អានតួអត្ថបទ
កម្ពុជា

NOCC​៖ ​ឆ្នាំ២០១៤ ​គឺ​ជា​​ឆ្នាំ​​ប្រវត្តិសាស្ត្រ​​នៃ​​ចលនា​​កីឡា​​អូឡាំពិក​​កម្ពុជា​

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​​កម្ពុជា ​(NOCC)​ បាន​​បើក​​ធ្វើ​​មហាសន្និបាត​​ប្រចាំ​ឆ្នាំ​​របស់ខ្លួន​ នៅ​​ថ្ងៃ​​ព្រ​ហ​ស្ប​តិ៍​​នេះ
គណៈកម្មាធិការ​ជាតិ​អូឡាំពិក​​កម្ពុជា ​(NOCC)​ បាន​​បើក​​ធ្វើ​​មហាសន្និបាត​​ប្រចាំ​ឆ្នាំ​​របស់ខ្លួន​ នៅ​​ថ្ងៃ​​ព្រ​ហ​ស្ប​តិ៍​​នេះ @NOCC
ដោយ៖ វ៉ា សំណព្វ
១៩ នាទី

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​​កម្ពុជា ​(NOCC)​ បាន​​បើក​​ធ្វើ​​មហាសន្និបាត​​ប្រចាំ​ឆ្នាំ​​របស់ខ្លួន​ នៅ​​ថ្ងៃ​​ព្រ​ហ​ស្ប​តិ៍​​នេះ ​ដើម្បី​​ពិនិត្យ​មើល​​ឡើងវិញ​​ពី​​សកម្មភាព​​ការងារ​​ប្រចាំ​ឆ្នាំ​​របស់​ខ្លួន ​និង​​លើក​​ទិសដៅ​​សម្រាប់​​ឆ្នាំ​២០១៥​។ ​មហាសន្និបាត ​បាន​រៀបចំ​​ធ្វើឡើង​​នៅឯ​​ទីស្នាក់ការ​​គណៈកម្មា​ធិកា​​រ​ជាតិ​អូឡាំពិក​​កម្ពុជា ​ដោយ​មាន​​ការ​អញ្ជើញ​​ចូលរួម​​ពី​​សមាជិក​​ប្រតិបត្តិ​​និង​​សហព័ន្ធ​​កីឡា​​ជាតិ​​ទាំងអស់​​នៅ​​កម្ពុជា​។ ​មហាសន្និបាត​​បាន​ចាត់ទុក​​ថា ​ឆ្នាំ​២០១៤​ គឺ​ជា​​ឆ្នាំ​​កំណត់ត្រា​​ប្រវត្តិ​សាស្ត្រ​​មួយ​ នៃ​​ចលនា​​កីឡា​​អូឡាំពិក​កម្ពុជា​។​

ផ្សាយពាណិជ្ជកម្ម

ឆ្នាំ២០១៤ គឺជា​ឆ្នាំ​កំណត់ត្រា​ប្រវត្តិសាស្ត្រ​នៃ​ជោគជ័យ​ចលនា​កីឡា​អូឡាំពិក​កម្ពុជា ក៏​ដូចជា​វិស័យ​កីឡា​ជាតិ ។ នេះ​គឺជា​សេចក្តីសន្និដ្ឋាន​នៅក្នុង​របាយការណ៍​មហាសន្និបាត​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​បានរៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី២៦ខែកុម្ភៈ នៅឯ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា។ ជា​ឆ្នាំ​ប្រវត្តិសាស្ត្រ ដោយ​យោងទៅលើ​សមិទ្ធផល​ជោគជ័យ នៃ​ការ​ដណ្តើមបាន​មេដាយមាស​ជា​លើកដំបូង​ក្នុង​រយៈពេល៦០ឆ្នាំ ពី​ការប្រកួត​កីឡា​ទ្វីបអាស៊ី​លើក​ទី១៧ (Asian Games) នៅ​ទីក្រុង​អ៊ី​ន​ឆ័ន​ប្រទេស​កូរ៉េខាងត្បូង កាលពី​ខែតុលា តាមរយៈ​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ីនិង​ការ​ដណ្តើមបាន​មេដាយសំរិទ្ធ​ជា​លើកដំបូង​ដែរ ពី​ការប្រកួត​កីឡា​ឆ្នេរ​ខ្សាច់​ប្រចាំ​ទ្វីបអាស៊ី​លើក​ទី៤ (Asian beach Games 2014) នៅ​ទីក្រុង​ភូ​កេ​ត​ប្រទេស​ថៃ តាមរយៈ​កីឡាការិនី នី សំណាង កាលពី​ខែវិច្ឆិការ​កន្លងទៅ។ មហាសន្និបាត ក៏​បានចាត់ទុក​ដែរ​ថា ឆ្នាំ២០១៤ គឺជា​ឆ្នាំ​នៃ​របត់​កំណែទម្រង់​លើកដំបូង នៃ​របប​គ្រប់គ្រង​វិស័យ​កីឡា​ជាតិ និង​សហព័ន្ធ​កីឡា​ជាតិ​នៅ​កម្ពុជា។

លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៍បាន​ថ្លែង​កើត​សរសើរ​ដែរ ទៅដល់​សហព័ន្ធ​កីឡា​ជាតិ​ជាច្រើន​ទៀត ដែល​បាន​ដណ្តើម​មេដាយមាស ប្រាក់ និង​សំរិទ្ធ ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី២៧នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ខែធ្នូ​ឆ្នាំ២០១៣ ដែល​កាលណោះ កម្ពុជា​ដណ្ដើមបាន​មេដាយមាស៨ ប្រាក់១១ និង សំរឹទ្ធ ២៨ គ្រឿង។

ជាមួយនឹង​មោទនភាព​នឹង​ជោគជ័យ​ក្នុង​ឆ្នាំ២០១៤កន្លងទៅ មហាសន្និបាត​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ក៍​បានដាក់​ផែនការ៩ចំណុច សំរាប់​អនុវត្តន៍​បន្ត​ឆ្នាំ២០១៥ និង​យុទ្ធសាស្ត្រ៥ជំហាន ដើម្បី​ដណ្តើម​មេដាយ​ពីរ​ខ្ទង់ ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម (Sea Games) លើក​ទី២៨ ដែល​នឹង​ប្រារព្ធ​ធ្វើឡើង នៅឯ​ប្រទេស​សិង្ហ​បុរី​ក្នុង​ខែមិថុនា​ឆ្នាំ២០១៥នេះ។  ហើយ​អ្វី​ដែលជា​មហិច្ឆតា​ធំ​ជាងនេះទៅទៀត គឺ​ការបន្ត​គ្រប់គ្រង​ដឹកនាំ​សក្ដានុពលភាព​របស់​កីឡាការិនី ស៊ន សៀវ​ម៉ី ឆ្ពោះទៅ​ដណ្តើម មេដាយ​ពី​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ២០១៦ នៅ​ទីក្រុង​រី​យ៉ូ ( Rio) ប្រទេស​ប្រេ​ស៊ី​ល។

ក្រៅពី​ការលើកឡើង​ពី​សមិទ្ធផល និង​លើក​ទិសដៅ​សំរាប់​ឆ្នាំ២០១៥ មហាសន្និបាត​ក៍​បានប្រកាស​តែងតាំង លោក ម៉ី វ៉ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន  និង​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ជាទី​ប្រឹក្សា​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បន្ថែម​លើ​សមាសភាព​ដឹកនាំ​សព្វថ្ងៃ​ផងដែរ។

បច្ចុប្បន្ន គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មាន​សហ​ព័ន្ធ​កីឡា​ជាតិ​ជា​សមាជិក​ចំនួន៤៤ ក្នុងនោះ​សហព័ន្ធ​កីឡា​ជាតិ​ក្របខណ្ឌ​អូឡាំពិក​មាន​ចំនួន២៣ និង​សហព័ន្ធ​កីឡា​ជាតិ​មិន​អូឡាំពិក​ចំនួន២១៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ