លោក ហ៊ុន សែន បញ្ជាឱ្យវែករកឱ្យឃើញមុខមេខ្លោងគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក
ចុះផ្សាយនៅថ្ងៃ៖
នៅព្រឹកនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានចូលរួមចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជាច្រើននាក់នៅកោះពេជ្រ។ នៅចំពោះមុខក្រុមនិស្សិតទាំងនេះ លោកនាយករដ្ឋមន្រ្តី បានបញ្ជាឱ្យអាជ្ញាធរវែករកមុខឱ្យឃើញនូវមេខ្លោងជួញដូរគ្រឿងញឿននៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក។ តុលាការក្រុងភ្នំពេញ បានអះអាងថា នៅពេលនេះតុលាការកំពុងបន្តស៊ើបសួរលើសំណុំរឿងនេះហើយ។
ដោយហៅមជ្ឈមណ្ឌលកម្សាន្តរ៉ុកថាជា “កន្លែងចង្រៃ” លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានសម្តែងនូវក្តីរីករាយដែលអាជ្ញាធរកម្ពុជាបានបង្រ្កាបដោយជោគជ័យលើការប្រមូលផ្តុំនូវការជួញដូរ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងក្លិបកម្សាន្តកណ្តាលក្រុងភ្នំពេញមួយនេះ។ សម្រាប់លោកនាយករដ្ឋមន្រ្តី វាគឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលដែលមជ្ឈមណ្ឌលរ៉ុកបានក្លាយជាកន្លែងគ្រឿងញឿនដ៏ធំមួយនៅជិតសាកលវិទ្យាល័យ និងវិទ្យាល័យ ហើយជាកន្លែងបំផ្លាញក្តីសុខរបស់ប្រជាជនកម្ពុជា។
ហេតុដូច្នេះហើយ លោកប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រាប់ឱ្យក្រសួងមហាផ្ទៃបន្តចាត់វិធានការលើបញ្ហានេះ និងឱ្យតុលាការដំណើរការក្តីឱ្យបានម៉ឺងម៉ាត់ និងត្រូវដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ លោកបានបញ្ជាឱ្យរកឱ្យឃើញនូវមេខ្លោងនៃសំបុកគ្រឿងញៀនមួយនេះ។
គួរបញ្ជាក់ថា កងកម្លាំងនគរបាលរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី២២ កុម្ភៈកន្លងទៅ បានឆ្មក់ចូលទៅចាប់ឃាត់ខ្លួនមនុស្សប្រុស ស្រី ដែលភាគច្រើនជាយុវជនចំនួនជាង៣០០នាក់នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុកក្នុងនោះមានជនជាតិចិនចំនួន១៤នាក់។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតនូវសារធាតុញៀនប្រមាណ ៥០ គីឡូក្រាម និងកាំភ្លើងខ្លីមួយដើម។ នៅថ្ងៃបន្ទាប់ សមត្ថកិច្ចក៏បានសម្រេចបិទមជ្ឈមណ្ឌលរ៉ុក ដើម្បីផ្ដល់លទ្ធភាពឱ្យអាជ្ញាធរនិងតុលាការបន្តនីតិវិធីស្រាវជ្រាវរកប្រភពនៃការនាំចូលគ្រឿងញៀននិងក្រុមជនល្មើស។ ក្រោយពីឃាត់ខ្លួនសួរនាំប៉ុន្មានថ្ងៃ អាជ្ញាធរបានបញ្ចូនជនសង្ស័យចំនួន១៧នាក់ទៅកាន់តុលាការក្រុងភ្នំពេញ។
ប៉ុន្តែមកដល់ពេលនេះ តុលាការសាលាដំបូងរាជធានីភ្នំពេញមិនទាន់រកឃើញនូវមេខ្លោងពិតប្រាកដនៃបទល្មើសគ្រឿងញឿននៅក្នុងមជ្ឈមណ្ឌលរ៉ុកនេះនៅឡើយទេ។ លោកលី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ខ្លីតែប៉ុណ្ណេះថា តុលាការកំពុងបន្តចំណាត់ការស៊ើបសួរលើសំណុំរឿងនេះ។ ប៉ុន្តែកាលពីចុងខែកុម្ភៈកន្លងទៅ លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានចេញមកប្រកាសជាសាធារណៈថា ករណីគ្រឿងញៀននៅមជ្ឈមណ្ឌលរ៉ុកនេះ មិនជាប់ពាក់ព័ន្ធនឹងអ្នកឧកញ៉ា គិត ម៉េង អ្នកជំនួញដ៏ល្បីឈ្មោះមួយរូប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជានោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ