អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពិធី​បុណ្យ​​ភ្ជុំ​បិណ្ឌ ​ជួយ​​បង្កើន​​សកម្មភាព​​សេដ្ឋកិច្ច​

សំឡេង ០៤:៤៣
រដូវភ្ជុំបិណ្ឌ
រដូវភ្ជុំបិណ្ឌ RFI/ Siv Channa
ដោយ៖ អ៊ឹម រចនា

រដូវ​នេះ ​គឺជា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​។ នៅក្នុង​ឱកាស​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ ទៅ​ស្រុកកំណើត​របស់ខ្លួន ឬ​ទៅកាន់​រមនីយដ្ឋាន​នៅតាម​បណ្ដា​ខេត្ត​ទេសចរណ៍​មួយចំនួន។ ចលនា​នេះ បានធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់។

ផ្សាយពាណិជ្ជកម្ម

បុណ្យ​ភ្ជុំបិណ្ឌ​គឺជា​ពិធីបុណ្យ​ដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យធំៗដទៃទៀត នៃ​ព្រះ​រាជពិធី​ទ្វារ​ទស​មាស ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​ប្រតិបត្តិ​តាំងពី​បុរាណកាល​មកម្ល៉េះ។ ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ថ្ងៃ​កាន់បិណ្ឌ ពុទ្ធបរិស័ទ​ខ្មែរ ទាំង​ក្មេង​ទាំងចាស់ តែងតែ​ដាក់​វេន​គ្នា​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅតាម​ទីវ​ត្ត​អារាម។ ក្រៅពីនេះ ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ឱកាស​ដែល​សមាជិកគ្រួសារ​ទាំង​អស់ ត្រឡប់​ទៅ​ជួបជុំគ្នា​នៅ​ស្រុកកំណើត ដើម្បី​ជួបជុំ​ក្រុមគ្រួសារ​ញាតិមិត្ត កាត់បន្ថយ​ការ​នឹករលឹក និង​បំបាត់​ភាព​នឿយហត់​ពី​ការងារ។ និយាយ​តែ​នៅក្នុង​ប្រទេស​កម្ពុជា ក្រុមគ្រួសារ​ភាគច្រើន​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដោយ​ការធ្វើ​ចង្ហាន់​ទៅ​វត្ត​អារាម។ អ្នក​ខ្លះទៀត អបអរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដោយ​ការធ្វើដំណើរ​កម្សាន្ត​ទៅកាន់​បណ្ដា​ខេត្ត​ទេសចរណ៍សំខាន់ៗមួយចំនួន​នៅ​កម្ពុជា។ ចលនា​បំលាស់​ទី​របស់​មនុស្ស​ពី​រាជធានី​ភ្នំពេញ​ទៅតាម​បណ្ដា​ខេត្ត ឬ​ពី​ខេត្ត​មួយ​ទៅកាន់​ខេត្ត​មួយទៀត បាន​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ឲ្យ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់។

មែនទែនទៅ ជា​រៀងរាល់ឆ្នាំ បើទោះបី​ជាមាន​វិបត្តិ​សេដ្ឋកិច្ច​ឬ​គ្មាន​វិបត្តិ​សេដ្ឋកិច្ច ពលរដ្ឋ​ខ្មែរ​បាន​ចំណាយលុយ​រាប់រយ​រាប់ពាន់​ដុល្លារ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​យ៉ាង​អធិកអធម។ ឆ្នាំនេះ ស្រប​ពេលដែល​ស្ថានភាព​នយោបាយ​មាន​លក្ខណៈ​ធូរស្រាល​បន្តិច និង​ស្រប​ពេលដែល​តម្លៃ​ប្រេង​នៅ​កម្ពុជា​កំពុងតែ​ចុះថ្លៃ ការចំណាយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវគេ​រំពឹងថា នឹងមាន​បរិមាណ​ច្រើនជាង​មុន។

និយាយ​ពី​អ្នក​ដែល​ធ្វើដំណើរ​ត្រឡប់​ទៅ​ស្រុកកំណើត។ ចរាចរណ៍​សេដ្ឋកិច្ច​កើនឡើង​រាប់​តាំងពី​ការទិញ​ឥ​វ៉ាន់​ចំណីចំណុក​សម្រាប់​ផ្ញើ​សាច់ញាតិ​ក្រុមគ្រួសារ​នៅ​ស្រុក​កំណ​តើ រហូតដល់​ការចំណាយ​លើ​មធ្យោបាយ​ធ្វើដំណើរ។ នេះ​មិនទាន់​រាប់បញ្ចូល​ទាំង​ការចំណាយ​ទៅលើ​ម្ហូបអាហារ​ប្រគេន​ព្រះសង្ឃ និង​ការចំណាយ​ទៅលើ​ជីវភាព​ប្រចាំថ្ងៃ​ផ្សេង​ទៀតផង​ទេ។

ងាក​មក​ចាប់អារម្មណ៍​អ្នក​ដែល​ធ្វើដំណើរ​កម្សាន្ត​នៅតាម​បណ្ដា​ខេត្ត​នៅ​កម្ពុជា​នៅក្នុង​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ។ ការធ្វើដំណើរ​កម្សាន្ត​នេះ បាន​បង្កើត​ឲ្យ​មាន​តម្រូវការ​អាហារ ការ​ស្នាក់នៅ មធ្យោបាយ​ធ្វើដំណើរ និង​សេវាកម្ម​កម្សាន្ត​ផ្សេងទៀត។ ហើយ​ខេត្ត​ណា​ដែលមាន​អ្នកទេសចរ​ទៅ​កម្សាន្ត​ច្រើន ខេត្ត​នោះ​ហើយ​ដែលមាន​សកម្មភាព​ជំនួញ​កើត​ច្រើនឡើង​ដោយ​ស្វ័យប្រវត្តិ។ គឺ​ដូច​ការលើកឡើង​ដែលថា តម្រូវការ​មាននៅ​ទីណា ការផ្គត់ផ្គង់​កើតឡើង​នៅ​ទីនោះ​ដូច្នោះ​ដែរ។ ពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ទេសចរណ៍ អាច​ប្រក​បរបរ​ចិញ្ចឹមជីវិត​បាន​កាក់កប ក៏​អាស្រ័យទៅលើ​ភាព​មមាញឹក​នៃ​ចរាចរណ៍​របស់​អ្នក​ដែល​ទៅ​កម្សាន្ត​នៅ​ទី​នោះដែរ។

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មិន​ត្រឹមតែ​ជួយ​បង្កើន​សកម្មភាព​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​វា​ក៏បាន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ​ផងដែរ។ នៅក្នុងពេល​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត ឬ​តំបន់​ទេសចរណ៍​នានា ប្រជាពលរដ្ឋ​មួយចំនួន​បានចាប់ផ្ដើម​សម្លឹងមើល​ឱកាស​ក្នុង​ការទិញ​លក់​អចលនទ្រព្យ។ ការវិនិយោគ​នឹង​កើនឡើង​ផងដែរ ប្រសិនបើ​វិនិយោគិន​យល់​ពី​ការកើនឡើង​នៃ​តម្រូវការ​ផ្ទះសំនាក់ សណ្ឋាគារ និង​ភោជនីយដ្ឋាន នៅតាម​ខេត្ត​ទេសចរណ៍សំខាន់។

យ៉ាងណាក៏ដោយ ស្របពេល​នឹង​កំណើន​សកម្មភាព​សេដ្ឋកិច្ច​នៅ​អំឡុងពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ចំណុច​អវិជ្ជមាន​មួយចំនួន​ចាំបាច់​ត្រូវមាន​ការយកចិត្តទុកដាក់​ផងដែរ ជាពិសេស​ការឡើង​ថ្លៃ​នៃ​ទំនិញ និង​មធ្យោបាយ​ដឹកជញ្ជូន។

ចំពោះ​ទំនិញ គេ​ពិបាក​នឹង​គ្រប់គ្រង​ការឡើង​ចុះ​នៃ​តម្លៃ​ណាស់ ព្រោះ​បើកាលណា​តម្រូវ​ការកើនឡើង ប៉ុន្តែ​ការផ្គត់ផ្គង់​មាន​តិច ការឡើង​ថ្លៃ​គឺជា​រឿង​ធម្មតា​នៅក្នុង​ប្រទេស​ដែល​ប្រកាន់យក​របប​ទីផ្សារសេរី។ ដូចគ្នា​ដែរ​ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន។ រដ្ឋាភិបាល​កម្ពុជា តែងតែ​អំពាវនាវ​កុំ​ឲ្យ​មធ្យោបាយ​ដឹកជញ្ជូន​ឡើងថ្លៃ នៅ​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។ ប៉ុន្តែ​ការអំពាវនាវ​មិនមែនជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធិភាព​នោះឡើយ។

ដើម្បី​ដោះស្រាយ​បញ្ហា​មធ្យោបាយ​ដឹកជញ្ជូន​នេះ រដ្ឋាភិបាល​អាចបង្កើត​ខ្សែ​រថយន្តក្រុង​សាធារណៈ​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​បណ្ដា​ខេត្ត​នានា​ទូទាំងប្រទេស។ រថយន្តក្រុង​សាធារណៈ​នៅ​ទីក្រុង​ភ្នំពេញ បានទទួល​ជោគជ័យ និង​ការនិយម​ចូលចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​រួចទៅហើយ ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំកន្លះ​កន្លងទៅនេះ។ ផ្អែកលើ​បទពិសោធ​ជោគជ័យ​នេះ ការសិក្សា​រៀបចំ​រថយន្តក្រុង​ទៅកាន់​បណ្ដា​ខេត្ត បើទោះជា​ត្រូវការ​ពេលវេលា​ខ្លះ ប៉ុន្តែ​វា​មិនគួរ​ជា​រឿង​ពិបាក​ឡើយ។

សរុប​មកវិញ ចរាចរណ៍​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ស្រុកកំណើត​របស់ខ្លួន ឬ​ទៅកាន់​រមនីយដ្ឋាន​នៅតាម​បណ្ដា​ខេត្ត​នានា នៅក្នុង​រដូវ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ បានធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់។ នេះ​ជា​រឿង​ល្អ។ ប៉ុន្តែ​ដំណោះស្រាយ​ចំពោះ​ការ​ឆ្លៀតឱកាស​យកចំណេញ​ពី​សំណាក់​ឈ្មួញ​មួយចំនួន គួរតែ​ត្រូវបាន​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​នេះ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ