តុលាការកំពូល បង្វិលសំណុំរឿងលោកនី ចរិយា មកសាលាឧទ្ធរណ៍វិញ ព្រោះគ្មានភស្តុតាង
តុលាការកំពូល បានប្រកាសសាលដីកា កាលពីថ្ងៃចន្ទ សម្រេចបង្វិលសំណុំរឿងលោកនី ចរិយា កាលពីឆ្នាំ ២០១៦ ទៅជំនុំជម្រះសារជាថ្មី នៅសាលាឧទ្ធរណ៍វិញ ដោយផ្អែកលើភាពខ្វះខាតនៃភស្តុតាង។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ស្វាគមន៍ការសម្រេចរបស់តុលាការកំពូល ប៉ុន្តែបានស្នើសុំឲ្យសាលាឧទ្ធរណ៍ទម្លាក់បទចោទទាំងអស់លើលោកនី ចរិយា ត្បិតតែគ្មានភស្តុតាងបង្ហាញថាលោកមានកំហុសនោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តុលាការកំពូលកាលពីថ្ងៃចន្ទ បានសម្រេចបង្វិលសំណុំរឿងរបស់លោក នី ចរិយា ឲ្យទៅសាលាឧទ្ធរណ៍ ចាត់ការឡើងវិញ ទាក់ទងទៅនឹងបទចោទចំនួន៣ ដែលមន្ត្រីតុលាការខេត្តសៀមរាបបានប្តឹងទៅលើលោក នី ចរិយា។ លោក នី ចរិយា អតីតមន្ត្រីសមាគមការពារសិទ្ធិមនុស្ស អាដហុក ហើយបច្ចុប្បន្នជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានរងនូវការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ បទប្ដឹងបរិហារបង្កាច់កេរ្តិ៍ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្តាធិការ។
បទចោទទាំងនេះ ត្រូវបានយោងតាមមាត្រា៣០៥ មាត្រា៣១១ និងមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលត្រូវបានចោទប្រកាន់កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។ ជាបទចោទ ដែលសាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសដាក់ពន្ធនាគារ ៦ខែ និងពិន័យជាប្រាក់ចំនួន ៦លានរៀល ប៉ុន្តែត្រូវបានលោកនី ចរិយា ប្តឹងមកសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍សម្រេចតម្កល់ទុកសំណុំរឿងនោះ ជាបានការ កាលពីខែធ្នូ ឆ្នាំ ២០១៦។
សូមបញ្ជាក់ថា លោក នី ចរិយា ត្រូវបានចោទប្រកាន់ តាមបណ្ដឹងលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង និង លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក ដែលបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានចំនួន២ កាលពីខែឧសភា ឆ្នាំ២០១៥ ដើម្បីស្នើសុំឱ្យមានការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីផ្នែកផ្លូវច្បាប់ ជុំវិញដំណោះស្រាយជម្លោះដីធ្លីមួយ ក៏ដូចជាស្នើសុំឱ្យមានការដោះលែងជនរងគ្រោះនៃការរំលោភសិទ្ធិដីធ្លីចំនួន ២នាក់ ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការឃ្លាំមើល និងការពារសិទ្ធិមនុស្សលីកាដូ បានប្រាប់វិទ្យុបារាំងថា មូលហេតុដែលតុលាការកំពូល វេរសំណុំរឿងនោះ មកសាលាឧទ្ធរណ៍វិញ ព្រោះតែសាលាឧទ្ធរណ៍ មិនបានពិនិត្យមើលសម្តីជាក់ស្តែងរបស់លោកនី ចរិយានោះទេ ដោយពិនិត្យមើលតែលើការចុះផ្សាយរបស់សារព័ត៌មាន។
តាមលោក អំ សំអាត ការសម្រេចរបស់តុលាការកំពូល គឺជារឿងត្រឹមត្រូវតាមច្បាប់ ប៉ុន្តែលោកបានស្នើសុំឲ្យសាលាឧទ្ធរណ៍ទម្លាក់ចោលរាល់បទចោទប្រកាន់លើលោក នី ចរិយា ត្បិតបទចោទនោះ គ្មានភស្តុតាងគ្រប់គ្រាន់។ សូមជម្រាបជូនថា ក្រៅពីបទចោទទាំង ៣នេះ លោកនី ចរិយា ក៏នៅប្រឈមនឹងបទចោទមួយទៀត គឺបទសមគំនិតសូកប៉ាន់សាក្សី នៅក្នុងរឿងក្ដីក្តាំរវាងនាង ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ជាមួយលោកកឹម សុខា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ