ម៉ូតូកង់បីផលិតនៅឥណ្ឌា១៧០គ្រឿង ត្រូវអាជ្ញាធរក្រុងភ្នំពេញឃាត់ទុកដើម្បីចុះបញ្ជីនិងកិបស្លាកលេខ
ចុះផ្សាយនៅថ្ងៃ៖
ចាប់តាំងពីថ្ងៃទី១០ខែវិច្ឆិកាមក អាជ្ញាធរមានសមត្ថកិច្ចក្រុងភ្នំពេញបានឃាត់ម៉ូតូកង់បីផលិតនៅប្រទេសឥណ្ឌា បានចំនួន១៧០គ្រឿង។ ជាម៉ូតូកង់បី ដែលកំពុងតែប្រកបអាជីវកម្មស៊ីឈ្នួលដឹកអ្នកដំណើរតាមដងផ្លូវនានាទូទាំងក្រុងភ្នំពេញ ដោយពុំបានចុះបញ្ជី និងពុំមានស្លាកលេខសម្គាល់ត្រឹមត្រូវ។ រហូតមកទល់ថ្ងៃអាទិត្យទី១២វិច្ឆិកានេះ មន្ទីរសាធារណការនិងដឹកជញ្ជូនក្រុងភ្នំពេញបានសម្រេចសហការជាមួយស្នងការក្រុង រៀបចំបែបបទចុះបញ្ជី និងធ្វើស្លាកលេខឲ្យម៉ូតូកង់បីទាំង១៧០គ្រឿង ដោយគ្មានការផាកពិន័យឡើយ។
នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃអាទិត្យទី១២វិច្ឆិកានេះក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការធ្វើចរាចរណ៍លើដងផ្លូវដោយប្រើប្រាស់យានយន្តគ្មានស្លាកលេខត្រឹមត្រូវ ម្ចាស់យានយន្តនឹងត្រូវប្រឈមមុខនឹងការផាកពិន័យចំនួន៣ម៉ឺនរៀល ស្របតាមច្បាប់ចរាចរណ៍ផ្លូវគោក។ ប៉ុន្តែសម្រាប់ម៉ូតូកង់៣ទាំងអស់ ដែលត្រូវបានសមត្ថកិច្ចឃាត់ទុកនាពេលនេះ នឹងមិនរងការផាកពិន័យឡើយ។
បន្ថែមពីលើនោះ លោក ជួន សុវណ្ណ បញ្ជាក់ទៀតថា មន្ដ្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូន សហការជាមួយស្នងការដ្ឋានក្រុងភ្នំពេញ នឹងរៀបចំធ្វើបែបបទចុះបញ្ជីធ្វើស្លាកលេខជូនម៉ូតូកង់៣ទាំងអស់ នៅឯស្នងការដ្ឋាននគរបាលក្រុងភ្នំពេញដោយផ្ទាល់ ចាប់ពីថ្ងៃអាទិត្យនេះតទៅ។ ការធ្វើស្លាកលេខនេះ មានតម្លៃ៤ម៉ឺនរៀល ខណៈការឆៀកយានយន្តមានតម្លៃ៧ពាន់រៀល។ ហើយគ្មានការយកសេវាក្រោមតុឡើយ។ ក្រៅពីនោះ សមត្ថកិច្ចក៏នឹងចែកជូនសៀវភៅច្បាប់ចរាចរណ៍ដល់ម្ចាស់ម៉ូតូកង់បីទាំងអស់ផងដែរ ដើម្បីឲ្យពួកគាត់សិក្សារៀនសូត្រ មុននឹងទៅប្រឡងយកប័ណ្ណបើកបរ។ នេះបើតាមការអះអាងរបស់លោកស្នងការ ជួន សុវណ្ណ។
សូមជម្រាបជូនថា រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមឃាត់ម៉ូតូកង់បី «ឡាំប្រឺតា» ដែលផលិតនៅប្រទេសឥណ្ឌានេះ តាំងពីថ្ងៃសុក្រ ដោយសារតែម៉ូតូកង់បីទាំងនោះ ធ្វើចរាចរណ៍លើដងផ្លូវដោយគ្មានស្លាកលេខសម្គាល់ត្រឹមត្រូវ។ ក្រោយការឃាត់ភ្លាមៗ ក្រុមម៉ូតូកង់បីបានប្រមូលផ្ដុំគ្នាតវ៉ា ដោយប្រតិកម្មថា អាជ្ញាធរចាត់វិធានការលើខ្លួនដោយគ្មានការជូនដំណឹងជាមុន។ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួននៅយប់ថ្ងៃទី១១វិច្ឆិកា ពន្យល់ថា រដ្ឋបាលរាជធានីភ្នំពេញ ពុំមានចេតនាបង្កការរំខានឬធ្វើឲ្យរាំងស្ទះ ដល់ការប្រកបអាជីវកម្មរបស់ម្ចាស់ម៉ូតូកង់បីទាំងអស់នេះទេ។ ការឃាត់ម៉ូតូកង់បីនេះ ធ្វើឡើងដើម្បីពង្រឹងការអនុវត្តច្បាប់តែប៉ុណ្ណោះ។ នេះបើតាមរដ្ឋបាលរាជធានីភ្នំពេញ។
គួរជម្រាបជូនថា ម៉ូតូកង់បី ផលិតនៅប្រទេសឥណ្ឌា មានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ២០១២មកម្ល៉េះ។ ប៉ុន្តែទើបតែនៅឆ្នាំ២០១៧នេះទេ ដែលគេសង្កេតឃើញថា មានការប្រើប្រាស់ម៉ូតូកង់បីប្រភេទនេះ ច្រើនជាងមុន។ មានហ្វ្រាំងជាន់ដូចឡាន អាចឈប់បានក្នុងរយៈចម្ងាយបីម៉ែត្រ ម៉ូតូកង់បីផលិតនៅឥណ្ឌានេះ អាចរត់បានដោយប្រើសាំងក៏បានហ្គាសក៏បាន ដោយមានល្បឿនមធ្យម៥៥គីឡូម៉ែត្រក្នុងមួយម៉ោង និងត្រូវដាក់លក់ក្នុងតម្លៃប្រមាណ៣ពាន់ដុល្លារសហរដ្ឋអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ