានរាយការណ៍ថា ពួកគេធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយគ្រឿងញៀនទាំងនោះជាប្រភេទម៉ាទឹកកក ដែលពួកគេទទួលបានមកពីមិត្តភក្ត និងអ្នកជិតខាង។ នេះបើយោងតាមការចុះស្ទង់មតិដោយអង្គការGood Neighbors កាលពីខែសីហាកន្លងមកនេះ។
ឆ្លងកាត់តាមរយៈលទ្ធផលនៃការស្ទង់មតិនេះ ត្រូវបានអង្គការGood Neighbors កត់សំគាល់ថា កុមារ យុវជន និងប្រជាជនកម្ពុជា កំពុងរងផលប៉ះពាល់ពីការចរាចនិងការកើនឡើងនៃគ្រឿងញៀន ដែលនេះបានក្លាយជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ និងរាំងស្ទះដល់ការអភិវឌ្ឍន៍សង្គមទាំងមូល។
អង្គការនេះបានកត់សំគាល់ទៀតថាបញ្ហាគ្រឿងកំពុងរីករាលដាលទាំងនៅទីក្រុងភ្នំពេញរហូតដល់តាមបណ្តាខេត្តនានា ព្រមទាំងសហគមន៍ដាច់ស្រយ៉ាលទៀតផង។
បើតាមអង្គការដដែលនេះ បញ្ហាគ្រឿងញៀនគឺតម្រូវឲ្យមានកិច្ចអន្តរាគមន៍ និងទប់ស្កាត់ជាបន្ទាន់ពីសំណាក់អាជ្ញាធរមូលដ្ឋាន រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដើម្បីជាប្រយោជន៍សម្រាប់កុមារ និងសង្គមជាតិផងដែរ។
ដើម្បីធានាថាបញ្ហាគ្រឿងញៀន ត្រូវបានទប់ស្កាត់ ហើយទាំងកុមារក៏ដូចជាយុវជនមានសុវត្ថិភាព អង្គការGood Neighbors បានលើកជាសំណូមពរមួយចំនួនដូចជា៖ ពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព បង្កើនកម្មវិធីផ្សព្វផ្សាយពីផលវិបាកនៃគ្រឿងញៀននៅតាមសាលារៀន និងត្រួតពិនិត្យសារធាតុញៀនក្នុងចំណោមសិស្ស និងនិស្សិត ជាពិសេសត្រូវដាក់ទោសឲ្យបានធ្ងន់ធ្ងរបំផុតចំពោះអ្នកផលិត និងជួញដូរគ្រឿងញៀន។
ថ្វីត្បិតតែកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀន ប៉ុន្តែកម្ពុជាទទួលរងការធ្វើចរាចគ្រឿងញៀនក្នុងតំបន់អាស៊ីអាគ្នេយ៍ឆ្លងកាត់ទន្លេមេគង្គ និងព្រំដែនពីប្រទេសថៃ ឡាវ និងវៀតណាម ដែលជាដើមចមនាំឲ្យគ្រឿងញៀនធ្លាយចូលមកកម្ពុជា។
យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ត្រឹម៦ខែឆ្នាំ២០១៩នេះ សមត្ថកិច្ចបង្ក្រាប៣៦៧៦ករណី និងឃាត់ខ្លួនមនុស្សជាង៧ ៦០០នាក់ ព្រមទាំងដកហូតគ្រឿងញៀនសរុប៣១២គីឡូក្រាម។ ការបង្ក្រាបគ្រឿងញៀន ដែលល្បីខ្លាំងជាគេ គឺនៅមជ្ឈមណ្ឌលកំសាន្តរ៉ុក និងក្លិបកំសាន្តឈ្មោះ Luxary នៅចំកណ្តាលទីក្រុងភ្នំពេញតែម្តង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ