កម្ពជា

លោកស្រី​រ៉ូ​ណា ស្មី​ត​​នឹង​​មក​​ពិនិត្យ​មើល​​ស្ថានភាព​​សិទ្ធិ​មនុស្ស​​កម្ពុជា​​ជា​ថ្មី​​រយៈពេល​១០​ថ្ងៃ​​នៅ​​សប្តាហ៍​​ក្រោយ​

លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា
លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា @Ministry of Environment

អ្នក​រាយ​ការ​ណ៏​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី​រ៉ូ​ណា ស្មី​ត​នឹង​មក​បំពេញ​ទស្សនកិច្ច​លើក​ទី៤របស់លោក​ស្រី​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី០៨ ដល់​ថ្ងៃទី១៨ ខែសីហា។ ដំណើរ​ទស្សនកិច្ច​ជាថ្មី​នេះ គឺ​ដើម្បី​ពិនិត្យមើល​សិទ្ធិ​កុមារ និង​ស្ថានភាព​សិទ្ធិមនុស្ស​ទូទៅ។ នេះ​បើតាម​ការជូនដំណឹងរ​បស់​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​នៅ​រសៀល​នេះ។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជាថ្មី​រយៈពេល១០ថ្ងៃនេះ លោកស្រី​រ៉ូ​ណា ស្មី​ត នឹង​ជួបប្រជុំ​ជាមួយ​ក្រុម​សមាជិក​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា តំណាង​សង្គម​ស៊ីវិល និង​សមាជិក​នៃ​សហគមន៍​ការទូត​នៅ​កម្ពុជា។ លោកស្រី រ៉ូ​ណា ស្មី​ត បាន​គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី​មកកាន់​ប្រទេស​កម្ពុជា​ជាថ្មី​នេះ គឺ​លោកស្រី​នឹង​ផ្តោតលើ​សិទ្ធិ​កុមារ​ដែលជា​ផ្នែក​មួយ​នៃ​ការងារ​របស់លោក​ស្រី​ដែល​កំពុង​ធ្វើ​លើ​វិស័យ​នៃ​ការរើសអើង​និង​ក្រុម​ដែល​ងាយ​រងគ្រោះ។ បន្ថែម​លើ​នេះ លោកស្រី​រ៉ូ​ណា ស្មី​ត ក៏មាន​បំណង​ស្វែងយល់​ជាពិសេស​អំពី​ការជួញដូរ និង​ការកេងប្រវ័ញ្ច​លើ​កុមារ​រួមទាំង​គោលជំហរ​ក្នុងការ​មើលថែ​កុមារ​ផងដែរ។

ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី​រ៉ូ​ណា ស្មី​ត​លើក​នេះ គឺ​ដើម្បី​ធ្វើ​របាយការណ៍​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​កម្ពុជា បង្ហាញ​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​នៅ​ខែកញ្ញា ឆ្នាំ២០១។

ជាការ​កត់សម្គាល់ គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​រ៉ូ​ណា ស្មី​ត​នេះ បានកើត​ឡើង បន្ទាប់ពី​តុលាការ​ខ្មែរ​បានសម្រេច​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​បួន​នាក់​របស់​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក និង​លោក​នី ចរិយា ដែលជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប)និង​បន្ទាប់ពី​សេចក្តី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដែល​ហាម​មិន​ឲ្យ​ទណ្ឌិត​មក​ពាក់ព័ន្ធ​នឹង​គណបក្សនយោបាយ​នៅ​កម្ពុជា​ទើបត្រូវ​បានប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុងពេលថ្មីៗនេះ។ ចំពោះ​បញ្ហា​នេះ គេ​មិនទាន់​ដឹងថា អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​រូបនេះ នឹង​លើក​ទៅ​និយាយ​ជាមួយ​ភាគី​រដ្ឋាភិបាល​កម្ពុជា​ឫ​ក៏​យ៉ាងណា​នោះទេ។

សូមបញ្ជាក់ថា លោកស្រី​រ៉ូ​ណា ស្មី​ត បាន​ចូលកាន់​តំណែង​ជា​អ្នក​រាយ​ការ​ណ៏​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​តាំងពី​ខែមីនា ឆ្នាំ២០១៥ ហើយ​ដំណើរ​ទស្សនកិច្ច​នៅ​សប្តាហ៍​ក្រោយនេះ គឺជា​លើក​ទី៤ហើយ​របស់​លោកស្រី។ ដំណើរ​ទស្ស​កិច្ច​ចុងក្រោយ​របស់លោក​ស្រី​រ៉ូ​ណា ស្មី​ត ដែលមាន​រយៈពេល១០ថ្ងៃ​ដូចគ្នា​នៅ​កម្ពុជា គឺ​បាន​ធ្វើឡើង​កាលពី​ខែតុលា​ឆ្នាំ២០១។ បើតាម​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី១៨ សីហា​ដែលជា​ថ្ងៃ​បញ្ចប់​ដំណើរ​ទស្សនកិច្ច លោកស្រី​រ៉ូ​ណា ស្មី​ត នឹងធ្វើ​ស​ន្និសារ​ព័ត៌មាន​មួយ​ស្តីពី​បេសកម្ម​រយៈពេល១០ថ្ងៃជា​ថ្មី​នៅ​កម្ពុជា​នេះ​នៅវេលា​ម៉ោង៣ រសៀល​នៅ​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI