លោក ហ៊ុន សែន អរគុណក្រុមហ៊ុនហ្វេសប៊ុក ក្រោយទាញគណនីយហ្វេសប៊ុករបស់លោកមកគ្រប់គ្រងឡើងវិញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៦ កុម្ភៈនេះ បានបង្ហោះសារអរគុណដល់ក្រុមហ៊ុនហ្វេសបុកដែលបានទាញគណនេយ្យហ្វេសបុករបស់លោកមកគ្រប់គ្រងឡើងវិញ។ ការបង្ហាញចេតនាដឹងគុណរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបន្ទាប់ពីហ្វេសបុករបស់លោក ត្រូវបានគេលួចចូលគ្រប់គ្រងនិងបង្ហោះសារធ្វើឲ្យមានការភាន់ច្រឡំ។
ចុះផ្សាយនៅថ្ងៃ៖
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកសារបង្ហោះនៅលើគណនេយ្យហ្វេសបុករបស់លោកដោយក្រុម Hacker កាលពីថ្ងៃទី២៥ កុម្ភៈថា គឺជាព័ត៌មានមិនពិត (Fake News) ដែលត្រូវបានបង្កើតឡើងដោយក្រុមឧក្រិដ្ឋជនព័ត៌មានវិទ្យា ដែលព្យាយាមបំពុលសង្គម និងមានចេតនាបំផ្លាញសង្គមជាតិកម្ពុជា។ តាមរយៈសារដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដ៏មានប្រជាប្រិយភាពនៅកម្ពុជា នៅព្រឹកថ្ងៃទី ២៦ កុម្ភៈនេះ លោក ហ៊ុន សែន បានឆ្លៀតអរគុណដល់យុវជនកម្ពុជា ដែលយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ព័ត៌មានមិនពិត (fake news) ដែលព្យាយាមបំពុលដោយក្រុមជនអគតិមួយចំនួនតូច ក្នុងចេតនាអាក្រក់ផ្សព្វផ្សាយព័ត៌មានបំផ្លាញសង្គមជាតិកម្ពុជា។ បន្ថែមលើនេះ លោកនាយករដ្ឋមន្ត្រី ក៏បានឆ្លៀត អរគុណដល់ក្រុមហ៊ុនហ្វេសប៊ុកដែលបានសហការគ្រប់គ្រងគណនីយហ្វេសប៊ុករបស់លោកឲ្យមានសុវត្ថិភាពឡើងវិញ។
ការគូសបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីបានធ្វើឡើង នៅមួយថ្ងៃក្រោយពីគណនីយហ្វេសបុករបស់លោក កាលពីថ្ងៃទី ២៥ កុម្ភៈ ត្រូវបានគេលួចចូលទៅគ្រប់គ្រងនិងបានបង្ហោះសារដែលធ្វើឲ្យមានការភាន់ច្រឡំ។ សារដែលធ្វើឲ្យមហាជនភាន់ច្រឡំ ដែលត្រូវបានក្រុម Hacker បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានព្រមានថា លោកនឹងបិទហ្វេសបុកមិនឲ្យប្រើប្រាស់នៅក្នុងស្រុកខ្មែរតទៅទៀតទេ បើក្រុមហ៊ុនហ្វេសប៊ុក បានលុប និងព្យាយាមបិទគណនីយរបស់លោក។ ក្រោយពីសារនោះត្រូវបានផ្សព្វផ្សាយភ្លាម ទំព័រព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល ហ្វ្រេសញូរ ក៏បានចេញផ្សាយព័ត៌មានថា ទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេ Hack ហើយ។ ដោយឡែកនៅក្នុងបទសម្ភាសន៍ដាច់ដោយឡែក ជាមួយនាយកប្រតិបត្តិសារព័ត៌មាន Fresh News កាលពីថ្ងៃទី ២៥ កុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាត់ចោលនូវព័ត៌មានបំពុលសង្គមមួយនេះ។
សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧កន្លងទៅ គណនីយហ្វេសបុកព័ត៌មាន ហ្រ្វេសញូ ដែលស្និទ្ធនិងរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់ត្រូវបានក្រុមឧក្រិដ្ឋជនព័ត៌មានវិទ្យា លួចចូលទៅគ្រប់គ្រង និងបានបង្ហោះសារថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានគេធ្វើឃាត។ ប៉ុន្តែភ្លាមៗនោះ Fresh News បានប្រកាសថា ហ្វេសប៊ុករបស់ខ្លួនត្រូវបានគេលួច Hack ចូល ហើយផ្សាយព័ត៌មានមិនពិត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ