អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

«លោក ប៉ែន សុវណ្ណ» ជា​តួអង្គ​​សំខាន់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​ទំនើប?

សំឡេង ០៤:៣៩
លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋ​មន្ដ្រី​ទី​១ នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា
លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋ​មន្ដ្រី​ទី​១ នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា រូបភាព​ឯកសារ
ដោយ៖ អ៊ឹម រចនា

លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋ​មន្ដ្រី​ទី​១ នៃ​សម័យ​សាធារដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ទទួល​មរណភាព​ហើយ កាល​ពី​វេលា​ម៉ោង​៧​និង​១៧​នាទី យប់​ថ្ងៃ​សៅរ៍​ទី​២៩​តុលា ក្នុង​ជន្មាយុ​៨០​ឆ្នាំ​។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា លោក ប៉ែន សុវណ្ណ បានចូល​រួម​ក្នុង​​ចលនា​រំដោះ​ជាតិ​ជា​ច្រើន​សម័យ មុន​នឹង​ត្រូវ​បាន​លើក​បន្តុប​ជា​នាយក​រដ្ឋ​មន្ដ្រី​នៅ​ឆ្នាំ​១៩៨១​។ តើ​​ជីវិត​របស់​លោក ប៉ែន សុវណ្ណ មាន​ដំណើរ​យ៉ាង​ដូច​ម្ដេច​ខ្លះ?

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ កាន់​តំណែង​ជា​នាយករដ្ឋមន្ដ្រី​បានតែប្រមាណ៦ខែប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី២៧មិថុនា ដល់​ថ្ងៃ​ទី​២ធ្នូ១៩៨១។ លោកត្រូវបានចាប់ខ្លួនដោយជំនាញការវៀតណាម នៅថ្ងៃទី២ធ្នូឆ្នាំ១៩៨១ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅប្រទេសវៀតណាមអស់រយៈពេល១០ឆ្នាំនិង៥២ថ្ងៃ។

ក្នុង​សៀវភៅ សុបិន​និង​ការពិត លោក វ៉ាន់ឌី កាអុន បាន​សរសេរ​ថា ការ​ដក​ហូត​ដំណែង លោក ប៉ែន សុវណ្ណ គឺ​បណ្ដាល​មក​ពី​លោក​ប្រមាថ​ទីក្រុង​ហាណូយ​យ៉ាង​ខ្លាំង ដោយ​ចង់​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​ទីក្រុង​មូស្គូ ​រំលង​ទី​ក្រុង​ហាណូយ​។ និង​បណ្ដាល​មក​ពី លោក ប៉ែន សុវណ្ណ ប៉ុនប៉ង​រំដោះ​កម្ពុជា​ពី​ការ​គាប​សង្កត់​របស់​វៀតណាម ហើយ​ប្រឆាំង​នឹង​នយោបាយ​អន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា។ ​ប៉ុន្តែ​​សំខាន់​ជាង​នេះ ​ លោក​ប៉ែន សុវណ្ណ របូត​ពី​តំណែង ហើយ​ត្រូវ​គេ​ចាប់​ដាក់​គុក ក៏​ព្រោះ​តែ​លោក​ ដែល​ជា​អតីត​ខ្មែរ​វៀតមិញ ដណ្ដើម​តួនាទី​ដឹក​នាំ​របស់ក្រុម​ខ្មែរ​ក្រហមភូមិភាគ​បូព៌ា​ប្រឆាំង​នឹង​ប៉ុលពត ដែលគេ​ស្គាល់​ថា ជា​ក្រុម​លោក ជា ស៊ីម, ហេង សំរិន, និង ហ៊ុន សែន​។ គឺ​ទំនាស់​ប្រជែង​អំណាច​រវាង​ចរន្ត​ទាំង​ពីរ​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​វៀតណាម​បារម្ភ ហើយ​បង្ខំ​ចិត្ត​កម្ចាត់​ចោល​មួយ​។

កើត​នៅ​ថ្ងៃ​ទី​១៥​មេសា​១៩៣៦ នៅ​ក្នុង​ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​​ លោក ប៉ែន សុវណ្ណ ​បាន​ឆ្លង​កាត់​របប​នយោបាយ​ខ្មែរ​ជា​ច្រើន​ជំនាន់ ហើយ​បាន​ចូល​រួម​ចំណែកជា​បន្ត​បន្ទាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ទាំង​នោះ។

តាំង​ពី​​វ័យ​ត្រឹម​តែ​១៥​ឆ្នាំ កុមារា ប៉ែន សុវណ្ណ បាន​ចូល​ប្រឡូក​នៅ​ក្នុង​ចលនាខ្មែរ​ឥស្សរៈ​​ ដើម្បី​តស៊ូ​រំដោះ​ជាតិ​ចេញ​ពី​​អាណានិគម​បារាំង​​។ ក្រោយ​ចលនា​តស៊ូ​ប្រឆាំង​អាណានិគម​បារាំង​បញ្ចប់​នៅ​ឆ្នាំ​១៩៥៤ ប៉ែន សុវណ្ណ ត្រូវ​គេ​បញ្ជូន​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​វៀតណាម ផ្ដើម​ចេញ​ពី​វគ្គ​បណ្ដុះ​បណ្ដាល​នាយ​ទាហាន រហូត​បាន​​ចូល​សិក្សា​នៅ​វិទ្យាស្ថាន​ជាន់​ខ្ពស់​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​។ ​នៅ​ក្នុង​អំឡុង​ពេល​រស់​នៅ​និង​រៀន​សូត្រ​នៅ​ប្រទេស​វៀតណាម​នោះ​ហើយ ​លោក ប៉ែន សុវណ្ណ មាន​ភរិយា និង​មាន​បុត្រ​ចំនួន​៣​នាក់ ស្រី​២ ប្រុស​មួយ​។ មតិ​មួយ​ចំនួន​បញ្ជាក់​ថា ភរិយា​របស់​លោក ប៉ែន សុវណ្ណ ជា​ក្មួយ​ស្រី​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​វៀតណាម​។ ប៉ុន្តែ​នៅ​ក្នុង​សៀវភៅ​នាយករដ្ឋ​មន្ដ្រី​ខ្មែរ​ទាំង​៣៦​រូប​របស់​លោក ឆាយ សុផល លោក ប៉ែន សុវណ្ណ បាន​អះអាង​ថា ភរិយា​របស់​លោក​ឈ្មោះ​កញ្ញា គឺជា​ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម​។

លោក ប៉ែន សុវណ្ណ បាន​ត្រឡប់​មក​កម្ពុជា​វិញ ក្រោយ​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១៨​មីនា​១៩៧០ ដើម្បី​ចូល​រួម​ជាមួយ​អង្គការ​ចាត់តាំង​ខ្មែរ​ក្រហម ទទួល​បន្ទុក​ការងារ​ព័ត៌មាន​​ក្រោម​បង្គាប់​លោក អៀង សារី​។ ប៉ុន្តែដោយ​សារ​តែដឹង​ពី​គម្រោង​អាក្រក់​របស់​ថ្នាក់​ដឹក​នាំ​មក​លើ​ខ្លួន លោក ​ប៉ែន សុវណ្ណ បាន​រត់​ត្រឡប់​ប្រទេស​ទៅ​វៀតណាម​វិញ​នៅ​ឆ្នាំ​១៩៧៤។

ឆ្នាំ​១៩៧៨ ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ទៀត​នៅ​ក្នុងរបត់​​ជីវិត​លោក ប៉ែន សុវណ្ណ និង​នៅ​ក្នុង​របត់​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ជា​ពេល​ដែល​លោក​បាន​ជួប​ជាមួយក្រុម​ខ្មែរ​ក្រហម​នៅ​ភូមិ​ភាគ​បូព៌ាដែល​បះបោរ​ប្រឆាំង​នឹង ប៉ុល ពត ដឹក​នាំ​ដោយ ហេង សំរិន, ជា ស៊ីម, ហ៊ុន សែន​។ លោក​ប៉ែន សុវណ្ណ និង​ក្រុម​ខ្មែរ​ក្រហម​ភូមិ​ភាគ​បូព៌ា បាន​​បង្កើត​រណសិរ្យ​មួយ ឈ្មោះ​ថា រណសិរ្យ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា។ ទី​បំផុត រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​វៀតណាម ​បាន​វាយ​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​៧​មករា​១៩៧៩​។ លោក ប៉ែន សុវណ្ណ ត្រូវ​បាន​តែងតាំង​ជា​នាយរដ្ឋ​មន្ដ្រី​ទី​១ នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ថ្ងៃ​ទី​២៧​មិថុនា​១៩៨១ ប៉ុន្តែលោក​ត្រូវ​គេ​ដក​ហូត​ដំណែងនៅ​ចុង​ឆ្នាំ​១៩៨១​ ហើយ​បញ្ជូន​ទៅ​ឃុំ​ឃាំង​នៅ​ប្រទេស​វៀតណាម​​។

បន្ទាប់​ពី​ជាប់​គុក​ងងឹត​នៅ​ប្រទេស​វៀតណាម​អស់​​១០​ឆ្នាំនិង​៥២​ថ្ងៃ លោក ប៉ែន សុវណ្ណ ត្រូវ​បាន​ដោះ​លែង​​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​នៅថ្ងៃ​ទី​២៥​មករា​ឆ្នាំ​១៩៩២។ ​ដំបូង​ឡើយ​បាន​ត្រឡប់​ចូល​មក​បម្រើការ​នៅ​គណ​បក្ស​ប្រជាជន​កម្ពុជា​វិញ មុន​នឹង​ងាក​ទៅ​ចូល​រួម​ជាមួយគណបក្ស​ជាតិ​ខ្មែរ របស់​​លោក សម រង្ស៊ី។ ជា​បន្ត​បន្ទាប់ លោក ប៉ែន សុវណ្ណ បាន​ផ្លាស់​ប្ដូរ​ទ្រនំ បង្កើត​គណបក្ស​ទ្រទ្រង់​ជាតិ ដើម្បី​ដឹក​នាំ​ខ្លួន​ឯង និង​ចូល​រួម​ជាមួយគណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា​ នៅ​ឆ្នាំ​២០០៧។ មុន​ពេល​ទទួល​មរណភាព លោក ប៉ែន សុវណ្ណ ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ស្ពឺ។ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុបារាំង លោក ប៉ែន សុវណ្ណ ចាត់ទុកការជាប់ជាតំណាងរាស្ត្រនៅក្នុងអាណត្តិទី៥នេះ ថា​ជា​ពេល​វេលា​ចុង​ក្រោយ​នៃ​ជីវិតរបស់លោក ក្នុងការបម្រើជាតិមាតុភូមិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ