កម្ពុជា-ច្បាប់

សង្គមស៊ីវិល និងរដ្ឋាភិបាលថា ​ស្ថានភាព​ជនពិការ​នៅ​កម្ពុជា​ប្រសើរ​ឡើង​ដោយ​ការលើក​កម្ពស់

ថ្ងៃ​ទី​៣​ខែ​ធ្នូ​នេះ គឺ ជា​ទិវា​ជន​ពិការ​កម្ពុជា​លើក​ទី​១៩​ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៥​។ នៅ​កម្ពុជា ស្ថានភាព​ជន​ពិការ​ត្រូវបាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​រដ្ឋាភិបាលមើល​ឃើញ​ស្រដៀង​គ្នា​ថា ជនពិការ​ដែល​ពី​មុន​ប្រឈម​ការ​រើស​អើង ឥលូវ​ត្រូវ​បានជំនួស​មក​វិញ​ដោយ​ការ​លើក​កម្ពស់។

រូបតំណាងៈ ស្រ្តីជនពិការ
រូបតំណាងៈ ស្រ្តីជនពិការ @sabay
ផ្សាយពាណិជ្ជកម្ម

លោក ឯម ចន្ទមករា អ្នកនាំ​ពាក្យ​ក្រសួង​សង្គមកិច្ច​បាន​គូស​បញ្ជាក់ថា ការ​លើក​កម្ពស់​សិទ្ធិ​ជនពិការ​ដែល​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​នា​ពេល​នេះ​ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​តាម​រយៈ​ការ​ផ្ដល់​ឱកាស​ការងារ​ដល់​ជនពិការ​ចូល​បម្រើ​ការងារ​នៅ​ស្ថានប័ន​រដ្ឋ​ចំនួន​៤៣​ស្ថាប័នដែល​មាន​​ចំនួន​សរុប​ប្រមាណ​ជា​ជិត​៣០០០​នាក់ គិត​ត្រឹម​ឆ្នាំ​២០១៧​នេះ។​

ដោយឡែក​ចំពោះ​ជន​ពិការ​ក្រីក្រ​រស់​នៅ​តាមជន​បទ​ប្រមាណ​ជាង​៣០០០​នាក់ ទទួល​បាន​​នូវការ​ផ្ដល់​របប​គោលនយោ​បាយ​ពី​ក្រសួង​សង្គមកិច្ច។ ក្រៅ​ពី​នេះ​មាន​ជន​ពិការ​ប្រមាណ២ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ទទួល​បាន​សេវា​ស្តារ​លទ្ធភាព ពលកម្ម​កាយ​សម្បទា​សម្រាប់​ជនពិការ​ដោយ​ឥត​គិត​ថ្លៃ​តាមរយៈ​មូនិធិ​ជនពិការ។

បន្ថែម​លើ​នេះ​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៧នេះ ជន​ពិការ​ប្រមាណ​ជា​ជិត​២០០នាក់​បាន​បញ្ចប់​ការ​សិក្សា​វគ្គ​ខ្លី​លើ​ជំនាញ​ធ្វើ​ក្រចក ធ្វើ​សក់ និង​ជំនាញ​ជួស​ជុល​គ្រឿង​ម៉ាស៊ីន​ឡាន​ម៉ូតូ​ជា​ដើម។ ហើយ​រដ្ឋាភិបាល​ក៏​បានផ្ដល់​សេវាព្យាបាល​ជំងឺ​ដល់​ជន​ពិការ​ដោយ​ឥត​ថ្លៃ​ដែរ។

ចំណែក លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិ​របស់អង្គការ​ជន​ពិការ​កម្ពុជាមើលឃើ​ញ​ថា ស្ថានភាព​ជន​ពិការ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​ច្រើន ពាក់ព័ន្ធ​យន្ត​ការ​ច្បាប់​និង​ឱកា​ស​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល និង​វិស័យ​ឯកជន។ក្នុងន័យ​នេះ លោក ឯម ចន្ទមករា ជឿ​ជាក់​​ថា​ជន​ពិការ​មិន​ត្រូវ​បាន​គេ​រើស​អើង​ទៀត​ឡើយ​ ដោយ​ពួក​គេ​ត្រូវ​បាន​ក្លាយ​ជា​មនុស្ស​​សំខាន់​របស់​មហាជន​ទៅ​វិញ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​សម្រាប់​លោក​ ងិន សៅរ័ត្ន នៅ​តែ​មើល​ឃើញ​ថា ការ​រើសអើង​នៅ​តែ​កើត​មាន​ចំពោះ​ឱកាស​ការងារ​សម្រាប់​ជនពិការ នៅ​ខេត្ត។ ដូច្នេះ​លោក​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ជួយ​ផ្ដល់​របប​គោល​យោបាយ​ជាថវិកា​ដល់​ជន​ពិការ​ក្រីក្រ ​និង​ធ្ងន់ធ្ងរ​ឲ្យ​បាន​គ្រប់​២៤ខេត្ត​ទូទាំង​ប្រទេស ​ដែល​បច្ចុប្បន្នអនុវត្ត​ទើប​តែ​បាន​៦ខេត្ត។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា​មាន​ជន​ពិការ​ជាង​៥ម៉ឺន​នាក់​ដែល​តួលេខ​នេះ​រាប់​ចាប់​តាំង​​ពី​ឆ្នាំ២០០៨​ថយ​ក្រោយ។ បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​សង្គម​កិច្ច ក្រសួង​នឹង​ស្នើ​សុំគោលការណ៍​ពី​រដ្ឋាភិបាល​ដើម្បី​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ពាក្យ​ថា ជន​ដែល​មាន​ពិការ​ភាពដែល​សំដៅ​ទៅ​លើ​ជន​ពិការ​បាត់​បង់​សារពាង្គកាយ​ណាមួយ ដោយ​មិន​ចំពោះ​តែ​អង្គុយលើកៅ​អី​រុញ​ទើប​ចាត់​ទុក​ជា​ជន​ពិការ​នោះ​ទេ។​

ជាការ​កក់​សម្គាល់​នៅ​ក្នុង​ទិវាជន​ពិការ​នេះ​ដែរ ទាំង​ប្រមុខរដ្ឋាភិបាល​ក៏​ដូច​ជា​ព្រះ​មហា​ក្ស​ត្រ​កម្ពុជា បាន​អំពាវនាវ ដល់​ជន​រួមជាតិ​ឲ្យ​ជួយ​ផ្តល់​ការ​គាំទ្រ ដោយ​គ្មាន​ការ​រើស​អើង ចំពោះ​ជន​មាន​ពិការ​ភាព​ ដែល​ជា​ធនធាន​មិន​អាច​មើល​រំលង​បាន​ ក្នុង​ការ​ចូលរួមអភិ​វឌ្ឍ​​ន៍​​ប្រទេសជាតិ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI